ខេត្តពោធិ៍សាត់៖ សាកសពប្រជានេសាទម្នាក់ត្រូវបានគេប្រទះឃើញនៅផ្ទៃទឹកបឹងទន្លេសាប សង្ស័យជាករណីខ្យល់គរនៅគ្រាជនរងគ្រោះទៅរាយមង ហើយ ក៏បានវិលមុខប្រកាច់ធ្លាក់ពីលើទូក ។
ហេតុការណ៍ប្រទះឃើញសាកសពនៅផ្ទៃទឹកបឹងទន្លេសាបខាងលើ បានបង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង៤ និង១២នាទី រសៀលថ្ងៃច័ន្ទ ២កើត ខែបុស្ស ឆ្នាំច សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែមករា ឆ្នាំ២០១៩ នៅលើផ្ទៃទឹកបឹងទន្លេសាប ត្រង់ចំណុចផាត់សណ្ដោង ស្ថិតក្នុងភូមិកោះក្អែក ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ។
ប្រភពពីប្រជានេសាទនៅតំបន់នោះបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ស៊ាង ទង ភេទប្រុស អាយុ ៥៥ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅផ្ទះថែបណ្ដែតលើផ្ទៃទឹកបឹងទន្លេសាប ស្ថិតក្នុងភូមិ.ឃុំកើតហេតុខាងលើ ។
ប្រភពខាងលើបន្តថា មុខកើតហេតុជនរងគ្រោះបានធ្វើដំណើរជាមួយប្រពន្ធ និងចៅតូចម្នាក់ទៀត ដោយចេញពីផ្ទះដ៏កម្សត់របស់គាត់ដោយទូកនេសាទតូចមួយ សំដៅទៅចំណុចកើតហេតុ(បឹងទទឹងថ្ងៃ) នៅគ្រាកំពុងនេសាទត្រីស្រាប់តែធ្លាក់ពីលើទូកចូលទឹក ភ្លាមៗនោះប្រពន្ធរបស់គាត់ ក៏ខំប្រឹងប្រែងជួយសង្រ្គោះអស់ពីលទ្ធភាព ដោយសារតំបន់នោះឆ្ងាយដាច់ស្រយាលពីភូមិបានត្រឹមសោកសៅប៉ុណ្ណោះ បានត្រឹកដឹកសាកសពប្តឹមកផ្ទះថែកម្សត់របស់គាត់គួឲ្យសង្វេគ ។
ប្រភពដដែលបន្តទៀតថា ជនរងគ្រោះអាចបណ្ដាលមកពីខ្យល់គរ ធ្វើឲ្យវិលមុខធ្លាក់ចូលទឹកលង់ស្លាប់បែបនេះនោះ បើទោសបីជាប្រពន្ធនៅជាមួយក្តីគាត់ ក៏ជួយសង្រ្គោះអត់បាន គេឃើញសមត្តកិច្ចនគរបាលចុះពិនិត្យយ៉ាងយកចិត្តទុកដាក់ផងដែរ ទើបធ្វើកំណត់ហេតុប្រគល់សាកសពជួនក្រុមគ្រួសារ៕ ប៉ឹម ពិន