អ៊ីរ៉ាក់ជាប្រទេសដែលមិនទាន់អាចធានាដល់សន្តិសុខ១០០ភាគរយនោះឡើយ ទាំងនោះហើយ ធ្វើឲ្យដំណើរទស្សកិច្ច របស់ប្រធានាធិបតីអាមេរិក ឬមន្ត្រីជាន់ខ្ពស់អាមេរិក ទៅកាន់ទីនោះ គឺមិនប្រកាសឲ្យដឹងជាមុននោះឡើយ នៅពេលទៅដល់ទើបមានការផ្សព្វផ្សាយ ។
ប្រភពព័ត៌មាន AP ផ្សាយនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨ នេះបញ្ជាក់ថា លោកដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក ដោយមិនបានប្រកាសជាសាធារណៈ បានធ្វើទស្សនកិច្ចទៅកាន់ប្រទេសអ៊ីរ៉ាក់ ។
ប្រភពបន្តថា លោកដូណាល់ ត្រាំ បានធ្វើដំណើរជាលើកដំបូងបំផុត និងមិនប្រកាសប្រាប់ឲ្យដឹងជាមុន ជាមួយកងកម្លាំងដែលធ្លាប់ធ្វើសមរភូមិនៅអ៊ីរ៉ាក់នោះ ទៅកាន់ទីកន្លែងដែលធ្លាប់មានផ្ទុះនូវអំពើចលចល និងវាយប្រហារគ្នារវាង់កម្លាំងរដ្ឋាភិបាល នឹងពួកឧទ្ទាម ។
ត្រាំ គ្មានគម្រោងដកទាហានពីអ៊ីរ៉ាក់ ខណៈមេជីវពលដ៏មានឥទ្ធិពលអំពាវនាវឲ្យដក
មេជីវពលដ៏មានឥទ្ធិពលនៅអ៊ីរ៉ាក់ដែលគាំទ្រពីអ៊ីរ៉ង់នោះបានគំរាមកំហែងឲ្យដកទាហានអាមេរិកចេញពីអ៊ីរ៉ាក់ ក្រោយដំណើរទស្សនកិច្ចមិនគ្រោងទុករបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ទៅកាន់ទីតាំងទាហានរបស់ខ្លួនដែលកំពុងឈរជើងនៅទីនោះ ។
Qais Khazali មេក្រុមជីវពល Asaib Ahl al-Haq បាននិយាយតាមបណ្តាញសង្គមថា សភាអ៊ីរ៉ាក់អាចនឹងបោះឆ្នោតបណ្តេញទាហានអាមេរិកពីអ៊ីរ៉ាក់ បើពុំដូច្នោះទេ កងជីវពលរបស់ពួកគេ ក៏ដូចក្រុមដទៃផ្សេងទៀតនឹងបោសសម្អាតពួកគេ ដោយគ្មានមធ្យោបាយណាក្រៅពីនេះ ។
លោកដូណាល់ ត្រាំ បានចំណាយពេល៣ម៉ោងតាមជើងហោះហើរទៅកាន់ភាគខាងលិចអ៊ីរ៉ាក់ ។ លោកមិនបានជួបមន្ត្រីជាន់ខ្ពស់ណាមួយនៃរដ្ឋាភិបាលអ៊ីរ៉ាក់ឡើយកាលពីថ្ងៃទី២៧ ខែធ្នូ ។
ក្នុងឱកាសនោះដែរ លោកដូណាល់ ត្រាំ បានថ្លែងថា លោកគ្មានគម្រោងដកទាហានចេញពីអ៊ីរ៉ាក់ ដូចដែលបានធ្វើនៅប្រទេសស៊ីរី និងអាហ្វហ្គានីស្ថាននោះឡើយ ។ លោកថា គោលបំណងរក្សាទុកនៅកណ្តាលបេះដូងតំបន់មជ្ឈិមបូព៌ានេះ គឺដើម្បីប្រឆាំងឥទ្ធិពលរបស់អ៊ីរ៉ង់ និងការពារមិនឲ្យក្រុមឧទ្ទាមរដ្ឋអិស្លាមពីអ៊ីរ៉ាក់ចូលទៅស៊ីរីផងដែរ ។
Khazali ជាអ្នកប្រឆាំងមួយរូបដ៏លេចធ្លោចំពោះវត្តមានអាមេរិកនៅក្នុងទឹកដីអ៊ីរ៉ាក់ ។ លោកជាមដឹកនាំក្រុមឧទ្ទាមនិកាយ ស៊ីអ៊ីដ ដែលប្រឆាំងការកាន់កាប់របស់អាមេរិក ។ លោកត្រូវបានចាប់ឃុំខ្លួនដោយទាហានអាមេរិក និងបង់គ្លេសនៅអ៊ីរ៉ាក់ពីឆ្នាំ២០០៧រហូតដល់ឆ្នាំ២០១០ ។
Asaib Ahl al-Haq មានតំណែងជាសមាជិកសភាអ៊ីរ៉ាក់ តាមរយៈសម្ព័ន្ធមិត្ត Binna ដែលជាក្រុមប្រឆាំងដ៏សំខាន់មួយ គ្រប់គ្រងសមាជិកសភាជាងពាក់កណ្តាលក្នុងស្ថាប័នតាក់តែងច្បាប់មួយនេះ៕