ព័ត៌មានទាន់ហេតុការណ៍៖

លោក អូស្មាន ហាស្សាន់៖ ជំរុញឲ្យ មានការសាមគ្គីភាពផ្ទៃក្នុង និងបង្កើនសមាជិកថ្មីនៅខណ្ឌឬស្សីកែវ ដើម្បីភាពខ្លាំងរបស់គណបក្សប្រជាជនកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ ដើម្បីគណបក្សប្រជាជនកម្ពុជានៅតែបន្តភាពខ្លាំង មានប្រជាប្រិយភាព និងទទួលបានជ័យជម្នះថ្មីៗបន្តទៀត លុះត្រាតែមានកត្តាសាមគ្គីភាពផ្ទៃក្នុងជាធ្លុងមួយរវាងសមាជិកចាស់ និងបង្កើនសមាជិកថ្មីប្រកបដោយភារភាព និងសហការល្អ បន្តជំរុញការគាំទ្រដោយឥតងាករេ ចំពោះការដឹកនាំដ៏ល្អរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលជាប្រធានគណបក្ស។ នេះជាការលើកឡើងរបស់ លោក ទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារចុះជួយខណ្ឌឫស្សីកែវ ក្នុងឱកាស នៃពិធីផ្សព្វផ្សាយខ្លឹមសារមហាសន្និបាត គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជាលើកទី៤១ អាណត្តិទី៥ ដែលបានប្រព្រឹត្តិទៅរយៈពេល ៣ថ្ងៃ កាលពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨ ជូនដល់សមាជិក សមាជិកា គណបក្សខណ្ឌឫស្សីកែវប្រមាណជិត ១ពាន់នាក់ កាលពីរសៀល ថ្ងៃព្រហស្បតិ៏ ៥រោចខែមិគសិរ ឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ត្រូវនិងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨ នៅមជ្ឈមណ្ឌលម៉ូឌែន៥ឬស្សីកែវ ។

មានប្រសាសន៍ទៅកាន់ថ្នាក់ដឹកនាំបក្សមូលដ្ឋាន សមាជិក សមាជិកា តំណាងគណបក្សប្រជាជនទូទាំងខណ្ឌ លោកប្រធានក្រុមការងារ ក៏បានក្រើនរំលឹកឲ្យបង្កើនការលើកកំពស់ប្រសិទ្ធភាពការផ្តល់សេវាសាធារណៈជូនប្រជាជន ដូចជាវិស័យអប់រំ សុខាភិបាល សាធារណៈការ និងវិស័យផ្សេងៗទៀតគឺសុទ្ធតែជាភារកិច្ចចាំបាច់ ហេតុនេះរឿងដំណោះ ស្រាយគោល នយោបាយល្អៗផ្សេងៗគឺជារឿងមួយ ចំណែកសេវាកម្មសាធារណៈ គឺត្រូវធ្វើឡើងដោយគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ប្រកបដោយប្រសិទ្ធភាព ទំនួលខុសត្រូវខ្ពស់បន្ថែមទៀត និងរហ័សទាន់ចិត្ត តាមពិតវាមិនមែនជាគោលនយោបាយដែលផ្តល់ជូនប្រជាជននោះទេ តែវាជាកាតព្វកិច្ចរបស់យើង និងរបស់បក្សយើង ដើម្បីជាតិយើងតែម្តង។

លោកបានបន្ដថា៖ ព្រឹត្តិការប្រវត្តិសាស្រ្តសំខាន់ៗ នៅចុងឆ្នាំ២០១៨ និងដើមឆ្នាំ២០១៩នេះ កម្ពុជាបាននិង ត្រៀមរៀបចំព្រឹត្តិការណ៍ចំនួនបីសំខាន់ៗគឺ កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៨ កន្លងទៅ រាជរដ្ឋាភិបាលបានរៀបចំការរំលឹកខួបអនុស្សាវរីយ៍លើកទី៤០ នៃបង្កើតចលនារណសិរ្ស២ធ្នូ នៅស្រុកស្នួល ខេត្តក្រចេះ។ នៅថ្ងៃទី២៩,៣០ និង៣១ ខែធ្នូ ឆ្នាំ២០១៨ នឹងរៀបចំពិធី សម្ពោធវិមានឈ្នះ ឈ្នះ ស្ថិតក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដើម្បីជាការអបអរសាទរ ខួប ២០ឆ្នាំ នៃការអនុវត្តដ៏ជោគជ័យ នូវនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី និងអ្វីដែលកាន់តែពិសេសទៅទៀតនោះ គឺយើងបានត្រៀមរៀបចំមិទ្ទិញដ៏ធំមួយនៅ ពហុកីឡដ្ឋានជាតិអូឡាំពិក ដើម្បីរំលឹកខួបអនុស្សាវរីយ៍នៃជ័យជម្នះ ៧ មករា ១៩៧៩ – ៧ មករា ២០១៩ ក្នុងការវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ហើយបានខិតខំក្នុងការការពារ និងកសាងប្រទេសជាតិពីគំនរផេះផង់ ឲ្យមានការអភិវឌ្ឍដូចសព្វថ្ងៃនេះ ៕ សំរិត


ចែករំលែក៖