ខេត្តព្រះសីហនុ ៖អតីតពលករ និងជាអ្នកចម្រៀង លោក ឡេង ណាវ៉ាត្រា ដែលបានវិវឌ្ឍន៍ខ្លួជាអ្នកជំនួញជោគជ័យលើវិស័យដីធ្លី បានបង្កើតឲ្យមានការចាប់អារម្មណ៍ខ្លាំងនឹងជំនួញមួយនេះជាថ្មីក្រោយលោកបានប្រកាសគម្រោងវិនិយោគផ្នែកអចលនទ្រព្យលើទឹកដីនៃខេត្តព្រះសីហនុ ។ ថ្មីៗនេះលោកបានប្រកាសអំពី ក្តីស្រមៃចង់បានផ្ទះលំហែកាយដ៏ស្រស់ស្អាតនៅខេត្តមាត់សមុទ្របែបវីឡាទោល ដែលមានតម្លៃត្រឹមតែ ១៩,៩៩៩ ដុល្លារសហរដ្ឋអាមេរិក តែប៉ុណ្ណោះនឹងផុសចេញជារូបរាងឆាប់ៗនេះ ។
មានអតិថិជនមួយចំនួនមិនជឿថា លើទឹកដីខេត្តព្រះសីហនុ ដែលជាខេត្តមួយល្បី កំពុងតែមានជនជាតិចិនសម្រុកមករកស៊ីជាច្រើនម៉ឺននាក់ធ្វើឲ្យទីផ្សារដីនៅខេត្តនោះហក់ឡើងយ៉ាងគំហុក មានផ្ទះវីឡាទោល លក់ក្នុងតម្លៃទាបបែបនេះឡើយ ។ អតិថិជនខ្លះបានលើកឡើងថា វីឡាទោលក្នុងតម្លៃខាងលើ ធ្វើមិនអាចទៅរួចឡើយ ព្រោះគ្រប់គ្នាបានដឹងថា នៅខេត្តខាងលើតម្លៃដីថ្លៃ និងតម្លៃការសាងសង់ក៏ថ្លៃដូចគ្នា ។ វីឡាទោលក្នុងក្ដីស្រមៃ ដែលមនុស្សស្ទើរគ្រប់គ្នាប្រាថ្នាចង់បាននោះ គឺស្ថិតនៅខេត្តព្រះសីហនុ ដែលហ៊ុមព័ទ្ធទៅដោយភ្នំ និងសមុទ្រ និងទេសភាពស្រស់ស្អាតប្រកបដោយផាសុខភាព ជាពិសេសគឺជាខេត្តដែលពោរពេញដោយសក្តានុពលខ្ពស់នៃការឡើងថ្លៃសំណង់អគារ តម្លៃដី និងអចលទ្រព្យគ្រប់ប្រភេទ ។
យោងតាមផេកហ្វ៊េកប៊ុកផ្លូវការរបស់ឧកញ៉ាល្បីឈ្មោះមួយរូប និងជាអតីតពលករធ្វើការនៅប្រទេសកូរ៉េ គឺលោក ឡេង ណាវ៉ាត្រា បានឲ្យដឹងមានគម្រោងជាច្រើនរបស់បុរី ឡេង ណាវ៉ាត្រា សាខាខេត្តព្រះសីហនុ កំពុងតែវិនិយោគយ៉ាងខ្លាំងនៅខេត្តព្រះសីហនុ ក្នុងនោះគឺក្រុមហ៊ុនមានគម្រោងសាងសង់វីឡាទោលជាច្រើនខ្នង ដាក់លក់ជូនអតិថិជនដែលមានតម្លៃទាបមិនគួរឲ្យជឿពោលគឺត្រឹមតែ ១៩,៩៩៩ ដុល្លារ ដោយតម្លៃនេះ គឺក្រោយពីក្រុមហ៊ុនបានបញ្ចុះយ៉ាងច្រើនសន្ធឹកសន្ធាប់រហូតដល់២ម៉ឺនដុល្លារ ខណៈតម្លៃពេញសម្រាប់ប្រភេទវីឡាទោលក្នុងក្តីស្រមៃរបស់លោកអ្នក គឺមានតម្លៃដល់ទៅ ៣៩,៩៩៩ ដុល្លារសហរដ្ឋអាមេរិកឯណោះ ។
