ភ្នំពេញ៖ កម្លាំងនគរបាលព្រហ្មទណ្ឌកំរឹតធ្ងន់ក្រុង នគរបាលខណ្ឌឬស្សីកែវ នគរបាលខណ្ឌចំការមន សហការគ្នាជាមួយកម្លាំងនគរបាលក្រសួងមហាផ្ទៃ ដោយមានការសម្របសម្រួលពីលោកលី សុផាន់ណា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានឃាត់ខ្លួនជនជាតិចិនចំនួន១៥នាក់ ពាក់ព័ន្ធករណីចាប់ជំរឹតជនជាតិចិនដូចគ្នា ។
ប្រតិបត្តិការបានធ្វើឡើងនៅម៉ោង១២៖៣០នាទីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅផ្លូវលេខ៣៥៥ចំណុចផ្សារ(ហ័រលាន)ច្រកចូលកាំកូស៊ីធី ភូមិពោងពាយ សង្កាត់ទួលសង្កែ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
ប្រភពពត៌មានពីសមត្ថកិច្ចនៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនឈានដល់ការឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនទាំង១៥នាក់នេះ កម្លាំងសមត្ថកិច្ចបានទទួលពាក្យបណ្ដឹងពីក្រុមគ្រួសារជាប្រពន្ធជនជាតិខ្មែរ តែជនរងគ្រោះជាប្ដីជនជាតិចិន ដែលត្រូវក្រុមជនសង្ស័យជនជាតិចិនដូចគ្នាបានចាប់ជំរឹត កាលពីប៉ុន្មានថ្ងៃមុននៅខណ្ឌពោធិ៍សែនជ័យ ទើបកម្លាំងសមត្ថកិច្ចបើកការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនជាតិចិនទាំង១៥នាក់នេះ។
ប្រភពព័ត៌មានដដែលបានបន្តទៀតថា ប្រតិបត្តិការណ៍នេះសមត្ថកិច្ចបានដកហូតបានរថយន្តលុចស៊ីស៥៧០ ពណ៌ស ១គ្រឿង ពាក់ស្លាកលេខភ្នំពេញ2AZ-1008 ដែលបុរសជាជនជាតិចិនម្នាក់កំពុងជិះតាមផ្លូវជិតកន្លែងកើតហេតុ ហើយត្រូវកម្លាំងសមត្ថកិច្ចដេញតាមចាប់បានភ្លាមៗសង្ស័យជាមេខ្លោងចាប់ជំរឹត និងទូរដែកចំនួន១ កាំភ្លើងបាញ់ហ្គាស១ដើម រួមនិងសំភារៈមួយចំនួន។
បន្ទាប់ពីកើតហេតុជនសង្ស័យជាជនជាតិចិនទាំង១៥នាក់នេះ ត្រូវបានកម្លាំងសមត្ថកិច្ចបញ្ចូនខ្លួនទៅក្រសួងមហាផ្ទៃ ដើម្បីសាកសួរ និងកសាងសុំណុំបញ្ជូនទៅតុលាការចាត់ការតាមនិតីវិធី៕ ជ្រោយពេជ្រ