ភ្នំពេញ ៖ បុរសម្នាក់បើកម៉ូតូទៅបុកដើមឈើ បណ្ដាលឲ្យបែកក្បាលស្លាប់ ក្រោយពីបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត។
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើង កាលពីម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃព្រហស្បតិ៍ ទី ៣ ខែមករា ឆ្នាំ ២០១៩ នៅតាមបណ្ដោយផ្លូវលេខ២៩៤ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
សពជនរងគ្រោះមានឈ្មោះ លី ចានី អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មេការសំណង់ អាសយដ្ឋានបច្ចុប្បន្នផ្ទះលេខ ៤២១ បេអឺ០ ផ្លូវលេខ ១២៨ ភូមិ៨ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ប្រភពពត៌មានពីបុរសម្នាក់ជាសន្តិសុខបានឲ្យដឹងថា មុនពេលកើតហេតុ គាត់ឃើញបុរសម្នាក់បើកម៉ូតូ ម៉ាកហុងដា CB ពណ៌ ខ្មៅ លាយស បើកយ៉ាងលឿនតាមបណ្តោយផ្លូវលេខ ២៩៤ ក្នុងទិសដៅពីកើតទៅលិច ខណៈ មកដល់ចំណុចកើតហេតុបានរេចង្កូតជ្រុលទៅបុកដើមលឿងរាជ បណ្ដាលឲ្យរងរបួសធ្ងន់ ស្រាប់តែពេលនោះក៏មានអ្នករត់តុកៗ ពីទៅបីនាក់ចូលមកបំរុងយកការបូបលុយ តែត្រូវបានបងសន្តិសុខហាមឃាត់មិនឲ្យយក ហើយពួក នោះក៏បានវ៉ៃសន្តិសុខមួយដៃចំថ្ពាល់ ហើយក៏ចេញពីរកន្លែងកើតហេតុបាត់ ចំណែកជនរងគ្រោះបានស្លាប់ក្រោយពីបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុមកធ្វើកំណត់ហេតុប្រគល់ម៉ូតូ និងសាកសពឲ្យសាច់ញាតិយកធ្វើបុណ្យតាមប្រពៃណី ៕ ជ្រោយពេជ្រ