ព័ត៌មានទាន់ហេតុការណ៍៖

បង្រ្កាប​ម្ចាស់​សង្វៀន និងអ្នកបីសត្វមាន់ក្នុងដៃម្នាក់រួមទាំងម៉ូតូម្ភៃគ្រឿងនៅសង្កាត់ចំរើនផល

ចែករំលែក៖

ខេត្តពោធិ៍សាត់​៖ ដោយមានការសម្របសម្រួលពីដំណាងអាយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់លោក អធិការ និងអធិការរងនៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ដឹកនាំ​កម្លាំង​ជំនាញ​ក្រោមឱវ៉ាតបង្រ្កាបសង្វៀនបញ្ជល់មានមួយកន្លែង ឃាត់​ខ្លួន​មនុស្ស​ចំនួន ២នាក់​រួមទាំង​វត្ថុ​តាង និិងសម្ភារៈ និងម៉ូតូ​ចំនួន ២០គ្រឿងផងដែរ ចំណែក​អ្នកញៀនល្បែងនេះរត់បាតជើងសព្រាតហុយដីទ្រលោម។​

ប្រតិបត្តិការ​ខាងលើ​ធ្វើឡើង​នៅវេលា​ម៉ោង​២ និង៣០នាទី រសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ​២០១៨ ត្រង់ចំណុចផ្ទះរបស់ឈ្មោះ ថោង វឿន ភេទប្រុស អាយុ ៦៥ឆ្នាំ ជនជាតិខ្មែរ ស្ថិតក្នុង​ភូមិដូនអី សង្កាត់​ចំរើន​ផល ក្រុង.ខេត្តពោធិ៍សាត់​។​

លោក វរសេនីយ៍ឯក យឹម ស៊ាង​ហៃ អធិការ​នៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់បានឲ្យដឹងថា ក្នុងកិច្ចប្រត្តិបត្តការបង្រ្កាបអ្នកល្បែងជល់សត្វមាន់ខាងលើ កម្លាំង​បានឃាត់ខ្លួនម្ចាស់ផ្ទះ និងម្ចាស់សង្វៀនជល់សត្វមាន់ម្នាក់ឈ្មោះ ថោង វឿន ភេទប្រុស អាយុ​៦៥ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅ​ភូមិ.សង្កាត់​កើតហេតុ​ខាងលើ រួមទាំង​វត្ថុ​តាង និិងសម្ភារៈ​ផ្សេង​ៗក្នុងបុព្វហេតុជល់មាន់មួយចំនួន។​

លោក អធិការ​បន្ត​ថា ក្នុងនោះជាក់ស្ដែងកម្លាំងឃាត់បុរសម្នាក់ផ្សេងទៀតដោយមានវត្ថុតាងកំពុងបីសត្វមាន់គក ១ក្បាលឈ្មោះ មុត កំសត់ អាយុ ៤៤ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅ​ភូមិតាសាក់ ឃុំផ្ទះរុង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ រួមទាំង​ម៉ូតូ​ចំនួន ២០គ្រឿងផងដែរ​ខណៈ​ម្ចាស់​រត់​គេច​ចោលបាត់។​

លោក បន្ត​ទៀត​ថា ចំពោះជនសង្ស័យទាំង ២នាក់ម្ចាស់សង្វៀន និងបុរសកាន់វត្ថុតាង(មាន់)រួមទាំងវត្ថុតាង និិងសម្ភារៈ​ផ្សេង​ៗ និងម៉ូតូ​ចំនួន ២០គ្រឿងបាននាំ និងដឹកយកមកបន្តនីតិវិធី នៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់៕ ប៉ឹម ពិន


ចែករំលែក៖