ខេត្តក្រចេះ៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលអធិការរដ្ឋានស្រុកចិត្របុរី ឃាត់ខ្លួននៅ ថ្ងៃអង្គារ ១០ រោច ខែមិគសិរ ឆ្នាំចសំរឹទ្ធិស័ក ព. ស ២៥៦២ត្រូវនឹងថ្ងៃទី១ ខែមករា ឆ្នាំ២០១៩ ពីបទប្រើអំពើហិង្សាក្នុងគ្រួសារ វាយប្រពន្ធរហូតបណ្តាលឲ្យដល់ស្លាប់នៅលើផ្ទះ ។
ហេតុការណ៍បង្កហិង្សាបានកើតឡើងនៅវេលាម៉ោង ២០.០០នាទីថ្ងៃអាទិត្យ ៨ រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព. ស ២៥៦២ត្រូវនឹងថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៨នៅចំណុចច្រប់ ភូមិវាលសំបូរ ឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យត្រូវជាប្តីមានឈ្មោះ ស៊ន ឡា អាយុ៥២ឆ្នាំ ជាតិខ្មែរ រីឯស្ត្រីរងគ្រោះត្រូវជាប្រពន្ធមានឈ្មោះ សុខ ឌឿ អាយុ៤៩ឆ្នាំ ជាតិខ្មែរ រស់នៅចំណុច ភូមិ ឃុំកើតហេតុខាងលើ ។
ប្រភពបន្តថា អ្នកទាំងពីរជាមនុស្សផឹកស្រវឹងខួប ទាស់ពាក្យសំដីរហូតបង្ករជាអំពើហិង្សានៅថ្ងៃ កើតហេតុខាងលើជនសង្សយ័បានវាយប្រពន្ធចំនួនពីរដៃ ចំកញ្ចឹងករ ដួលផ្កាប់មុខទៅលើថ្មចង្ក្រានបាយ បណ្ដាលអោយបែកមាត់បាក់ធ្មេញ និងរយះថ្ងាស់របួសធ្ងន់ធ្ងរ ។
រួចហើយបុរសជាប្តីក៏បានលើកប្រពន្ធយកទៅដាក់កន្លែងដេក លុះដល់ម៉ោង ០១.០០នាទីរំលងអាធ្រាតឈានចូលថ្ងៃចន្ទ ៩ រោច ខែមិគសិរ ឆ្នាំចសំរឹទ្ធិស័ក ព. ស ២៥៦២ត្រូវនឹងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ស្រាប់តែឃើញដេកស្លាប់នៅលើផ្ទះបាត់ទៅហើយតែម្ដង ។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះទៅពិនិត្យសពស្ត្រីរងគ្រោះរួចបានប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ផងដែរ ។
ជនសង្ស័យត្រូវសមត្ថកិច្ចឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការរដ្ឋាននគរបាលស្រុកចិត្របុរីកសាងសំណុំរឿងបញ្ជូនទៅការិយាល័យកណ្ដាលនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះចាត់ការបន្តទៅសាលាដំបូងខេត្ត៕ ជីវន្ត័