កាលពីថ្ងៃទី២១ ខែធ្នូ អង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរី SOHR បានប្រកាសឲ្យដឹងថា ការវាយប្រហាររបស់សម្ពន្ធមិត្តដឹកនាំដោយអាមេរិក បានសម្លាប់ខ្មាន់កាំភ្លើង ក្រុម IS ១៣រូប និង សាច់ញាតិខ្មាន់កាំភ្លើង ១៣នាក់ទៀត នៅតំបន់ភាគខាងកើតស៊ីរី ។
នៅក្នុងសេចក្តីប្រកាស អគ្គនាយក SOHR លោក Rami Abdel Rahman បានបញ្ជាក់យ៉ាងច្បាស់ថាយ៉ាងហោចណាស់ ក៏មានមនុស្ស២៧នាក់ស្លាប់ នៅក្នុងការវាយប្រហារកាលពីថ្ងៃទី២១ ខែធ្នូ ក្នុងតំបន់ Al Shaafa ។ តាមការលើកឡើងរបស់លោក Rahman មានកុមារ៨នាក់ ក្នុងចំណោមពលរដ្ឋស្លូតត្រង់១៤នាក់ស្លាប់ ។
ក្រៅពីនេះ មានពលរដ្ឋជាច្រើនទៀត រងរបួសក្រោយការវាយប្រហារខាងលើ ។ ការវាយប្រហារតាមដែនអាកាសសម្តៅទៅលើទីតាំងរបស់ក្រុមភេរវកម្ម IS នៅតំបន់ Al Shaafa ដែលជាភូមិមួយក្នុងចំណោមពីរ ជាទីតាំងចុងក្រោយរបស់ក្រុមភេរវកម្ម។
ការវាយប្រហារខាងលើកើតឡើងក្រោយពេលដែល ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំបានសម្រេចដកទាហានអាមេរិកចេញពីស៊ីរី បង្កក្តីបារម្ភកាន់តែខ្លាំង ពីការក្រោកឡើងរបស់ក្រុមភេរវកម្ម IS បង្កើនការវាយប្រហារ សម្លាប់មនុស្សជាច្រើននាពេលខាងមុខ ៕