ខេត្តពោធិ៍សាត់៖ ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ កម្លាំងកងរាជអាវុធលើផ្ទៃប្រទេស ខេត្តពោធិ៍សាត់ មូលដ្ឋានស្រុកក្រគរ មន្ត្រីជំនាញរដ្ឋបាលព្រៃឈើផ្នែកក្រគរ ដឹកនាំដោយលោក ឧបត្ថម្ភសេនីយ៍ត្រី ចាន់ សុខឿន ស្នងការរង ស្នងការដ្ឋានបច្ចេកទេសសន្តិសុខ កងរាជអាវុធហត្ថលផ្ទៃប្រទេស ចុះសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន និងមន្ត្រីជំនាញផ្នែករដ្ឋព្រៃឈើក្រគរ សង្កាត់រដ្ឋព្រៃឈើ ឈើតុំ បន្តបង្រ្កាបបទល្មើសធនធានធម្មជាតិ ដោយឆែកឆេររោងម៉ាសុីនសន្ធិធិឈើគ្មានលិខិតអនុញាត្តិចំនួន ២ទីតាំងទៀត ដែលមានចម្ងាយពីគ្នាជាង ១០០០ម៉ែត្រ ដោយដកហូតនូវវត្ថុតាងឈើមូលប្រមាណជាង ៦០០កំណាត់។
ប្រតិបត្តិការបង្រ្កាបបទល្មើសធនធានធម្មជាតិខាងលើ ធ្វើឡើងនៅវេលាម៉ោង១ និង៣០នាទី រសៀលថ្ងៃច័ន្ទ ២កើត ខែបុស្ស ឆ្នាំច សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែមករា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
ប្រភពពីកម្លាំងចុះប្រត្តិបត្តការខាងលើបានឲ្យដឹងថា លទ្ធផល៖ ទីតាំងទី១ ដកហូតប្រភេទឈើមូល(រកា និងសាឡាត់)ចំនួន ៥០៥កំណាត់ និងទីតាំងទី២ ដកហូតប្រភេទឈើមូល(រកា និងសាឡាត់)ចំនួន ១០៤កំណាត់ទៀត ដូច្នេះសរុបទាំងដកហូតប្រភេទឈើមូល(រកា និងសាឡាត់)ចំនួន ៦០៩កំណាត់ បច្ចុប្បន្ន៖ វត្ថុតាងឈើមូលទាំងចំនួន ២ទីតាំងរក្សាទុកបណ្ដោះអាសន្ននៅកន្លែងដដែល រងចាំប្រគល់ទទួលឲ្យមន្រ្តីជំនាញបន្តនីតិវិធី។
គួររំលឹកផងដែរថា៖ កាលពីវេលាម៉ោង២ និង២០នាទី រសៀលថ្ងៃទី៦ ម្សិលមិញ កម្លាំងសហការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ខេត្តពោធិ៍សាត់ មូលដ្ឋានស្រុកភ្នំក្រវាញ អាជ្ញាធរមានសមត្ថកិច្ចចូលឆែកឆេរឃ្លាំងសន្ធិធិឈើគ្មានលិខិតអនុញាតិ ១កន្លែង ស្ថិតក្នុងភូមិក្សេត្របុរី ឃុំសន្រ្ទែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ លទ្ធផល៖ ចាប់យកវត្ថុតាងរួមមាន រថយន្តចុះនួន ៣គ្រឿង ១ម៉ាក ឆុនរ៉ា ពណ៏ស ពាក់ស្លាកលេខ ភ្នំពេញ 2AG 9896 (គ្មានសោ) ២ម៉ាក ហុីយ៉ាន់ដាយ មានដងសន្ទូច ភ្លៅ២ ពណ៏ខៀវ គ្មានស្លាកលេខ និង ៣ម៉ាក រុឺម៉កសណ្ដោង ភ្លៅ២ គ្មានស្លាកលេខ រួមទាំងម៉ូតូម៉ាក វេវអាលហ្វា គ្មានស្លាកលេខ ចំនួន ២គ្រឿង ម៉ាស៊ីនច្រៀកឈើចំនួន ៣គ្រឿង ឈើប្រភេទប្រណិតធ្នង់ចំនួន ២៣កំណាត់ និង ៤៨សន្លឹក ប្រភេទរាជកុលចំនួន ១៥កំណាត់ និង ៧សន្លឹក មិនទាន់បានធ្វើកាវាស់វែងនៅឡើយ បច្ចុប្បន្ន៖ វត្ថុតាងរក្សាទុកនៅទីតាំងកើតហេតុ។
ដូច្នេះដើមខែមករា ឆ្នាំ២០១៩ នេះ កម្លាំងសហការកងរាជអាវុធហត្ថធ្វើការបង្រ្កាបបទល្មើសធនធានធម្មជាតិចំនួន ៣ករណី រួមទាំងថ្ងៃទី៣កន្លែងមកថ្មីៗនេះ កម្លាំងឃាត់ចាប់រថយន្តកែច្នៃចំនួន ២គ្រឿង មានផ្ទុកឈើអារជ្រុងប្រភេទរាជកុលចំនួន ១១ដុំ ស្មើនឹងចំនួន២២,២១៥ម៉ែតត្រីគុណ រួមទាំងម្ចាស់រថយន្ត និងព្រូចំនួន ៤នាក់ ដើម្បីបន្តនីតិវិធី ហើយបានប្រគល់ទទួលឲ្យមន្រ្តីជំនាញផ្នែករដ្ឋបាលព្រៃឈើក្រវាញចាត់ការបន្ត៕ ប៉ឹម ពិន