រថយន្តក្រុងដឹកភ្ញៀវទេសចរណ៍មួយគ្រឿង បានរងការវាយប្រហារគ្រាប់បែក ពីសំណាក់ក្រុមភេរវកម្មស្ថិតនៅចម្ងាយប្រហែល៤គីឡូម៉ែត្រពីតំបន់ Gasa ប្រទេសអេហ្ស៊ីប កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨ ។
ហេតុការណ៍វាយប្រហារនេះ បណ្តាលឲ្យភ្ញៀវទេសចរណ៍វៀតណាម៣នាក់ និងអ្នកមគ្គុទេសក៍ទេសចរណ៍អេហ្ស៊ីបម្នាក់ស្លាប់ និង១១នាក់ផ្សេងទៀតរងរបួស ។
មួយឆ្នាំកន្លងមកហើយ នៅក្នុងប្រទេសអេហ្ស៊ីប មិនធ្លាប់មានការវាយប្រហារភេរវកម្មទៅលើភ្ញៀវទេសចរណ៍បែបនេះឡើយ ។ វិស័យទេសចរណ៍នៅក្នុងប្រទេសនេះត្រូវគេដឹងថា បាននិងកំពុងមានសន្ទុះងើបឡើងវិញ ជួយជ្រោងសេដ្ឋកិច្ចប្រទេសឲ្យមានភាពរីកចម្រើន ក្រោយពីវិស័យមួយនេះធ្លាក់ដាំក្បាលចុះក្រោយការបះបោរឆ្នាំ២០១១ ។
ក្រុមរដ្ឋអិស្លាមជ្រុលនិយម និងបណ្តាញភេរវកម្មដទៃផ្សេងទៀត នាគ្រាកន្លងមក ការវាយប្រហាររបស់ពួកគេនៅអេហ្ស៊ីប តែងតែគោលដៅទៅលើអ្នកទេសចរណ៍បរទេស ប៉ុន្តែការបំផ្ទុះគ្រាប់បែកនៅគ្រានេះ គឺមិនទាន់មានក្រុមណាមួយទទួលស្គាល់ឡើយ។
ក្នុងចំណោមអ្នករងរបួស មានអ្នកទេសចរណ៍វៀតណាម៩នាក់ និងអ្នកបើកបរម្នាក់ជាជនជាតិអេហ្ស៊ីប ។ ក្រសួងមហាផ្ទៃអេហ្ស៊ីបប្រកាសថា ឧបករណ៍គ្រឿងផ្ទុះលាក់ទុកនៅជញ្ជាំងរបងនៅផ្លូវ Marioutiya ហើយផ្ទុះទៅលើរថយន្តក្រុងនេះនៅវេលាម៉ោង១៨និង១៥នាទី ម៉ោងនៅក្នុងតំបន់ ។
មន្ត្រីក្នុងតំបន់ និយាយប្រាប់ទូរទស្សន៍ Extra News TV ថា “រថយន្ដក្រុងនេះបានវង្វេងទិសចេញពីផ្លូវដែលត្រូវបានធានាដោយកងកម្លាំងសន្តិសុខ” ។
ដំបូងក្រសួងមហាផ្ទៃនិយាយថា មានតែភ្ញៀវទេសចរណ៍២នាក់ស្លាប់ ប៉ុន្តែក្រោយមក អ្នកទេសចរម្នាក់ទៀតស្លាប់ ធ្វើឲ្យជនរងគ្រោះបាត់បង់ជីវិតកើន៤នាក់ ។ ភ្ញៀវទេសចរណ៍ជនជាតិវៀតណាមទាំង១៤នាក់ធ្វើដំណើរតាមរថយន្តទេសចរណ៍ដែលរងការវាយប្រហារនេះ ។
ប៉ូលិស ទាហានអេហ្ស៊ីបបានធ្វើយុទ្ធនាការប្រឆាំងក្រុមឧទទាមកាលពីដើមឆ្នាំមកម្ល៉េះ គោលដៅទៅលើឧបទ្វីប Sinai និងតំបន់ភាគខាងត្បូង និងព្រំដែនជាមួយលីប៊ី ។
រដ្ឋាភិបាលបានចាត់ទុកការប្រយុទ្ធជាមួយក្រុមរដ្ឋអិស្លាម គឺជារឿងអាទិភាពដែលត្រូវតែធ្វើ ដើម្បីស្ដារស្ថេរភាពប្រទេសអេហ្ស៊ីប ក្រោយភាពចលាចលកើតឡើងដោយសារបាតុកម្ម “និទាឃរដូវអារ៉ាប់” ឆ្នាំ 2011នោះ ។
ការវាយប្រហារចុងក្រោយទៅលើអ្នកទេសចរបរទេស នៅអេហ្ស៊ីបគឺនៅខែកក្កដាឆ្នាំ 2017 ធ្វើឲ្យ ជនជាតិអាល្លឺម៉ង់ពីរនាក់ ស្លាប់ដោយការចាក់សម្លាប់នៅក្នុងរមណីយដ្ឋានសមុទ្រក្រហមទីក្រុង Hurghada ៕