ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋ ស្នើសុំអន្តរាគមន៍ពីសម្តេចតេជោ​និងសម្តេចក្រឡាហោម ករណីអភិបាលស្រុកស្ទឹងហាវ ដឹកនាំកម្លាំងចម្រុះ ចាប់គ្រឿងចក្រខុសដែនសមត្ថកិច្ចរបស់ខ្លួនគ្រប់គ្រង

ចែករំលែក៖

ខេត្តព្រះសីហនុ៖ លោក ឆាយ សុគន្ធដា អភិបាលនៃគណៈអភិបាលស្រុកស្ទឺងហាវ ខេត្តព្រះសីហនុ បាននិងកំពុងបំពេញតួនាទីភារកិច្ច​របស់ខ្លួន ផ្ទុយអំពីផ្លូវច្បាប់ ខណៈដឹកនាំកម្លាំងចម្រុះចុះទៅចាប់​គ្រឿងចក្ររបស់ប្រជាពលរដ្ឋ មិនមែនស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួនគ្រប់គ្រង ខណៈ​ខ្លួនជាអភិបាលស្រុកស្ទឺងហាវ ដឹកនាំកម្លាំងមកចាប់គ្រឿងចក្រប្រជាពលរដ្ឋ ជាច្រើនគ្រួសារនៅចំណុចភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ អនុវត្ត​ខុសពីដែនសមត្ថកិច្ចរបស់ខ្លួនគ្រប់គ្រងទាំងស្រុង។

ប្រជាពលរដ្ឋបានលើកឡើងថា៖ ពួកគាត់មានស្ថិតិ ការរស់នៅ ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្នុងនោះ​សូម្បីតែបញ្ហា លិខិតលក់ -ទិញ ឯកសារបែបបទរដ្ឋបាលណាមួយ ក៏ត្រូវឆ្លងកាត់​អាជ្ញាធរមូលដ្ឋានរបស់ពួកគាត់ ផ្ទុយទៅវិញ ហេតុអ្វី​ក៏លោកឆាយ សុគន្ធដា អភិបាល នៃគណៈអភិបាលស្រុកស្ទឹងហាវ​យកកម្លាំងចម្រុះជិត៤០នាក់មកចាប់គ្រឿងចក្រ​របស់គាត់ ខុសពីដែន​សមត្ថកិច្ចរបស់ខ្លួនគ្រប់គ្រងទៅវិញ?

នៅក្នុងពាក្យស្នើសុំ​អន្តរាគមន៍​ទៅសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលពួកគាត់បានប្តឹងពីឈ្មោះ ឆាយ សុគន្ធដា អភិបាល នៃគណៈអភិបាលស្រុកស្ទឺងហាវ បានរៀបរាប់យ៉ាងដូច្នេះថា៖ ពួកគាត់មានក្តី​រន្ធត់តក់ស្លុត យ៉ាងខ្លាំង​​ ដោយនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង១១និង៣០នាទីរហូតដល់ម៉ោង១៥ មានកម្លាំងចម្រុះចំនួន​ជាង៤០នាក់ ប្រដាប់ដោយអាវុធគ្រប់ដៃ ដឹកនាំដោយលោក ឆាយ សុគន្ធដា ជាអភិបាល នៃគណៈអភិបាលស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ បានចុះទៅរឹបអូសយកគ្រឿងចក្រ ប្រភេទ បូដូសឺ (អាបុល) មួយគ្រឿង ដែលបានរក្សាទុកនៅក្នុងរបងដីកម្មសិទ្ធិ របស់ពួកគាត់ស្ថិតនៅភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ និងបានគំរាមបាញ់ វាយខ្នោះ ប្រជាពលរដ្ឋជាច្រើនគ្រួសារ ដែលកំពុងរស់នៅស្របច្បាប់ចេញពីទីតាំងដីនោះទៀតផង ដោយគ្មានដីកា ឬលិខិតស្នាម បង្គាប់បញ្ជាពីស្ថាប័នតុលាការ ឬពីអភិបាលខេត្តឡើយ ខណៈប្រជាពលរដ្ឋមានការភ្ញាក់ផ្អើលចំពោះសកម្មភាពប្រៀបដូចជាការដឹកនាំកម្លាំង​ប្រយុទ្ធចូលវាយឆ្មក់ លើទីតាំងសត្រូវ លើសមរភូមិ ។ ប្រជាពលរដ្ឋបន្តថា៖ លោកអភិបាលស្រុករូបនេះ បានស្តែងចេញនូវ សកម្មភាពច្រងេងច្រងាង ប្រើប្រាស់ពាក្យសម្តីប្រមាថ យ៉ាងសាហាវឃោរឃៅ មកលើ​ប្រជាពលរដ្ឋស្លូតត្រង់ ដែល​ធ្វើ​ឲ្យបាត់បង់តម្លៃ សេចក្តីថ្លៃថ្នូរ វិជ្ជាជីវៈ ក្រមសីលធម៌​ជាមន្ត្រីរាជការ ជាអ្នកបម្រើរាស្ត្រដោយភាពស្មោះត្រង់ ដែលជាហេតុ​ ធ្វើឲ្យប្រជារាស្ត្របាត់ជំនឿ ។

