ភ្នំពេញ៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ដែលមានសម្លេងលាន់ឮដូចរន្ទះបាញ់ខែវស្សា និងធ្វើឲ្យប្រជាពលរដ្ឋ និងសមត្ថកិច្ចភ័យស្ទើរលួសព្រលឹង តែការពិត ស្នូរសម្លេងនោះគឺជាសម្លេងផ្ទុះធុងខ្យល់របស់អាជីករដែលប្រកបរបជុសជួលរថយន្ត ។
ហេតុការណ៍ដ៏ភ្ញាក់ផ្អើលនេះ បានកើតឡើងនៅវេលាម៉ោង១៣និង១០នាទី ថ្ងៃទី៤ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅខាងក្រោយវត្តព្រះពុទ្ធមានបុណ្យ តាមបណ្តោយផ្លូវលេខ១៨២ កែងផ្លូវលេខ៣៣៦ ក្នុងសង្កាត់វល់វង ខណ្ឌ៧មករា ។
តាមប្រភពពីបុរសម្នាក់ដែលមានសម្បុលខ្មៅស្រអែម ដែលជាម្ចាស់តូបលក់សៀវភៅក្បែរកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ មានជាងជុលជួលរថយន្តម្នាក់ដែលមានហ្គាសរ៉ាងក្បែរហ្នឹង បានយកធុងខ្យល់មួយ សម្រាប់ផ្សារភ្ជាប់បំពងសុីម៉ើងរថយន្ត មកផ្សារនៅក្បែរតូបលក់សៀវភៅរបស់គាត់។ ហើយបន្ទាប់ពីជាងផ្សារបំពងស៊ីម៉ើងរួច មិនបានយកបំពងស៊ីម៉ើងនោះទៅទុកក្នុងហ្គាសរ៉ាងវិញទេ ដោយទុកចោលលើចិញ្ចើមផ្លូវ ស្របពេលដែលមានអាកាសធាតុបើកថ្ងៃក្តៅ បំពងខ្យល់ស្រាប់តែផ្ទុះលាន់ដូចរន្ទះ បណ្តាលឲ្យតូបលក់សៀវភៅរបស់គាត់ខូចខាតអស់មួយចំនួន តែអ្វីដែលសំណាងល្អនោះគឺមិនបណ្តាលឲ្យមានមនុស្សណាម្នាក់គ្រោះថ្នាក់ឡើយ។
ក្រោយមានហេតុការណ៍នេះភ្លាមៗ សមត្ថកិច្ចមូលដ្ឋានបានចុះទៅត្រួតពិនិត្យនៅកន្លែងកើតហេតុ ព្រោះខ្លាចក្រែងមានបទល្មើសអ្វីផ្សេង ពេលដឹងថាករណីនេះជាករណីផ្ទុះធុងខ្យល់បែបនេះ ក៏បានហៅម្ចាស់ហ្គាសរ៉ាងនាំទៅប៉ុស្តិ៍នគរបាលដើម្បីអប់រំ និងធ្វើកិច្ចសន្យាមិនឲ្យមានករណីនេះជាលើកទី២ឡើយ ទើបឲ្យត្រលប់មកផ្ទះវិញ៕ ភារ៉ា ដង្កោ