ព័ត៌មានទាន់ហេតុការណ៍៖

លី ច័ន្ទសីហា ទម្លាយរឿងលែងលះប្តីក្នុងថ្ងៃខួបកំណើតកូន

ចែករំលែក៖

ភ្នំពេញ៖ តារាសម្តែងទឹកភ្នែក លី ច័ន្ទសីហា បានដាច់ចិត្តទម្លាយរឿងរ៉ាវលែងលះប្តីអស់រយៈពេលជាងមួយឆ្នាំមកហើយ។ ដាច់ចិត្តទម្លាយគឺដើម្បីបញ្ចៀសពាក្យចោទសួរជាច្រើនមកលើនាងពីសំណាក់អ្នករួមអាជីព និងអ្នកសារព័ត៌មានអំពីការបាត់មុខអវត្តមានអតីតស្វាមីនៅកៀកកិតជិតខ្លួនដូចគ្រាមុន។

ការបញ្ជាក់អំពីចំណងស្នេហ៍ប្រះស្រាំនេះបានធ្វើឡើងក្នុងកម្មវិធីខួបកំណើតគម្រប់វ័យមួយខួបរបស់កូនស្រីនាងនិងការប្រកាសមុខជំនួញនាំចូលផលិតផលរក្សាសម្ផស្សយីហោFendiកាលពីរាត្រីថ្ងៃទី០៩ខែមករាឆ្នាំ២០១៩នេះនៅភោជនីយដ្ឋាន Ming Palace។ លី ច័ន្ទសីហាបញ្ជាក់ថា នាងបានលែងលះប្តី និងមានសាលក្រមពីតុលាការជាងមួយឆ្នាំមកហើយពោលគឺមុនពេលនាងសម្រាលកូនស្រីមកម្ល៉េះ។

តារាស្រីរូបនេះទទួលស្គាល់ថានាងជាអ្នកសម្រេចចិត្តសុំលែងប្តី ដែលនាងអះអាងថាស្វាមីមិនបានផ្តល់ភាពកក់ក្តៅពោលគឺដើរចោលនាងបាត់ៗពីផ្ទះគ្រាដែលអំឡុងមានផ្ទៃពោះ។ តារាស្រីរូបនេះបញ្ជាក់ថាក្រោយមានផ្ទៃពោះ៥ខែនាងបានចេញទៅរស់នៅផ្ទះដែលខាងប្តីទិញនាតំបន់ចម្ការដូង ក្រោយរស់នៅទីនោះបានប្រមាណមួយខែនាងក៏លេចចេញរឿងរ៉ាវរកាំរកូសពិសេសមិនសូវបាននៅជុំប្តី។

នាងទទួលស្គាល់ថា ក្រោយភ្ជាប់ពាក្យនាងក៏ធ្លាប់មានលេចចេញភាពរកាំរកូសខ្លះៗដែរ ប៉ុន្តែនាងរំពឹងថាក្រោយរៀបការរួចរស់នៅក្រោមដំបូលផ្ទះតែមួយ និងក្រោយមានកូនជាតំណក់ឈាមរួមគ្នា នឹងអាចធ្វើឲ្យស្វាមីកែប្រែទើបនាងចេះទ្រាំ ប៉ុន្តែគឺមិនមានអ្វីដែលធ្វើឲ្យនាងកក់ក្តៅដូចការរំពឹងទុក។

នាងថា នាងគឺជាមនុស្សស្រីមានផ្ទៃពោះនៅផ្ទះតែឯង ដែលជាសម្ពាធផ្លូវចិត្តមួយដ៏ធ្ងន់ពិសេសនាងបារម្ភប៉ះពាល់ដល់សុខភាពកូនក្នុងផ្ទៃ។កន្លងមកនាងតែងលាក់មិនបង្ហាញជាសាធារណៈអំពីរឿងរ៉ាវលែងលះស្វាមីនោះទេ ប៉ុន្តែការពិតមិនអាចលាក់ជិតនោះដែរហើយក៏អាចបញ្ចៀសការចោទសួរជាញឹកញាប់ពីអ្នករួមអាជីព និងអ្នកសារព័ត៌មានអំពីការបាត់វត្តមានអតីតស្វាមីនាង។ តារាស្រីរូបនេះលើកឡើងថាថ្ងៃសម្រាលកូនស្រីស្វាមីនាងក៏បានទៅមើលមុខកូនស្រីដែរតាមការហៅទូរស័ព្ទផ្តល់ដំណឹងពីឪពុកនាង ហើយក្រោយពេលសម្រាលស្វាមីនាងក៏បានផ្តល់ប្រាក់តិចតួចប្រចាំខែសម្រាប់កូនស្រីផងដែរ។