ប្រជាពលរដ្ឋបានរៀបរាប់ក្នុង​ពាក្យស្នើសុំអន្តរាគមន៍ទៅសម្តេចតេជោហ៊ុន សែន និងសម្តេចក្រឡាហោម ស ខេងយ៉ាងដូច្នេះទៀតថា៖ ដោយមានការយល់ព្រម ពីលោកអភិបាលខេត្ត ពួកគាត់បានកែលម្អ តាមគម្រោងប្លង់មេ ដូចជា​ហេដ្ឋារចនាសម្ព័ន្ធគ្រប់ប្រភេទ និងបានធ្វើការអភិវឌ្ឍន៍ដីតំបន់នោះ ដែល​ពីមុនគ្មានមនុស្សរស់នៅ ឲ្យក្លាយជាដីលំនៅឋាន ដោយបានលះបង់កម្លាំងកាយ កម្លាំងចិត្ត និងចំណាយថវិកា​ផ្ទាល់ខ្លួនអស់យ៉ាងច្រើនសន្ធឹកសន្ធាប់ នៅលើដីកម្មសិទ្ធិរបស់ពួកគាត់ ដែល​មានប័ណ្ណសម្គាល់ សិទ្ធិកាន់កាប់អចលនវត្ថុ A1 0546/07-3-1997 A1 0546/07-3-1997 A1 0547 – 07-3-1997 A1 0548-07-3-1997 A1 0549 -07-3-1997 A1 0550-07-3-1997 A1 0508 -20-1-1997 មានទីតាំង​ស្ថិតនៅភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ និងដីកម្មសិទ្ធិរបស់ប្រជាពលរដ្ឋ ដែលទទួលបានគោល​នយោបាយដោះស្រាយកន្លងមក ។

ប្រជាពលរដ្ឋបានលើកឡើងថា ទង្វើរបស់អភិបាលស្រុកស្ទឹងហាវ បានរំលោភបំពានយ៉ាងធ្ងន់ធ្ងរ​លើច្បាប់ និងក្រមវិជ្ជាជីវៈ ជាមន្ត្រីរាជការបម្រើរាស្ត្រ ទី១ ជាការរំលោភបំពានធ្ងន់ធ្ងរ លើសមត្ថកិច្ច​ដែនដី ព្រោះទីតាំងដីកម្មសិទ្ធិរបស់ពួកគាត់ ស្ថិតនៅភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មិនមែនមានទីតាំង ស្ថិតក្នុងដែនដីរដ្ឋបាលស្រុកស្ទឹងហាវ​ ខេត្តព្រះសីហនុនោះទេ ទី២ ប្រព្រឹត្តល្មើសបទប្បញ្ញត្តិ​មាត្រ​៣៦៣ និងមាត្រា​៣៦៤ នៃក្រមព្រហ្មទណ្ឌ និងមាត្រា​២៦១ នៃច្បាប់ស្តីពីភូមិបាល ។ ដូច្នេះ ប្រជាពលរដ្ឋបានសំណុំពរ​ដល់សម្តេចតេជោហ៊ុន សែន និងសម្តេចក្រឡាហោម ស ខេង ចាត់វិធានការលើអភិបាលស្រុកស្ទឹងហាវ ពីព្រោះកំហុសដ៏ធ្ងន់ធ្ងរ របស់អភិបាលស្រុករូបនេះ មិនអាចអនុគ្រោះបានឡើយ ពួកគាត់តំណាង​ពលរដ្ឋ​សូមសំណូមពរសម្តេចតេជោហ៊ុន សែន និងសម្តេចក្រឡាហោម ស ខេង មេត្តាមានវិធានការ​ដាក់វិន័យ​ឲ្យបានធ្ងន់ធ្ងរចំពោះលោក ឆាយ សុគន្ធដា អភិបាលស្រុកស្ទឹងហាវ ឲ្យបានស័ក្តិសមនឹងទោសកំហុសរបស់គាត់ ។

ពាក់ព័ន្ធនឹងករណីខាងលើនេះ អង្គភាពនគរវត្ត​មិនអាចទាក់ទងសុំការបំភ្លឺបានទេ​ពីលោក ឆាយ សុគន្ធដា អភិបាលស្រុកស្ទឹងហាវ នៅល្ងាចថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨ ដោយគ្មានលេខទូរស័ព្ទ ។ ដោយឡែក លោក យ៉ន់ មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុទូរស័ព្ទ​នៅក្រៅតំបន់សេវា ៕ សុខ ខេមរា


ចែករំលែក៖