ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទុះនៅក្នុងបន្ទប់ពិសោធន៍ នៅមហាវិទ្យាល័យ ក្នុងទីក្រុងប៉េកាំង និស្សិត​៣នាក់ស្លាប់

ចែករំលែក៖

និស្សិត ​៣នាក់ស្លាប់នៅក្នុងហេតុការណ៍ផ្ទុះក្នុងបន្ទប់ពិសោធន៍ នៅមហាវិទ្យាល័យ​ Beijing Jiaotong ​ក្នុងរដ្ឋធានី ប៉េកាំង​ ប្រទេសចិន ​។

សារព័ត៌មាន​ SCMP ​បានផ្សាយថា ហេតុការណ៍គ្រោះថ្នាក់ខាងលើ កើតឡើងនៅវេលាម៉ោង​៩និង ៣០នាទី​ព្រឹក នៅពេលដែលក្រុមនិស្សិតផ្នែកវិស្វករ​ បរិស្ថាន​ បានពិសោធន៍ ស្តីពីការដោះស្រាយ ប្រព័ន្ធទឹកកខ្វក់ ស្ថិតនៅក្នុងបន្ទប់ពិសោធន៍នៅភាគខាងកើតសាលារៀន ។

តាមការប្រកាសរបស់​ក្រុមជួយសង្គ្រោះ​ និងពន្លត់អគ្គិភ័យទីក្រុងប៉េកាំង បាន​បញ្ជាក់ថា​ «គ្រោះថ្នាក់ខាងលើ​បណ្តាលឲ្យ និស្សិត ៣នាក់ ស្លាប់ »។ មូលហេតុបណ្តាលឲ្យផ្ទុះ បន្ទប់ពិសសោធន៍នោះ កំពុងតែស្រាវជ្រាវ ។

ឃ្លីបវីដីអូ ដែលបានបង្ហោះ នៅលើបណ្តាញ សង្គម​បង្ហាញឲ្យឃើញថា ភ្លើងឆេះនិងផ្សែង អាចមើលឃើញពីចម្ងាយ ។ ក្រុមពន្លត់អគ្គិភ័យ​៨ក្រុម និងសម្ភារមានរថយន្តពន្លត់អគ្គិភ័យ ៣០គ្រឿង បានបញ្ជូនទៅកាន់ កន្លែងកើតហេតុ។

និស្សិតដែលសិក្សានៅសាលាខាងលើ បានឲ្យដឹងថា​ មានសំឡេងផ្ទុះខ្លាំងៗ នៅក្នុងបន្ទាប់ពិសោធន៍​ខាងលើ បន្ទាប់មកក៏មានភ្លើងផ្សែងលេចចេញពីកន្លែងពិសោធន៍នោះ ។

នៅក្នុងសេចក្តីប្រកាសរបស់ មហាវិទ្យាល័យ​ Beijing Jiaotong ​បានបញ្ជាក់ថា ក្រុមពន្លត់អគ្គិភ័យ​បានគ្រប់គ្រងស្ថានភាព ។ តំបន់ខាងលើ ត្រូវបាន បិទ ដើម្បីបើកការស្រាវជ្រាវ ៕


ចែករំលែក៖