កាលពីថ្ងៃទី២៦ ខែធ្នូ តុលាការជាន់ខ្ពស់វេណេហ្ស៊ុយអេឡា TSJ បានប្រកាសសាលក្រម ដាក់ទោសមន្ត្រីយោធាជាន់ខ្ពស់ ៩រូបពីបទប៉ុនប៉ងផ្តួលរំលំប្រធានាធិបតិ នីកូឡាស ម៉ាឌូរ៉ូ កាលពីឆ្នាំ២០១៤ ។
ក្នុងចំណោមមន្ត្រីយោធាដែលរងការកាត់ទោស មាន ឧត្តមសេនីយ៍ឯក Oswaldo Hernandez និង អតីតប្រធានសោធននិវត្តន៍ លោក Jose Delgado និងមន្ត្រីទាហានថ្នាក់ក្រោម ៧នាក់ មកពី កម្លាំងទាហានជើងទឹក ជើងគោក និងជើងអាកាស ។ មន្ត្រីទាំងនោះ រងការចោទប្រកាន់ជំរុញឲ្យមានការបះបោរ បង្កអសន្តិសុខក្នុងសង្គម ប្រឆាំងរដ្ឋាភិបាល។ តុលាការជាន់ខ្ពស់បានសម្រេច រក្សាសាលក្រមរបស់តុលាការយោធា ដែលបានសម្រេចដាក់ពន្ធនាគារនាពេលកន្លងមក ។
ក្រុមអតីតមន្ត្រីទាហានដែលបានចាប់ឃុំខ្លួន ក្រោយពេល ខ្សែអាតសំឡេង បានបែកធ្លាយ ក្នុងអំឡុងពីខែមីនា ដល់ខែឧសភា ឆ្នាំ២០១៤ ។ តាមការចោទប្រកាន់ ក្រុមអតីតទាហានទាំងនោះ បានឡើងគម្រោង ដណ្តើមគ្រប់គ្រងទីតាំងយោធា និង ចាប់ខ្លួនប្រធានាធិបតី ម៉ាឌូរ៉ូ និងមន្ត្រីជាន់ខ្ពស់នៅក្នុងជួរដ្ឋាភិបាល។ ជាមួយគ្នានោះ ក្រុមយោធាខាងលើបានឡើងគម្រោង ធ្វើមហាបាតុកម្ម ដើម្បីជាហេតុផល ក្នុងការផ្តួលរំលំរដ្ឋាភិបាល ៕