ព័ត៌មានទាន់ហេតុការណ៍៖

ចាប់ក្មេងសិស្សសាលាគប់កញ្ចក់រថយន្ត៩នាក់យកទៅអប់រំ

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង: មានករណីក្មេង គប់កញ្ចក់រថយន្តតាមដងផ្លូវសាធារណ:នៅ​ចំណុចមុខផ្សារ​ថ្នល់ទទឹង ភូមិស្វាយក្រោម ឃុំតាជេស​ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ស្ពឺ ធ្វើឲ្យ ប្រជាពលរដ្ឋ​រាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានកាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ​២០១៨ ចេញទៅបង្រ្កាបភ្លាមៗ ។

លោកវរសេនីយ៍ទោ នន ស៊ីណាត អធិការនគរបាល​ស្រុកកំពង់ត្រឡាច បានឲ្យដឹងថា បន្ទាប់​ពីទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋភ្លាម លោកបានបញ្ជា​កម្លាំងជំនាញ និងប៉ុស្តិ៍​រដ្ឋបាលតាជេស ចុះទៅដល់ កន្លែងកើតហេតុ និង បានឃាត់ខ្លួន ជនសង្ស័យ ជាក្មេងប្រុស​សិស្សសាលា​ចំនួន​៩នាក់​(ជាអនីតិជន) នៅវេលាម៉ោង​៨និង៣០នាទីយប់ថ្ងៃដដែល និងបាននាំក្មេង​ប្រុសទាំងនោះ មកអធិការដ្ឋាន ដើម្បីសាកសួរ និងបានធ្វើតេស្តរកសារធាតុ​ញៀន និងគ្រឿងស្រវឹង ជាលទ្ធផល គឺ ពុំមានទេ​។ ក្រោយពេលសាកសួរក្មេងទាំង​​៩​នាក់ បានសារភាពថា ខ្លួនពិតជាបាន គប់កញ្ចក់រថយន្តអ្នកដំណើរពិតប្រាកដមែន​។

លោកបន្តថា រហូតមកដល់ថ្ងៃទី ២៣ ខែធ្នូ​ ឆ្នាំ ២០១៨ ដោយមានការធានាពី​អាណាព្យាបាល លោកមេភូមិ និង មានការអនុញ្ញាតពី លោក ឧត្តសេនីយ៍ទោ ឡុច វណ្ណារ៉ា ស្នងការ និង លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង ​សមត្ថកិច្ចបានធ្វើការអប់រំក្មេង​សិស្ស​សាលាទាំង៩នាក់ ចុះកិច្ចសន្យាឈប់ប្រព្រឹត្តបែបនេះទៀត និង អនុញ្ញាតឲ្យត្រឡប់ទៅផ្ទះ​វិញរៀងៗខ្លួនអស់ហើយ ខណៈដែលគេដឹងថាការប្រព្រឹត្តរបស់ពួកគេមិនទាន់មានជនរង​គ្រោះណាម្នាក់មកដាក់ពាក្យបណ្តឹងនៅឡើយទេ ព្រោះក្មេងទាំងនេះគប់កញ្ចក់រថយន្តខុស​មិនទាន់​ខូចកញ្ចក់រថយន្តណាមួយនៅឡើយនោះ៕ សហការី


ចែករំលែក៖