ខេត្តកំពង់ចាម៖ ស្ត្រីវ័យ៤០ឆ្នាំម្នាក់ ត្រូវជនល្មោភកាមចាប់ដោះខោអាវ បម្រុងរំលោភ ខណៈស្ត្រីរងគ្រោះទៅដឹកក្របីទៅចងនៅក្រោយផ្ទះ តែសំណាងល្អរើបម្រាស់រួច រត់ទៅប្តឹងសមត្ថកិច្ច ឲ្យជួយធ្វើអន្តរាគមន៍ទាន់ ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៦ព្រលប់ ថ្ងៃចន្ទ ២ រោច ខែ មិគសិរ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨ លំនៅភូមិទួលសំបួរ ឃុំទួលសំបួរ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។
មន្តី្តនគរបាលប៉ុស្តិ៍រដ្ឋបាល ទួលសំបួរ បានឲ្យដឹងថា ស្ត្រីរងគ្រោះឈ្មោះ ឡ-ស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិទួលសំបួរ ឃុំទួលសំបួរ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
ស្រ្តីរងគ្រោះបានឲ្យដឹងថា នៅវេលាកើតហេតុខាងលើ ខ្លួនគាត់បានទៅដឹកក្របីទៅចងនៅក្រោយផ្ទះ ហើយពេលនោះស្រាប់តែឈ្មោះ ហ៊ាង ណាន ភេទប្រុសអាយុ៣៨ឆ្នាំ ជនជាតិខ្មែរទីលំនៅភូមិឃុំជាមួយគ្នាមិនដឹងមកពីណាបានស្ទុះចាប់ដៃគាត់ជាប់រួចដៃម្ខាងដោះខោអាវប្រុងគាត់បម្រុងចាប់រំលោភ តែគាត់បានស្រែកនិងប្រតាយប្រតប់ជាមួយជនសង្ស័យ គាប់ជួនមានបងប្អូននៅក្បែរនោះច្របាច់ពិលចំ ធ្វើឲ្យជនសង្ស័យភ័យក៏រត់គេចខ្លួនបាត់។
ស្រ្តរងគ្រោះបានឲ្យដឹងទៀតថា ក្រោយកើតហេតុគាត់បានទៅដាក់ពាក្យបណ្តឹងនៅ ប៉ុស្តិ៍នគរបាលរដ្ឋបាល ទួលសំបួរ ហើយកម្លាំងសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុធ្វើការពិនិត្យស្រាវជ្រាវ រហូតឈានការឃាត់ខ្លួនជនសង្ស័យបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ ដើម្បីសាកសួរនិងកសាងសំណុំរឿងតាមនីតិវិធីតែម្តងទៅ៕ សហការី