ព័ត៌មានទាន់ហេតុការណ៍៖

អ្នកសារព័ត៌មាន ស្លាប់នៅក្នុងឆ្នាំ​២០១៨កើនឡើងទ្វេដង ប្រៀបធៀបឆ្នាំ២០១៧

ចែករំលែក៖

តាមរបាយការណ៍ប្រចាំឆ្នាំរបស់គណៈកម្មការការពារអ្នកសារព័ត៌មាន CPJ ​ដែលមានទីតាំងនៅទីក្រុងញ៉ូវយ៉កអាមេរិក​​បានបញ្ជាក់ថា ចំនួនអ្នកសារព័ត៌មានរងការសម្លាប់ នៅក្នុងឆ្នាំ​២០១៨នេះ កើនឡើងទ្វេដង បើប្រៀបធៀបនឹងឆ្នាំ២០១៧ ។ ការស្លាប់របស់អ្នកសារព័ត៌មាន​ Jamal Khashoggi ​និងអ្នកសារព័ត៌មានស្រី នាង​ Viktoria Marinova ​បានធ្វើឲ្យកក្រើកពិភពលោក ទាំងមូលនៅក្នុងឆ្នាំ​២០១៨នេះ ​។

តាមរបាយការរណ៍បស់​ CPJ ​បានបង្ហាញឲ្យឃើញថា​ នៅក្នុងឆ្នាំ ២០១៨នេះ មានអ្នកសារព័ត៌មាន ជុំវិញពិភពលោកដល់ទៅ​៥៣នាក់​ស្លាប់ ពេលកំពុងបំពេញការងារ ក្នុងនោះមាន៣៤នាក់រងការធ្វើឃាត ។

ការសម្លាប់អ្នកសារព័ត៌មាន​ដែលទាក់ទាញ​ការចាប់អារម្មណ៍ខ្លាំងជាងគេបំផុតនៅក្នុងឆ្នាំ​២០១៨នេះ គឺកើតឡើងនៅខែតុលា ឆ្នាំ​២០១៨ ពេលនោះអ្នកសារព័ត៌មានជនជាតិ អារ៉ាប៊ី​ សាអូឌិត លោក​ Jamal Khashoggi ​ជាអ្នកឯកទេសវិភាគ​របស់សារព័ត៌មានវ៉ាស៊ីនតោនប៉ុស្តិ៍ រងការធ្វើឃាតនៅក្នុងស្ថានទូត​អារ៉ាប៊ីសាអូឌិត នៅក្នុងប្រទេសទួរគី កាលពីថ្ងៃទី​២ ខែតុលា ។

ការស្លាប់របស់​ Khashoggi ​បានធ្វើឲ្យទំនាក់ទំនង រវាងអារ៉ាប៊ី សាអូឌីត​ និងបណ្តាប្រទេសលោកខាងលិច ប្រឈមមុខតានតឹងដាក់គ្នា​ ដោយសារតែ ព្រះរាជ្យទាយាទ អារ៉ាប៊ី សាអូឌីត រងការចោទប្រកាន់​ ថា ជាអ្នកនៅពីក្រោយការសម្លាប់​អ្នកសារព័ត៌មាន​ដែលតែងតែមានអត្ថបទប្រឆាំងនឹងរាជរដ្ឋាភិបាល អារ៉ាប៊ីសាអូឌីត ។

នៅក្នុងខែតុលានោះដែរ​ សាកសពអ្នកសារព័ត៌មានស្រី នាង​ Viktoria Marinova ​អាយុ​៣០ឆ្នាំ​ត្រូវបានរកឃើញ នៅក្នុងសួនច្បារ​ស្ថិតនៅស្រុក​ Ruse ​ជាប់ព្រំដែន ប្រទេស Bulgaria ។​តាមលទ្ធផលនៃការធ្វើកោសល្យវិច័យ នាង Viktoria Marinova ​ស្លាប់ ដោយរងការរំលោភ​ផ្លូវភេទ និងប្រើហិង្សាពីជនទុច្ចរិត ​។

នាង Viktoria Marinova ជាអ្នកសារព័ត៌មានទីពីរ ដែលរងការសម្លាប់នៅលើទឹកដីអឺរ៉ុប ក្នុងរយៈពេល​១ឆ្នាំកន្លងមក ។

ក្រៅពីនេះ នៅមានអ្នកសារព័ត៌មានជាច្រើនទៀត បានស្លាប់ពេលបំពេញការងារនៅតំបន់ សង្គ្រាម ដូចជាប្រទេសស៊ីរី និងអ៊ីរ៉ាក់ ក៏ដូចជានៅក្នុងសង្គ្រាម ប្រឆាំងគ្រឿងញៀន ក្នុងប្រទេសហ្វីលីពីនជាដើម៕


ចែករំលែក៖