ខេត្តកណ្ដាល៖ រថយន្ដមួយគ្រឿង បើកដោយល្បឿនលឿន បានរេចង្កូត ជ្រុលទៅបុកម៉ូតូមួយគ្រឿង បើកច្រាស់ទិសគ្នា ពេញមួយទំហឹង បណ្ដាលឲ្យបុរសជាអ្នកបើកបរម៉ូតូស្លាប់យ៉ាងអាណោចអាធ័មនៅកន្លែងកើតហេតុ កាលពីវេលាម៉ោង១១និង៥៧នាទី ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨ លើកំណាត់ផ្លូវជាតិលេខ១ ត្រង់ចន្លោះគីឡូម៉ែត្រលេខ២៨-២៩ ស្ថិតក្នុងភូមិខ្សុំ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
មន្រ្ដីនគរបាលចរាចរណ៍ស្រុកកៀនស្វាយបានឲ្យដឹងថា រថយន្ដបង្កពុំស្គាល់ម៉ាក បើករត់គេចខ្លួនបាត់ស្រមោល ក្រោយមានហេតុការណ៍កើតឡើង ។ ចំណែកជនរងគ្រោះឈ្មោះ លី រតនៈ ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅភូមិអង្គរ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ (ស្លាប់បាត់បង់ជីវិត) បើកបរម៉ូតូម៉ាក SCOOPY-I ស៊េរីឆ្នាំ២០១៩ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HH-5996 ។
ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុសាក្សីបានឃើញរថយន្ដពុំស្គាល់ម៉ាកមួយគ្រឿង បើកបរតាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងទិសដៅពីអ្នកលឿងឆ្ពោះមកភ្នំពេញ ដោយល្បឿនលឿន លុះបើកមកដល់ចំណុចកើតហេតុ រថយន្ដខាងលើបានរេចង្កូតមកឆ្វេង ចូលក្នុងគន្លងផ្លូវរបស់យានយន្ដបើកច្រាស់គ្នា ក៏បានបុកម៉ូតូហុងដា SCOOPY-I មួយគ្រឿងពេញមួយទំហឹង បណ្ដាលឲ្យជនរងគ្រោះជាអ្នកបើកបរម៉ូតូដួលបោកទៅនឹងផ្លូវស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ រីអ្នកបើកបររថយន្ដបានបើករថយន្ដរបស់ខ្លួនគេចបាត់ស្រមោល ។
ក្រោយពីមានហេតុការណ៍កើតឡើង នគរបាលចរាចរណ៍ស្រុកកៀនស្វាយ បានចុះមកកន្លែងកើតហេតុ ត្រួតពិនិត្យ និងវាស់វែង យកម៉ូតូជនរងគ្រោះមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធី រីឯសាកសពជនរងគ្រោះត្រូវបាននគរបាលជំនាញប្រគល់ឲ្យក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ។
តាមការសន្និដ្ឋានរបស់នគរបាលជំនាញថា ករណីនេះបង្កឡើងដោយរថយន្តមិនស្គាល់ម៉ាក់ បើកបរធ្វេសប្រហែស ខ្ជីខ្ជារ ពុំប្រុងប្រយ័ត្ន បើករំលោភមកលើចំណែកផ្លូវនៃយានយន្តច្រាស់ទិសគ្នា ទើបបានជាបុកម៉ូតូជនរងគ្រោះបណ្ដាលឲ្យស្លាប់បែបនេះ ៕ ស្អាងជ័យ