ខេត្តពោធិ៍សាត់៖ មានមនុស្សចំនួន ៣នាក់បានរងរបួសយ៉ាងដំណំ ដោយសារគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូបុកគោយន្តកន្រ្តៃ នៅគ្រាកំពុងធ្វើដំណើរស្របទិសគ្នា។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង៩ និង៤៥នាទី យប់ថ្ងៃច័ន្ទ ខែបុស្ស ឆ្នាំច សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែមករា ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវជាតិលេខ២០៥.២០៦ ស្ថិតក្នុងភូមិថ្មី ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់។
ប្រភពពីអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនរងរបួសអ្នកបើកបរម៉ូតូឈ្មោះ បុល ខឿន ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិបាក់ព្រីង ឃុំស្នាមព្រះ ស្រុកបាកាន(ធ្ងន់) និងអ្នករួមដំណើរទី១ ឈ្មោះ លៀង ធីម ភេទស្រី អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិអូររំចេក ឃុំត្រពាំងជង ស្រុកបាកាន(ធ្ងន់) និងទី២ ឈ្មោះ វៃ ស្រីម៉ុច ភេទស្រី អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ រស់នៅរំចេក ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់(ធ្ងន់)។
ប្រភពខាងលើមិនបានបញ្ជាក់ថា អ្នកទាំង ៣នាក់ធ្វើដំណើរពីទិសណាទៅណាទេ ប៉ុន្តែធ្វើដំណើររួមគ្នាដោយម៉ូតូ ១គ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ២០០៩ ពណ៏ខ្មៅ ពាក់ស្លាកលេខ កណ្ដាល 1I 4217 លុះមកដល់ចំណុចកើតហេតុបានជ្រុលបុកគោយន្តកន្រ្តៃសណ្ដោងរឺុម៉កពេញទំហឹង ខណៈកំពុងធ្វើចរាចរណ៍ស្របទិសគ្នា បណ្ដាលឲ្យរងរបួសធ្ងន់រដូករណែលបែបនេះ។
ប្រភពដដែលបន្តទៀតថា អ្នកបើកបរគោយន្ដកន្រ្តៃឈ្មោះ សឿ លៀង ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិតាមុំ ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់(អត់របស់ទេ) ភ្លាមៗនោះជនរងរបួសបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកស្រុកបាកាន ចំណែកវត្ថុតាងរក្សាទុកជាបណ្ដោះអាសន្ន នៅប៉ុស្ដិ៍នគរបាលរដ្ឋបាលបឹងខ្នារ រងចាំបន្តនីតិវិធី និងដោះស្រាយគ្នាជាក្រោយ។
គួររំលឹកផងដែរថា៖ ករណីគ្រោះថ្នាក់ចរាចរណ៍ដោយសារគោយន្តកន្រ្តៃបើកបរពេលយប់ ជាពិសេសទៅទៀតនើគោយន្តកន្រ្តៃដឹកឈើតែម្ដង កើតមានស្ទើរាល់ថ្ងៃរាល់យប់បណ្ដាលឲ្យរងរបួស និងស្លាប់ជាបន្តបន្ទាប់ ធ្វើឲ្យមជ្ឍដ្ឋានរិះគន់ថា នេះក៏ជាភាពកម្សើុយរបស់ផ្នែកសណ្ដាប់ធ្នាប់នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់៕ ប៉ឹម ពិន