ភ្នំពេញ៖ កីឡាករបាល់ទាត់ជម្រើសជាតិដ៏ល្បីរបស់កម្ពុជា (CV11) ចាន់ វឌ្ឍនាកា រួមដំណើរជាមួយនារីស្រស់សោភាម្នាក់ បានបើករថយន្តស៊េរីទំនើប Lexus Nx200t ស្លាកលេខភ្នំពេញ 2AX-7011 ទៅបុកខឿនច្រមុះជ្រូកក្រោមស្ពានអាកាស7 មករា បណ្តាលឲ្យខូច ហើយព្យាយាមបើករត់មិនទទួលខុសត្រូវរហូតជិតដល់មុខមន្ទីរពេទ្យលោកសង្ឃ ក៍ត្រូវមន្ត្រីនគរបាលចរាចរណ៍ចាប់បាន។
ករណីចរាចរណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទី៨ ខែមករា ឆ្នាំ២០១៩ នៅចំណុចខាងក្រោមស្ពានអាកាស៧ មករា ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានប្រាប់ភ្នាក់ងារ ខេមប៉ុស្តិ៍ ឲ្យដឹងថា មុនកើតហេតុ គេឃើញរថយន្តស៊េរីទំនើប មួយគ្រឿងម៉ាក Lexus Nx200t ស្លាកលេខភ្នំពេញ 2AX-7011 បើកតាមបណ្តោយមហាវិថីសហពន្ធរុស្ស៊ី បានបន្តបើកអែបខាងក្រោមស្ពាន ៧មករា ក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុដែលជាផ្លូវកោងខ្លាំង ធ្វើអោយអ្នកបើកបរពុំអាចទប់ចង្កូតជាប់ បានជ្រុលទៅបុកខឿនច្រមុះជ្រូកពេញទំហឹង បណ្តាលឲ្យបែករប៉ាត់រប៉ាយពេញផ្លូវហើយអ្នកបើកបរមិនព្រមឈប់ទេ ព្យាយាមបើករត់មកជិតដល់មន្ទីរពេទ្យលោកសង្ឃ ទើបសមត្ថកិច្ចដេញឃាត់បាន លុះពេលចុះពីឡាន ទើបដឹងថា ជាកីឡាករដ៏ល្បីរបស់កម្ពុជា មួយរូប គឺពាក់អាវ(CV11) ចាន់ វឌ្ឃនាកា រួមជាមួយនារីដ៏ស្រស់សោភាម្នាក់ទៀតផងដែរ ហើយពួកគាត់ទាំងពីរពុំមានរងរបួសនោះទេ ខូចតែរថយន្ត ហើយបានដើរគេចចេញពីរថយន្តបាត់ទៅដោយបន្សល់ទុកតែរថយន្តប៉ុណ្ណោះ។
អ្នកយកព័ត៌មានយើងពុំដឹងថា មុនកើតហេតុអ្វី បានកីឡាករបាល់ទាត់ដ៏ល្បីរបស់កម្ពុជា គាត់ចេញមកពីណានោះទេ ព្រោះពុំអាចសួរពួកគាត់បាន ខណៈដែលភ្លាមៗនោះពួកគាត់បានគេចចេញពីកន្លែងកើតហេតុបាត់។
ក្រោយកើតហេតុរថយន្តត្រូវបានប្រគល់ឲ្យនគរបាលចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលក្រុងភ្នំពេញ ស្ទួចយកទៅរក្សារទុក ដើម្បីរង់ចាំម្ចាស់ទៅដោះស្រាយ៕ តុង សីហា