ប៉ុន្មានថ្ងៃកន្លងមកនេះ មានព័ត៌មានជាច្រើនបានផ្សព្វផ្សាយពីករណី នារីអារ៉ាប់ សុំសិទ្ធិភៀសខ្លួនរស់នៅក្នុងប្រទេសអូស្ត្រាលី តាមរយៈស្ថានទូតប្រចាំនៅទីក្រុងបាំងកក ប្រទេសថៃ។
ស្ថានទូតអារ៉ាប៊ីសាអ៊ូឌីត ប្រចាំនៅទីក្រុងបាងកកបានបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មានថា ករណីនាង Rahaf Mohammed al-Qunum នេះ មិនមែនជាករណីនយោបាយអ្វីឡើយ គឺជារឿងក្រុមគ្រួសារប៉ុណ្ណោះ ហើយថា ស្ថានទូតមិនបានស្នើឲ្យប៉ូលិសថៃបញ្ជូននាងឲ្យត្រឡប់ទៅវិញនោះឡើយ ។
នារីជនជាតិអារ៉ាប៊ីសាអ៊ូឌីតម្នាក់ វ័យ១៨ឆ្នាំ ដែលបានធ្វើឲ្យរំជើបរំជួលនោះ កំពុងស្ថិតនៅក្នុងការពិចារណាដោយប្រុងប្រយ័ត្ន ពីសំណាក់អាជ្ញាធរអូស្ត្រាលី ដើម្បីអនុញ្ញាតផ្តល់សិទ្ធិជ្រកកោណនៅក្នុងប្រទេសនេះ ។
នារី Rahaf Mohammed al-Qunum បានមកដល់អាកាសយានដ្ឋាន ក្រុងបាងកក កាលពីចុងសប្តាហ៍មុន តាមជើងហោះហើរគុយវ៉េត ដែលនាងបានរត់ចេញពីគ្រួសាររបស់ខ្លួន ។ នាងនិយាយថា ខ្លួននាងផ្ទាល់ជាគោលដៅនៃការធ្វើទារុណកម្មទាំងផ្លូវកាយ និងផ្លូវចិត្ត ហើយបានរត់មកកាន់ប្រទេសថៃ ដើម្បីស្វេងរកសិទ្ធិជ្រកកោណនៅប្រទេសទីបី ។
កាលពីថ្ងៃអាទិត្យ ប៉ូលិសអន្តោប្រវេសន៍ថៃ បានចាប់ខ្លួន នាង Qunum ហើយថា នឹងបញ្ជូនខ្លួននាងឲ្យត្រឡប់ទៅកាន់ប្រទេស អារ៉ាប៊ីសាអ៊ូឌីតវិញ ធ្វើឲ្យនាងភ័យខ្លាច ក៏ឃុំខ្លួនឯងនៅក្នុងបន្ទប់សណ្ឋាគារមួយ និង ឡាយវីដេអូ ព្រមទាំងបង្ហោះសារ នៅលើបណ្តាញទំនាក់ទំនងសង្គម ធ្វើឲ្យផ្អើលជុំវិញពិភពលោកតែម្តង ។ នាងបញ្ជាក់នៅក្នុងបណ្តាញសង្គមថា មិនចង់វិលត្រឡប់ទៅប្រទេសកំណើតនោះទេ នាង សុំសិទ្ធិជ្រកកោណនៅប្រទេសអូស្ត្រាលីវិញ ។ នាងថា បើប៉ូលិសថៃ បញ្ជូននាងត្រឡប់ទៅផ្ទះវិញ ខ្លួននាងផ្ទាល់បើមិនត្រូវគេសម្លាប់ទេ គឺត្រូវជាប់គុកមិនខានឡើយ ។
ដោយសារការរំជើបរំជួលនេះហើយ ទើបធ្វើឲ្យមន្ត្រីតំណាងឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន ប្រចាំនៅប្រទេសថៃ បានទៅជួបនាង al-Qunnum ហើយទទួលនាងឲ្យនៅបណ្តោះអាសន្ន ដើម្បីរៀបចំឯកសារសុំសិទ្ធិជ្រកកោណនៅក្នុងប្រទេសអូស្ត្រាលីវិញ ខណៈដែលប៉ូលិសថៃ ក៏មិនបានបញ្ជួននាងឲ្យត្រឡប់ទៅស្រុកកំណើតវិញផងដែរ ។
កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០១៩ មន្ត្រីក្រសួងការបរទេសអូស្ត្រាលីបញ្ជាក់ថា ការផ្តល់សិទ្ធិជ្រកកោណណាមួយដល់នារីរូបនេះ គឺត្រូវការ ការពិចារណាដោយម៉ត់ចត់បំផុត នៅពេលដែលដំណើរការរបស់ UNHCR ត្រូវបានបញ្ចប់សព្វគ្រប់ហើយនោះ ៕ ម៉ែវ សាធី