រដ្ឋាភិបាលអាមេរិក ដែលបានប្រកាសបិទទ្វារកាលពីរាត្រីថ្ងៃសុក្រ សប្តាហ៍មុននោះ អាចបន្តការបិទទ្វារដោយផ្នែកខ្លះនេះ រហូតដល់ថ្ងៃទី៣ ខែមករា ឆ្នាំ២០១៩ ។
នាយបុគ្គលិករដ្ឋបាលដូណាល់ ត្រាំ លោក Mich Mulvaney បានថ្លែងដូច្នេះ ដោយសង្ឃឹមថា ខាងគណៈប្រជាធិបតេយ្យ បោះបង់គោលជំហររឹងត្អឹងពួកគេ គាំទ្រគម្រោងចំណាយមូលនិថិ៥ពាន់លានដុល្លាររបស់ប្រធានាធិបតី ដើម្បីសាងសង់ជញ្ជាំងព្រំដែន ។
ប៉ុន្តែទោះបីយ៉ាងណា សមាជិកព្រឹទ្ធសភាមួយរូបនៃគណបក្សប្រជាធិបតេយ្យបង្ហើបថា គណបក្សរបស់លោកប្រឆាំងដាច់ខាតគោលនយោបាយចំណាយថវិកាណាមួយដើម្បីសាងសង់របងព្រំដែននោះ ។
លោកដូណាល់ ត្រាំ កាលពីថ្ងៃអាទិត្យ បានថ្លែងនៅលើបណ្តាញសង្គមថា វិធីតែមួយគត់បញ្ឈប់គ្រឿងញៀន, ក្រុមជនពាល, ជួញដូរមនុស្ស និងក្រុមឧក្រិដ្ឋជនដទៃផ្សេងទៀតចូលមកទឹកដីអាមេរិកបាន គឺមានតែវិធីសាងសង់ជញ្ជាំង ឬរបាំងនៅតាមព្រំដែនប៉ុណ្ណោះ ។ ការប្រើប្រាស់យន្តហោះគ្មានមនុស្សបើក (Drones) និងឧបករណ៍ដទៃផ្សេងទៀត វាទំនើបមែនហើយ ប៉ុន្តែហួសសម័យកាល ជញ្ជាំងព្រំដែនប៉ុណ្ណោះ ដែលមានប្រសិទ្ធភាព ៕