នាងមិនបានចោទប្តីថា មានស្រីថ្មីនៅខាងក្រៅទេ ប៉ុន្តែក្រោយចែកផ្លូវគ្នាអតីតស្វាមីនាងក៏មានប្រពន្ធក្រោយដែរ ដែលពេលនេះគេក៏មានផ្ទៃពោះ៦ខែហើយដែរ។ នាងទទួលស្គាល់ថាក្នុងថ្ងៃខួបកំណើតកូនស្រីអតីតស្វាមីនាងក៏បានផ្តល់របស់ខ្លះដល់កូនស្រីដែរគឺខ្សែដៃ និងក្រវិល។

នាងពិតជាមិននឹកស្មានទេ ថាចំណងស្នេហ៍ដែលមើលចិត្តគ្នាអស់មិនតិចជាង៦ឆ្នាំរបស់នាងដើរដល់ផ្លូវទាល់នោះទេ ។ ក្រោយលែងលះគ្នានាងនិងស្វាមីមិនមានទ្រព្យសម្បត្តិអ្វីដែលពិបាកនឹងបែងចែកគ្នានោះទេ ព្រោះជំនួញ មុខរបររបស់នាងសុទ្ធតែជាកម្លាំងញើសឈាមនិងថវិកាផ្ទាល់ខ្លួនរបស់នាងទាំងមុខរបរសម្អាងការ នាំផលិតផលពីបរទេសមកលក់ និងការពុះដីឡូតិ៍លក់រួមជាមួយបងប្អូនជីដូនមួយតែប៉ុណ្ណោះ។

លោក លី សុខជុន ឪពុកបង្កើតរបស់ លី ច័ន្ទសីហាបញ្ជាក់ថា លោកពិតជាគ្រាំចិត្តអាណិតកូនស្រីដែលត្រូវមកជួបរឿងបែបនេះដែលលោកក៏មិនចង់ឲ្យរឿងដែលកន្លងហួសហើយកាន់តែរីកធំនោះដែរ ប៉ុន្តែលោកចង់លប់ចោលពាក្យចោទសួរនានាពីសំណាក់អ្នកសិល្បករ និងអ្នកសារព័ត៌មាន។ លោកថាក្រោយចេញទៅរស់នៅខាងប្តី សីហា ទ្រាំ និងលាក់បាំងរឿងច្រើនជាមួយនឹងលោករហូតដល់ថ្ងៃនាងដាច់ចិត្តទូរស័ព្ទហៅលោកឲ្យទៅយកនាងត្រឡប់មកផ្ទះវិញ។ គ្រានោះលោកនៅតែចិញ្ចឹមចិត្ត និងមានបំណងឲ្យកូនប្រុសស្រីវិលជួបជុំគ្នាវិញ ដែលសូម្បីថ្ងៃទៅយកកូនស្រីមកវិញក៏លោកទូរស័ព្ទប្រាប់កូនប្រសាថា បើកូនរវល់នៅខាងក្រៅថ្ងៃណាកូនឈប់រវល់ទៅយកកូនពីផ្ទះប៉ាមកវិញក៏បាន ។

លោកថា ក្រោយមានរឿងកាន់តែធំ លោកក៏នៅតែផ្តល់ឱកាសចំនួន១ឆ្នាំដើម្បីឲ្យកូនប្រសាលោកពិចារណាវិលរកភរិយា ប៉ុន្តែគឺនៅតែមិនអាចវិលជួបជុំគ្នាវិញបាន។ លោកថាកូនស្រីតែមួយគត់របស់លោកប្រៀបបាននឹងកែវភ្នែកដែលោកបានប្រគល់ឲ្យកូនប្រសាថែរក្សា ប៉ុន្តែមិនគួរមកជួបរឿងបែបនឹង ហើយបើពេលនេះកូនស្រីលោកមានសភាពជាមនុស្សរឹងមាំច្រើនក៏លោកនៅតែមានចិត្តអាណិតកូនស្រីដែលធ្លាក់ខ្លួនជាស្រីមេម៉ាយទាំងវ័យក្មេងដែរ។

គួរបញ្ជាក់ដែរថា តារាសម្តែង លី ច័ន្ទសីហា បានចូលរោងការជាផ្លូវការកាលពីថ្ងៃទី៥ ខែឧសភាឆ្នាំ២០១៧ ដែលស្វាមីនាងត្រូវបានគេស្គាល់ថាជា និស្សិតយោធា ច័ន្ទ ថៃសេង ក្រោយភ្ជាប់ពាក្យអស់មួយឆ្នាំហើយ។ មង្គលការដ៏ធំដុំរបស់នាងនឹងមានភ្ញៀវមិនតិចជាង១២០០នាក់នោះទេ ដែលមួយចំនួនធំជាសិល្បករ៕ វឌ្ឍនា


ចែករំលែក៖