ភ្នំពេញ ៖ និស្សិតច្បាប់ឆ្នាំទី២ នៅសាកលវិទ្យាល័យនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចម្នាក់ បានសម្រេចចិត្តចង.កសម្លាប់ខ្លួនឯងនឹងខ្សែភ្លើងភ្ជាប់ទៅនឹងកាំជណ្តើរជាន់ទី២ បណ្តាលឱ្យស្លាប់នៅផ្ទះម្តាយមីង ដោយមិនដឹងមូលហេតុ ។
ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងកាលពីម៉ោង៣និង៣០ទៀបភ្លឺ ថ្ងៃអង្គារ ៣កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែមករា ឆ្នាំ២០១៩ នៅផ្ទះលេខ១២A ផ្លូវ៥១៤ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក។
មន្ត្រីនគរបាលមូលដ្ឋាន បានឲ្យដឹងថា សពជនរងគ្រោះឈ្មោះ ម៉េង សៀងហ៊ុយ អាយុ២២ឆ្នាំ ជានិស្សិតច្បាប់ឆ្នាំទី២ នៅសាកលវិទ្យាល័យនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ស្នាក់នៅ១២A ផ្លូវ៥១៤ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក ដែលជាផ្ទះរបស់ម្តាយមីង និងមានស្រុកកំណើតនៅភូមិទួលខ្សាច់ ឃុំទន្លេបិត ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។
មន្រ្តីដដែលបន្តទៀតថា ជនរងគ្រោះបានយកខ្សែភ្លើងចង.កសម្លាប់ខ្លួនដោយភ្ជាប់ទៅនឹងកាំជណ្តើរជាន់ទី២ បណ្តាលឱ្យស្លាប់ដូចបំណង ហើយត្រូវបានប្អូនជីដូនមួយប្រទះឃើញស្រែកហៅឱ្យជួយស្រាយ ទើបបង្កឱ្យមានការភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ចចុះមកត្រួតពិនិត្យតែម្តង ។
បើតាមការបំភ្លឺពីឈ្មោះ សេង សៀងហៃ ដែលជាកូនម្ចាស់ផ្ទះបានឱ្យដឹងថា នៅមុនកើតហេតុ បងជីដូនមួយ (ជនរងគ្រោះ) បានហៅមិត្តភក្តិមកផឹកស៊ីនៅផ្ទះជាន់ទី២ រហូតដល់ម៉ោង១២និង៣០បាទីយប់ ទើបចប់ហើយ ក៏បែកផ្លូវគ្នាទៅផ្ទះរៀងៗខ្លួន ។ លុះរហូតដល់ម៉ោង៣និង៣០នាទីទៀបភ្លឺ ខ្លួនបានក្រោកពីដំណេកដើរឡើងទៅជាន់ទី២ ស្រាប់តែឃើញបងជីដូនមួយចង.កនឹងខ្សែហ្វាយៗជាប់ជាមួយដែកបង្កាន់ដៃជណ្តើរ ក៏បានស្រែកហៅឱ្យបងប្អូនជួយស្រាយ បន្ទាប់មកក៏នាំគ្នាដឹកគាត់ទៅសង្គ្រោះបន្ទាន់នៅគ្លីនិកអង់តែន។
កូនម្ចាស់ផ្ទះបន្តទៀតថា នៅពេលទៅដល់គ្រូពេទ្យបានប្រាប់ថា គាត់ស្លាប់បាត់ទៅ ក៏បានដឹកសពមកផ្ទះវិញ ហើយក៏រាយការណ៍មកសមត្ថកិច្ចប៉ុស្តិ៍។
ក្រោយកើតហេតុយោងតាមការត្រួតពិនិត្យ នគបាលការិយាល័យបច្ចេកទេស បានឱ្យដឹងថា សពជនរងគ្រោះពិតជាស្លាប់ដោយសារចង.កធ្វើអត្តឃាតពិតប្រាកដមែន។ បន្ទាប់ពីពិនិត្យរួច ក៏បានប្រគល់សពជូនសាច់ញាតិនាំយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត ៕ ស តារា