ខេត្តស្វាយរៀង៖ មនុស្សប្រុស ស្រី៣នាក់ បានរងរបួសធ្ងន់ ស្រាល ដោយករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូបត់ឆ្វេងមិនប្រយត្ន័ ក៏ត្រូវម៉ូតូបញ្ច្រាសទិសគ្នាចាប់ហ្វ្រាំងមិនទាន់ ក៏បុកយ៉ាងពេញទំហឹងលាន់ដូចរន្ទះ បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិកាលពីវេលាម៉ោង៤ និង២០នាទីរសៀល ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ នៅលើផ្លូវជាតិលេខ០១ត្រង់ចំណុចគីឡូម៉ែត្រ លេខ១៥៨ និង១៥៩ ស្ថិតក្នុងភូមិត្រពាំងផ្លុង សង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង ។
តាមសមត្ថកិច្ចនគរបាលក្រុងបាវិតបានឲ្យដឹងថា ម៉ូតូដែលបង្កហេតុបត់ឆ្វេងខ្វះការប្រុងប្រយត្ន័ មានម្ចាស់ឈ្មោះ ឃឹម សុខា ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មររោងចក្ររស់នៅភូមិត្រពាំងងរុន ឃុំច្រេស ស្រុកចន្ទ្រា ខេត្តស្វាយរៀង និងអ្នករួមដំណើរម្នាក់ ត្រូវជាប្រពន្ធមាន ឈ្មោះ យ៉ាន់ មករា អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មការិនីរោងចក្រ ខណៈជិះម៉ូតូម៉ាកហុងដាC125 ស៊េរី ២០១៨ ពណ៌ ខ្មៅពាក់ស្លាកលេខស្វាយរៀង1L-6773ខូចខាតយ៉ាងដំណំ ។
ចំណែកភាគីរងគ្រោះមានឈ្មោះ កែវ ធន់ទិតភេទប្រុស អាយុ ២៣ឆ្នាំជនជាតិខ្មែរ មុខរបរធ្វើស្រែមានទីលំនៅភូមិត្រពាំងបុណ្យ ឃុំព្រគគីរ ស្រុកចន្រ្ទា ខេត្តស្វាយរៀង ។
ប្រភពបន្តថា មុនកើតហេតុមានប្ដីប្រពន្ធ២នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាC125 ស៊េរី ២០១៨ ពណ៌ ខ្មៅដោយធ្វើដំណើរផ្លូវជាតិលេខ០១ពីកើតមកលិចខណះនោះ ក៏បានបត់ឆ្វេងខ្វះប្រុងប្រយត្ន័ស្រាប់តែមានម៉ូតូមួយគ្រឿងទៀត
ម៉ាកហុងដា C125 (ស៊េរី២០១១) ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 1AY-1756 បើកបដោយបុរសម្នាក់ក្នុងទិសដៅពីលិចមកកើតបញ្ច្រាសគ្នាចាប់ហ្វ្រាំងមិនទាន់ ក៏បុកគ្នាយ៉ាងពេញទំហឹងដួលរណូករណែលពេញផ្លូវបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ និងរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានដឹកភាគីទាំងសងខាង មកព្យាបាលនៅមន្ទីរពេទ្យផាសុខភាព២បាវិត ។
ក្រោយមក សមត្ថកិច្ចនគរបាលបានវាស់វែង និងអូសវត្ថុតាងម៉ូតូទាំង២គ្រឿង ម៉ូតូមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងបាវិតដើម្បីបំពេញសំណុំរឿងតាមច្បាប់ ៕ យឹម សុថាន