ព័ត៌មានទាន់ហេតុការណ៍៖

ខាត់ វៃហាំង បានពានតារាសម្តែងឆ្នើមប្រចាំឆ្នាំ២០១៨

ចែករំលែក៖

ភ្នំពេញ៖ តារាសម្តែងប្រុសក្នុងភាពយន្តខ្នាតធំរបស់ផលិតកម្មមហាហង្សរឿង អនុស្សាវរីយ៍ចូលឆ្នាំ គឺលោកខាត់ វៃហាំង ទទួលបានពានតារាសម្តែងឆ្នើមប្រចាំឆ្នាំ២០១៨ព្រឹត្តិការណ៍ភាពយន្តប្រចាំឆ្នាំ២០១៨លើកទីបីដែលបង្កើតឡើងដោយភាពយន្តលេជេន។ ការប្រកាសនេះត្រូវបានធ្វើឡើងក្នុងកម្មវិធីខាងលើកាលពីរាត្រីថ្ងៃទី២៨ខែធ្នូនេះ បន្ទាប់ពីការដាក់ឲ្យមហាជនចូលរួមបោះឆ្នោតតាមគេហទំព័ររយៈពេលមួយសប្តាហ៍រួចមក។

ភាពយន្តរឿង អនុស្សាវរីយ៍ចូលឆ្នាំ ត្រូវបានសហការផលិតដោយផលិតកម្មមហាហង្ស និងផលិតកម្មមួយមកពីប្រទេសថៃ និងមានការសម្តែងរួមគ្នារវាងតារាសម្តែងបីប្រទេសគឺកម្ពុជា ថៃ និងឡាវ។ ខាត់ វៃហាំងដែលបានសម្តែងជាតួឯកប្រុសកម្ពុជាក្នុងរឿងនេះទទួលបានសំឡេងសាជាច្រើនលើសអស់តារាប្រុសស្រីជាច្រើនរូបផ្សេងទៀតដែលសម្តែងក្នុងភាពយន្តឆ្នើមទាំង១០ដែលជ្រើសរើសដាក់ឲ្យប្រកួតក្នុងព្រឹត្តិការណ៍ភាពយន្តប្រចាំឆ្នាំ២០១៨លើកទីបីនេះ។លោកថាការខិតខំប្រឹងប្រែងអស់ពីលទ្ធភាពកន្លងមកគឺពិតជាធ្វើឲ្យលោកទទួលបានជោគជ័យ និងកិត្តិយសនៅពេលនេះ ហើយក៏បានកើតឡើងពីការចូលរួមជួយជំរុញបង្ហាត់បង្ហាញរបស់ផលិតករ សិល្បករជើងចាស់ និងពីអ្នកគាំទ្រ។ តារារូបនេះថ្លែងដោយភាពរំភើបថាជាមោទនភាពសម្រាប់ការងារជាអាជីពសម្តែង។ លោកពិតជាអរគុណសម្រាប់អ្នកគាំទ្រដែលបានចូលរួមបោះឆ្នោតរហូតលោកមានឱកាសកាន់ពានមួយនេះបាន។

ក្នុងព្រឹត្តិការណ៍នេះមានតារាសម្តែងក្នុងភាពយន្តជាច្រើនត្រូវបានដាក់ឲ្យបោះឆ្នោតមានដូចជាកញ្ញា គង់ ស្រីមុំ ក្នុងរឿង កូនអើយម្តាយខ្មោច កញ្ញា ហេង ចន្ថា ក្នុងរឿង “បន្តោងឆ្នាំដី លោក ខាត់ វៃហាំង ក្នុងរឿង អនុស្សាវរីយថ្ងៃចូលឆ្នាំ កញ្ញា សុខ សោម៉ាវត្តី ក្នុងរឿង​ កូនក្រក កញ្ញា យក់ ឋិតរដ្ឋា ក្នុងរឿង​ ចិញ្ចៀនខ្មោច កញ្ញា សាឡាត់ ស្រីឡាង ក្នុងរឿង “ទីងមោង និងកញ្ញា ថន ថាណែត ក្នុងរឿង ចងពា ។

គួរបញ្ជាក់ដែរថាព្រឹត្តិការណ៍ភាពយន្តប្រចាំឆ្នាំ២០១៨ (Movie of The Year 2018) នេះ នឹងត្រូវប្រារព្ធឡើងនៅថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ២០១៨ នៅរោងភាពយន្តលេជេន អេដិន ក្នុងបរិវេណផ្សារទំនើបអេដិន ហ្គាដិនម៉ល (Eden Garden Mall) ។ កម្មវិធីនេះ នឹងមានការចូលរួមពី សំណាក់សិល្បករ ផលិតករ ប្រមាណជាង៣០០នាក់។ ក្រៅពីការបង្កើតបរិយាកាសក្នុងការទំនាក់ទំនងរវាង អ្នកពាក់ព័ន្ធនៅក្នុង វិស័យភាពយន្តនៅកម្ពុជា រោងភាពយន្តលេជេនក៏មានគោលបំណងដ៏ធំមួយ ក្នុងការចូលរួមលើកកម្ពស់ និងផ្សព្វផ្សាយវិស័យខ្សែភាពយន្តនៅកម្ពុជាផងដែរ៕ វឌ្ឍនា


ចែករំលែក៖