ភ្នំពេញ៖ របាំព្រះរាជទ្រព្យបែបមុខសខ្មែរ រឿង “នាងវឌ្ឍនាទេវី” ដឹកនាំដោយ សម្ដេចព្រះរាម នរោត្តម បុប្ផាទេវី នឹងត្រូវលើកមកសម្ដែងជូនទស្សនិកជនទាំងអស់បានទស្សនា នៅដើមឆ្នាំ២០១៩នេះ នៅសាលសន្និសីទចតុមុខ។ ការសម្តែងនេះ ក៏ជាការំលឹកអនុស្សាវរីយ៍ឆ្នាំ១៩០៦ឲ្យត្រឡប់មកវិញផងដែរ ។
ទស្សនីយភាពដ៏កម្រនេះ មានគោលបំណងដើម្បីផ្ដល់ឱកាសដល់សាធារណជន និងជនបរទេស បានទស្សនាការសម្ដែង និងស្វែងយល់អំពី របាំព្រះរាជទ្រព្យខ្មែរ ដែលយកនូវបែបបទនៃចលនាក្បាច់រាំ សម្លៀកបំពាក់ និងការតុបតែងខ្លួនរបស់នាដកា តាមលំនាំឆ្នាំ១៩០៦ ។
នាដការបាំបុរាណជាច្រើននាក់ដែលមានមានទេពកោសល្យ និងជំនាញប៉ិនប្រសប់ ត្រូវបានរើសរៀបចំ និងធ្វើការហ្វឹកហាត់រួចជាស្រេចក្នុងការនាំយកទម្រង់សិល្បៈដ៏អស្ចារ្យ ព្រមទាំងនាំអនុស្សាវរីយ៍ឆ្នាំ ១៩០៦ ត្រលប់មកវិញ។ ការរៀបចំនេះ ប្រើពេលស្ទើរតែពេញមួយឆ្នាំ ដើម្បីប្រមូលគំនិត បង្កើតជាសាច់រឿងនិទាន និងក្បាច់រាំ ក្នុងការបង្ហាញដំណើររឿង “នាងវឌ្ឍនាទេវី” តាមរយៈទម្រង់សិល្បៈនៃរបាំព្រះរាជទ្រព្យ។
សម្ដេចព្រះរាម នរោត្តម បុប្ផាទេវី បានដឹកនាំនិងហ្វឹកហាត់អ្នករបាំ សម្រាប់ការសម្ដែងនេះដោយផ្ទាល់ ដើម្បីធ្វើឲ្យការសម្ដែង “នាងវឌ្ឍនាទេវី” ផ្ដល់ឲ្យទស្សនិកជន នូវបទពិសោធន៍ដ៏រំភើបអស្ចារ្យ ។ នេះបើតាមការបញ្ជាក់របស់លោកសាស្ត្រាចារ្យ ព្រឿង ឈាង ទីប្រឹក្សាក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ ។ លោកបញ្ជាក់ថា អ្នកទស្សនា នឹងមានអារម្មណ៍ថា ខ្លួនឯងកំពុងតែធ្វើដំណើរត្រលប់ទៅកាន់អតីតកាល ព្រមទាំងស្វែងយល់ពីពិភពនៃរឿងព្រេង ដែលទាក់ទងនឹងដើមកំណើតប្រជាជន និងវប្បធម៌ខ្មែរ។
គួរបញ្ជាក់ដែរថា ព្រឹត្តិការណ៍នេះ នឹងចាប់ផ្ដើម រយៈ ពេល២ថ្ងៃ គឺ ថ្ងៃទី១៨ និង ទី១៩ ខែមករា ២០១៩ នៅសាលមហោស្រពចតុមុខ វេលាម៉ោង ៦:៣០ នាទីល្ងាច។ ដោយឡែក ថ្ងៃសៅរ៍ ទី១៩ ខែមករា ឆ្នាំ ២០១៩ វេលាម៉ោង ៣:៣០ រសៀល (សម្រាប់ សិស្ស និស្សិត និងមនុស្សអាយុក្រោម២៥ឆ្នាំក្នុងតម្លៃសំបុត្រ២ម៉ឺនរៀល។
ចំពោះទីតាំងលក់សំបុត្រ លោកអ្នកអាចស្វែងរកនៅវិទ្យាស្ថានបារាំង នៅសាលមហោស្រពចតុមុខ ។អ្នកទិញសំបុត្រក៏នឹងមានការចាប់រង្វាន់សម្រាប់ដំណើរកម្សាន្តទៅកាន់ប្រទេសមីយ៉ាន់ម៉ាផងដែរ៕ វឌ្ឍនា