ខេត្តកំពង់ឆ្នាំង: មានករណីក្មេង គប់កញ្ចក់រថយន្តតាមដងផ្លូវសាធារណ:នៅចំណុចមុខផ្សារថ្នល់ទទឹង ភូមិស្វាយក្រោម ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ស្ពឺ ធ្វើឲ្យ ប្រជាពលរដ្ឋរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានកាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៨ ចេញទៅបង្រ្កាបភ្លាមៗ ។
លោកវរសេនីយ៍ទោ នន ស៊ីណាត អធិការនគរបាលស្រុកកំពង់ត្រឡាច បានឲ្យដឹងថា បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋភ្លាម លោកបានបញ្ជាកម្លាំងជំនាញ និងប៉ុស្តិ៍រដ្ឋបាលតាជេស ចុះទៅដល់ កន្លែងកើតហេតុ និង បានឃាត់ខ្លួន ជនសង្ស័យ ជាក្មេងប្រុសសិស្សសាលាចំនួន៩នាក់(ជាអនីតិជន) នៅវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃដដែល និងបាននាំក្មេងប្រុសទាំងនោះ មកអធិការដ្ឋាន ដើម្បីសាកសួរ និងបានធ្វើតេស្តរកសារធាតុញៀន និងគ្រឿងស្រវឹង ជាលទ្ធផល គឺ ពុំមានទេ។ ក្រោយពេលសាកសួរក្មេងទាំង៩នាក់ បានសារភាពថា ខ្លួនពិតជាបាន គប់កញ្ចក់រថយន្តអ្នកដំណើរពិតប្រាកដមែន។
លោកបន្តថា រហូតមកដល់ថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០១៨ ដោយមានការធានាពីអាណាព្យាបាល លោកមេភូមិ និង មានការអនុញ្ញាតពី លោក ឧត្តសេនីយ៍ទោ ឡុច វណ្ណារ៉ា ស្នងការ និង លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង សមត្ថកិច្ចបានធ្វើការអប់រំក្មេងសិស្សសាលាទាំង៩នាក់ ចុះកិច្ចសន្យាឈប់ប្រព្រឹត្តបែបនេះទៀត និង អនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញរៀងៗខ្លួនអស់ហើយ ខណៈដែលគេដឹងថាការប្រព្រឹត្តរបស់ពួកគេមិនទាន់មានជនរងគ្រោះណាម្នាក់មកដាក់ពាក្យបណ្តឹងនៅឡើយទេ ព្រោះក្មេងទាំងនេះគប់កញ្ចក់រថយន្តខុសមិនទាន់ខូចកញ្ចក់រថយន្តណាមួយនៅឡើយនោះ៕ សហការី