ព័ត៌មានទាន់ហេតុការណ៍៖

នៅក្នុងឆ្នាំ​២០១៩នេះ​ ចិននឹងបង្កើនការធ្វើសមយុទ្ធ​ច្រើនជាងឆ្នាំ​២០១៨

ចែករំលែក៖

ចិនមានកម្លាំងទាហាន ពេញសិទ្ធ«ក្របខ័ណ្ឌ» សរុបច្រើនជាងគេបង្អស់លើពិភពលោក ដោយមានកម្លាំងទាហានដល់ទៅ ២.២៨៥.០០០ (ពីរលាន ពីរសែន ប្រាំបីម៉ឺន ប្រាំពាន់)នាក់ ។ បើគិតទាំងទាហានបម្រុង និងទាហានស៊ីឈ្នួលទៀត មានដល់ទៅជាង៧លាននាក់ ។

ចំណែកអាមេរិកវិញ មានតែជាង១,៧៧ លាននាក់ (ជាង១លាន ៧៧មឺននាក់) ប៉ុណ្ណោះ ហើយបើគិតទាំងទាហានបម្រុង ទាហានស៊ីឈ្នួលមានជាង៣លាន២សែននាក់ ។ ដោយឡែកឥណ្ឌា ឈរលំដាប់ទី៣មានទាហានពេញសិទ្ធិសរុបជាង១លាន៣២ម៉ឺននាក់ ។ ចំពោះរុស្ស៊ីមានជាង៧៦ម៉ឺននាក់ប៉ុណ្ណោះ។

កាលពីឆ្នាំ​២០១៨កន្លងមក ចិនបាននាំមុខ រុស្ស៊ី ក្លាយជា ប្រទេសមហាអំណាចយោធាទីពីរនៅលើពិភពលោក ។ ដោយទី១គឺអាមេរិកដដែល និងទី​៣គឺប្រទេសរុស្ស៊ី​។

ដោយសារតែមានការប្រឈមមុខ បញ្ហាយោធាកាន់តែខ្លាំងនោះ​ ចិនបានបង្កើនការធ្វើសមយុទ្ធ ដល់ទៅ ជាង​១៨ពាន់លើកនៅក្នុងឆ្នាំ​២០១៨ ហើយនៅឆ្នាំ២០១៩ នេះនឹងកើនឡើងបន្ថែមទៀត​។

ឆ្នាំ២០១៨ បានបញ្ជប់ទៅជាង​មួយសប្តាហ៍មកហើយ ដោយនៅក្នុងឆ្នាំនោះ គឺជាពេលវេលាដែលកម្លាំងទាហានប្រជាជនចិនធ្វើសកម្មភាព ហ្វឹកហាត់សមយុទ្ធច្រើនបំផុត រហូតដល់ ជាង​១៨ពាន់លើក គ្រប់ទិសទីក្នុងប្រទេស​។​តាមគម្រោងនៅក្នុងឆ្នាំ​២០១៩នេះ សកម្មភាពធ្វើសមយុទ្ធ ហ្វឹកហាត់យោធា នឹងកើនឡើងច្រើនជាងឆ្នាំ​២០១៨។

សារព័ត៌មាន South china morning post នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០១៩ បានផ្សាយថា កម្លាំងទាហានប្រជាជនចិន PLA បានឡើងគម្រោងបង្កើនការធ្វើសមយុទ្ធ នៅក្នុងឆ្នាំ២០១៩ ក្នុងពេលដែលមានការប្រឈមមុខ កាន់តែតានតឹងលើផ្នែកយោធាជាមួយប្រទេសជិតខាង និងអាមេរិក ។

សារព័ត៌មានស៊ីនហួ បានផ្សាយថា កម្លាំងទាហានចិន មានប្រមាណជាង២លាននាក់ចូលរួមនៅក្នុងសកម្មភាពធ្វើសមយុទ្ធ ផ្សេងៗគ្នា ដល់ទៅ១៨ពាន់លើក ក្នុងឆ្នាំ២០១៨ ។ សារព័ត៌មានខាងលើមិនបានប្រៀបធៀប ពីចំនួនធ្វើសមយុទ្ធនៅក្នុងឆ្នាំ២០១៧ឡើយ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយជាតិចិន បានផ្សាយថា នៅក្នុងឆ្នាំ២០១៦ មានសមយុទ្ធទ្រង់ទ្រាយធំ១០០លើក ។

សារព័ត៌មាន PLA Daily កាលពីថ្ងៃទី៨ ខែមករា បានផ្សាយថា កម្លាំងទាហានទាំងអស់នៅគ្រប់កងពល តូច ធំ ទូទាំងប្រទេស បានចាប់ផ្តើម ឡើងគម្រោងធ្វើសមយុទ្ធ ក្រោយពេលប្រធានាធាធិបតី ស៊ី ជីងពីង បានប្រកាសអំពាវនាវដល់កម្លាំងទាហាន ហ្វឹកហាត់ ត្រៀមលក្ខណៈធ្វើសង្គ្រាមជានិច្ច ។ តំបន់ដែលអាចបង្កឲ្យមានសង្គ្រាមនោះគឺបញ្ហាកោះតៃវ៉ាន់ កូរ៉េខាងជើង សមុទ្រចិនខាងត្បូង និងខាងកើត …៕ ម៉ែវ សាធី


ចែករំលែក៖