ព័ត៌មានទាន់ហេតុការណ៍៖

ស្ដ្រីម្នាក់សំរាលកូនស្លាប់នៅមន្ទីរពេទ្យបង្អែកស្រុកអន្លង់វែង ប្ដីដើរប្ដឹងសមត្ថកិច្ចសុំឲ្យជួយរកយុត្តិធម៌ និង​ទាមទារ ជំងឺចិត្ត១ម៉ឺន៥ពាន់ដុល្លារ

ចែករំលែក៖

ខេត្តឧត្ដរមានជ័យ៖ នៅថ្ងៃទី២ ខែមករា ឆ្នាំ២០១៩នេះ បុរស​ម្នាក់ ដែលត្រូវបានគេដឹងថា ជាប្ដីរបស់​ស្រ្ដីដែលបាន សំរាលកូនស្លាប់នៅមន្ទីរពេទ្យបង្អែក ស្រុកអន្លង់វែង កាលពីយប់ថ្ងៃទី១ ខែមករា ឆ្នាំ២០១៩ កន្លងទៅថ្មីៗនេះ​ បាន ទៅដាក់ពាក្យបណ្ដឹងនៅអធិការដ្ឋាន នគបាលស្រុកអន្លង់វែង ឲ្យជួយរកយុត្តិធម៌ និងទាមទារសងជំងឺចិត្ត​ មួយម៉ឺនប្រាំពាន់ដុល្លា(១៥.០០០$)។

បុរសជាប្ដី​របស់ ស្រ្ដីរងគ្រោះ ដែលបានដើរដាក់ពាក្យបណ្ដឹងឲ្យសមត្ថកិច្ចជួយរកយុត្តិធម៌ ឈ្មោះ ហេង ខេង អាយុ37ឆ្នាំ រស់នៅភូមិថ្មី ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រសាទ ខេត្តឧត្ដរមានជ័យ​ រីឯ ជនរងគ្រោះជាស្ដ្រីសំរាលកូន ដែលបានស្លាប់ ឈ្មោះ​ ឃឿម សុធា​ អាយុ28ឆ្នាំ​។

បុរសជាប្ដីបានឲ្យដឹងថា ប្រពន្ធរបស់គាត់ឈឺពោះគ្រប់ខែដឹកមកសំរាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកអន្លង់វែង​នៅភូមិអូជញ្ជៀន ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ​ នៅវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី៣១ ខែធ្នូ​ ឆ្នាំ២០១៨ រហូតដល់វេលាម៉ោង១រំលងអធ្រាត្រ បានសំរាលកូនរួច ធ្លាក់ឈាមរហូតដល់ម៉ោង3និង30នាទី​រំលងអធ្រាត្រ ឈានចូលថ្ងៃទី១ ខែមករា ឆ្នាំ២០១៩ ក៏បានបាត់បង់ជីវិត​ នៅរស់តែទារក ដែលទើបនឹងកើត។

បុរសជាប្ដីបានបញ្ជាក់បន្ថែមថា​ ក្រោយប្រពន្ធរបស់គាត់សំរាកកូនរួច និងមានអការធ្លាក់ឈាមខ្លាំង បែរជាក្រុមគ្រូរពេទ្យ មិនបានបញ្ជូនសង្គ្រោះបន្ទាន់ទៅខេត្តសៀមរាបទេ ដែលរូបគាត់ជាប្ដីសុំឲ្យបញ្ជូនសង្គ្រោះបន្ទាន់ទៅពេទ្យបង្អែកខេត្តសៀមរាប​ ដោយក្រុមគ្រូពេទ្យឆ្លើយថា អត់មានរថយន្ដសង្គ្រោះបន្ទាន់​ ទេ រួចទុកអ្នកជំងឺ ឲ្យហូរឈាមឡើងខ្សោះរយៈពេលបីម៉ោង ទើបអ្នកជំងឺបានដាច់ខ្យល់ស្លាប់តែម្ដង ។

បុរសជាប្ដីបានដាក់ពាក្យបណ្ដឹងនៅអធិការដ្ឋាននគបាលស្រុកអន្លង់វែងដើម្បីឲ្យសមត្ថកិច្ចជួយរកយុត្តិធម៌ និងឲ្យពេទ្យបង្អែកស្រុកអន្លង់វែងសងជំងឺចិត្ត១ម៉ឺន៥ពាន់ដុល្លារ(១៥០០០$)។

លោក ឃ្លោ ហួត ប្រធានមន្ទីរសុខាភិបាលខេត្តឧត្ដរមានជ័យ បានឲ្យដឹងតាមទូរសព្ទ័ថា ខាងការិល័យស្រុកអន្លង់វែង បានផ្ដល់ព័ត៌មានតាំងតែពីយប់ថ្ងៃកើតហេតុ ការដែលសម្រាលកូន ខាងក្រុមគ្រូពេទ្យបានសំរាលតាមបច្ចេកទេស តែលក្ខណៈធម្មជាតិមួយ ការកន្ត្រាក់របស់ស្បូនវាខ្សោយ ក្រុមគ្រូពេទ្យខិតខំជួយអស់ពីលទ្ធភាព ទាំងការឃាត់ឈាម និងថ្នាំកន្រ្តាក់ដៃស្បូន។ លោកបានបញ្ជាក់បន្ដថា​ វាជាភាពចៃដន្យ ព្រោះជំងឺនេះ វាបានកើតមានក្នុងចំណោមស្រ្ដី១០ម៉ឺននាក់ វាត្រូវស្លាប់អស់១៧៤នាក់ កាលពីឆ្នាំមុន វាបានកើតមានចំនួន៩ករណី រីឯឆ្នាំនេះ វាក៏បានកើតមាន៩ករណីដូចគ្នា។

លោក ឃ្លោ ហួត បញ្ជាក់បន្ថែមថា លោកគ្មានសមត្ថភាពឯណាទៅសងជំងឺចិត្តដល់រាប់ម៉ឺនដុល្លារទេ ព្រោះជាការបំរើសេវាសាធារណៈ ។

នៅពេលជនរងគ្រោះស្លាប់ក្រុមគ្រូពេទ្យក៏បានដឹកជញ្ជូនសាកសពដល់ផ្ទះជូនក្រុមគ្រួរយកទៅធ្វើបុណ្យទៅតាមប្រពៃណី៕ ប៉ែន​នួន

 


ចែករំលែក៖