ព័ត៌មានទាន់ហេតុការណ៍៖

Smart Axiata ទទួលបានពានរង្វាន់ ប្រចាំឆ្នាំ ពី Frost & Sullivan

ចែករំលែក៖

ភ្នំពេញ៖ ៖ ក្រុមហ៊ុន Smart Axiata ត្រូវបានជ្រើសរើសដោយក្រុមហ៊ុនស្រាវជ្រាវទីផ្សារ Frost & Sullivan ជាក្រុមហ៊ុនផ្ដល់សេវាទូរស័ព្ទដៃចល័តប្រចាំឆ្នាំ និង ជាក្រុមហ៊ុនផ្តល់សេវាទិន្នន័យទូរស័ព្ទដៃចល័តប្រចាំឆ្នាំសម្រាប់ប្រតិបត្តិការហិរញ្ញវត្ថុដ៏ល្អឥតខ្ចោះ សមត្ថភាពបណ្តាញដ៏ទំនើប ការរស់នៅនិងការកម្សាន្តប្រកបដោយភាពច្នៃប្រឌិត ក៏ដូចជាការដឹកនាំទិន្នន័យទីផ្សារផងដែរ។

លោក Jonathan Yap អ្នកវិភាគស្រាវជ្រាវនិងបច្ចេកវិទ្យាព័ត៌មានវិទ្យានៅ Frost & Sullivan បានថ្លែងថា៖ “ក្នុងនាមជាអ្នកផ្តល់សេវាទូរគមនាគមន៍ឈានមុខគេនៅក្នុងប្រទេសកម្ពុជា Smart Axiata បានបង្ហាញជាថ្មីម្តងទៀត ថាខ្លួនជាអ្នកទទួលបានការពេញចិត្តបំផុតចំពោះតម្រូវការរបស់អតិថិជន។ ការយល់ដឹងថាល្បឿនទិន្នន័យចល័តនិងការគ្របដណ្តប់លើបណ្តាញ គឺជាកត្តាសំខាន់ដែលអ្នកប្រើប្រាស់ត្រូវការ Smart បានបង្កើន 4G របស់ខ្លួនយ៉ាងច្រើនក្នុងឆ្នាំ 2017 ហើយបានដាក់ចេញបច្ចេកវិទ្យា 4.5G ដើម្បីបំពេញតម្រូវការលើការប្រើប្រាស់ទិន្នន័យដ៏សន្ធឹកសន្ធាប់។ ការរីកចម្រើនទៅមុខជាបន្ដបន្ទាប់ ក្នុងការផ្តល់សេវារបស់ខ្លួន បានទាក់ទាញ អតិថិជនខាងផ្នែកទិន្នន័យទូរស័ព្ទដៃចល័តជាវិជ្ជមាន និងត្រូវបានយល់ឃើញថាជាអ្នកផ្តល់សេវាទិន្នន័យចល័តដ៏ល្អបំផុតនៅក្នុងប្រទេស។”

លោក Thomas Hundt នាយកប្រតិបត្ដិនៃក្រុមហ៊ុន Smart Axiata បានមានប្រសាសន៍ថា៖ “ការទទួលបានការទទួលស្គាល់បែបនេះពីក្រុមហ៊ុនស្រាវជ្រាវកំពូលមួយរបស់ពិភពលោក ពិតជាមោទនភាពសម្រាប់យើងទាំងអស់គ្នានៅក្រុមហ៊ុន Smart ។ បុគ្គលិកទាំងអស់របស់យើងបានព្យាយាមឥតឈប់ឈរ ដើម្បីបម្រើអតិថិជនជាទីស្រឡាញ់របស់យើង ដៃគូ និង ភាគីពាក់ព័ន្ធឲ្យបានល្អបំផុត និង ប្រកបដោយប្រសិទ្ធភាព តាមរយៈការផ្តល់នូវ ការរស់នៅដែលមានតំលៃសមរម្យ, ប្រកបដោយភាពច្នៃប្រឌិត សាមញ្ញ និង មានគុណភាពខ្ពស់។ យើងជឿជាក់ថា យើងនឹងបន្តការប្តេជ្ញាចិត្តប្រចាំថ្ងៃ និង ការសន្យារបស់យើង ក្នុងការធ្វើឲ្យជីវិតរបស់មនុស្សរាប់លាននាក់កាន់តែប្រសើរ ដើម្បីក្លាយទៅជាជើងឯកឌីជីថលរបស់កម្ពុជានៅឆ្នាំ 2020។ សមិទ្ធិផលថ្មីបំផុតនេះគឺជាពានរង្វាន់ចុងក្រោយបំផុតនៃបញ្ជីពានរង្វាន់ដ៏វែងដែល Smart បានឈ្នះក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយទទួលបានការទទួលស្គាល់នូវសេវាកម្មល្អឥតខ្ចោះ ការបំពេញការងារ និងការចូលរួមចំណែករបស់ជាតិនៅក្នុងប្រទេសកម្ពុជា។

ក្រុមហ៊ុន Smart ត្រូវបានគេអោយឈ្មោះថា ជាក្រុមហ៊ុនប្រតិបត្តិការទូរស័ព្ទដែលកំពុងរីកចម្រើនល្អជាងគេឆ្នាំ 2018 ដោយក្រុមហ៊ុន Telecom Asia ហើយបានទទួលពានរង្វាន់ក្រុមហ៊ុនទូរគមនាគមន៍ល្អបំផុតកម្ពុជានិងក្រុមហ៊ុនមានទំនួលខុសត្រូវសង្គមល្អបំផុតរបស់កម្ពុជា ពី Global Banking and Finance Review រយៈពេល 4 ឆ្នាំជាប់ៗគ្នា។ ក្រុមហ៊ុន Smart ក៏ត្រូវបានទទួលស្គាល់ជាមួយការផ្ដល់ជូនពានរង្វាន់មាសសម្រាប់ការអនុលោមតាមច្បាប់ដោយអគ្គនាយកដ្ឋានពន្ធដារកម្ពុជា ដោយទទួលបានការសរសើរថាក្រុមហ៊ុន Smart ជាក្រុមហ៊ុនទូរស័ព្ទចល័តដំបូងបង្អស់ដែលទទួលបានពានរង្វាន់នេះក្នុងការបំពេញកាតព្វកិច្ចពន្ធរបស់ខ្លួនក្រោមច្បាប់ប្រទេសកម្ពុជា។ ក្រុមហ៊ុន Smart ក៏ទទួលបានពានរង្វាន់ទីផ្សារអាស៊ីប៉ាស៊ីហ្វិកដោយ Frost & Sullivan នៅឆ្នាំ 2015 ហើយត្រូវបានគេដាក់ឈ្មោះថាជាក្រុមហ៊ុនផ្ដល់សេវាកម្មទូរស័ព្ទប្រចាំឆ្នាំនៅកម្ពុជាក្នុងឆ្នាំ 2016 និង 2017 ជាប់គ្នាពី Frost & Sullivan៕ វឌ្ឍនា


ចែករំលែក៖