ខេត្តបន្ទាយមានជ័យ៖ ក្មេងប្រុស២នាក់ ត្រូវរថយន្តដឹកស្រាបៀរអង្គរបុករងរបួសធ្ងន់ ម្នាក់បាក់ជើង និងដៃ ម្នាក់ទៀតបែកក្បាល ក្នុងទិសដៅច្រាសទិសគ្នា កាលពីវេលាម៉ោង១៨និង៣០នាទី ថ្ងៃទី៨ ខែមករា ឆ្នាំ២០១៩ ត្រង់ចំណុចខាងជើងផ្លូវអក្សរT ចម្ងាយ១៥០ម៉ែត្រ ស្ថិតនៅភូមិត្រាង ឃុំភ្នំដី ស្រុកភ្នំស្រុក ខេត្ដបន្ទាយមានជ័យ ។
យោងតាមសមត្ថកិច្ចមូលដ្ឋាន បានប្រាប់ឲ្យដឹងថា ៖ នៅវេលាម៉ោងកើតហេតុបានឃើញក្មេងប្រុស២នាក់ជិះម៉ូតូជាមួយគ្នាRSX ស៊េរី ២០១៥ ពណ៌ក្រហមខ្មៅ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1M.6583 ។ អ្នកបើកបរម៉ូតូឈ្មោះ ឡុញ អុីស៊ិញ ភេទប្រុស អាយុ១៤ឆ្នាំ នៅរស់ភូមិថ្នល់ដាច់ ឃុំភ្នំដី ស្រុកភ្នំស្រុក ខេត្ដបន្ទាយមានជ័យ និងអ្នករួមដំណើរដោយឈ្មោះ ព្រាន ចាន់សួន ប្រុស អាយុ១២ឆ្នាំ រស់នៅភូមិឃុំជាមួយ បានធ្វើដំណើរក្នុងទិសដៅពីខាងត្បូងទៅជើង។
លុះមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តម៉ាក Hyandai ពណ៌ក្រហម ជារថយន្ដក្រុមហ៊ុនដឹកស្រាបៀរអង្គរ ចង្កូតស្ដាំ ពាក់ស្លាកលេខBMC 0017 បើកច្រាស់ទិសគ្នា បើកបរដោយឈ្មោះ សាន ម៉ាន់ទី ភេទប្រុស អាយុ ២២ឆ្នាំ រស់នៅភូមិរោងគុន ឃុំឬស្សីក្រោក ស្រុកមង្គលបូរី បានបុកម៉ូតូពេញទំហឹង បណ្តាលឲ្យឈ្មោះ ឡុញ អុីស៊ិញ បាក់ជើងខាងឆ្វេង និងបាក់ដៃខាងឆ្វេង ។ រីឯអ្នករួមដំណើរឈ្មោះ ព្រាន ចាន់សួន រងរបួសបែកក្បាល និងរបួសខ្នងជើងខាងឆ្វេង។
សមត្ថកិច្ចបានបញ្ជាក់ថា ៖ ក្រោយពីកើតហេតុ ជនរងគ្រោះទាំងពីរនាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យគន្ធបុប្ផាខេត្ដសៀមរាបដើម្បីសង្គ្រោះ ។ ចំណែករថយន្តបង្ក និងម៉ូតូជនរងគ្រោះត្រូវបានយកទៅរក្សាទុកនៅអធិការរដ្ឋាននគរបាលស្រុក ដើម្បីរង់ចាំដោះស្រាយតាមច្បាប់ ៕ វណ្ណា