ប្រភពបញ្ជាក់ថាគម្រោងរបស់បុរី ឡេង ណាវ៉ាត្រា សាខាខេត្តព្រះសីហនុ សម្រាប់វីឡាទោលក្នុងក្តីស្រមៃនោះ គឺមានទំហំផ្ទះ 6.8m×9m និងទំហំដី 8.4mx14m ។ ជាពិសេសទីតាំងគម្រោងទៀតសោត គឺចេញពីព្រលានយន្តហោះត្រឹមតែ 18 គីឡូម៉ែត្រ ជិះតាមផ្លូវជាតិលេខ៤ ដល់បង្គោលគីឡូម៉ែត្រលេខ ១៨៩ ឆ្វេងដៃជាប់ផ្សារព្រៃនប់ ក្រុងព្រះសីហនុ ដែលពិតជាតំបន់មនុស្សរស់នៅអ៊ូអរបំផុត ។ លក្ខណៈពិសេសរបស់ វីឡាទោលខាងលើ មានសួនច្បារខាងមុខវីឡា ងាយស្រួលក្នុងការធ្វើកម្មវិធីផ្សេងៗ ដូចជាជប់លៀងជាដើម ។
ចំណែកក្នុងផ្ទះវីឡាទោល ដែលមានតម្លៃធូរថ្លៃនេះទៀតសោត គឺមានបន្ទប់គេងចំនួន2 កន្លែងទទួលភ្ញៀវ បូករួមជាមួយផ្ទះបាយដែលមានការរចនាដ៏ល្អប្រណីត និងបរិក្ខារទំនើបៗ ។ ការប្រកាសលក់គម្រោងខាងលើ មានបង្ហាញនូវរូបម៉ូដវីឡាជាច្រើនប្លង់ផងនោះ បានធ្វើឲ្យអតិថិជនគាំទ្រជាខ្លាំង ដោយពួកគេរំពឹងថា តម្លៃនេះម្នាក់ៗអាចមានលទ្ធភាពទិញរស់នៅបានគ្រប់គ្នា ត្បិតអីវាមានតម្លៃទាប សូម្បីតែយកប្រាក់ដែលទិញនេះមកសាងសង់ដោយខ្លួនឯងក៏សង់មិនបាន ហើយប្រសិនបើទិញទុកលក់វិញទទួលបានប្រាក់ចំណេញច្រើនក្នុងរយៈពេលខ្លី ។
កាលទៅមើលគម្រោងទី១ របស់បុរី ឡេង ណាវ៉ាត្រា នៅផ្លូវវ៉េងស្រេង ដែលជាទីប្រជុំជនកណ្ដាលក្រុងនោះ ដំបូងឡើយ អតិថិជនមានការរារែកទិញដូចគ្នា ដែលកាលណោះទំហំផ្ទះ ៤.២m×១២m កម្ពស់២ជាន់ តម្លៃត្រឹមតែ២៩,៨០០ ដុល្លារប៉ុណ្ណោះ ។ កាលណោះ អតិថិជនចំនួនធំឆ្ងល់ថា ហេតុអ្វីបានលក់តម្លៃទាបម្ល៉េះ អ្នកខ្លះអត់ហ៊ានទិញ អ្នកខ្លះហ៊ានទិញ ។
គ្រាន់តែក្រុមហ៊ុនបើកលក់មិនបានប៉ុន្មានផងលក់ដាច់អស់គ្មានសល់ ហើយអ្នកដែលទិញនោះ ចង់លក់វិញបានចំណេញ១ល្វែងៗជាច្រើនម៉ឺនដុល្លារ ។ ក្រៅពីប្រកាសសាងសង់វីឡាទោល បុរី ឡេង ណាវ៉ាត្រា មានគម្រោងជាច្រើនទៀតលើផ្ទៃដី ១៥០ហិតា ដែលមានទីតាំងតាមបណ្ដោយផ្លូវជាតិលេខ៤ ក្នុងភូមិទូលទទឹង២ ឃុំទូលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ ថ្មីៗនេះ ឧកញ៉ា ដែលមានប្រវត្តិ អតីតពលករធ្វើការនៅ ប្រទេសកូរ៉េរូបនេះ ក៏បានប្រកាស និងសាងសង់ផ្ទះសំណាក់ដែលមានតម្លៃ១០ទៅ២៥ដុល្លារ ក្នុង១យប់ លើទីតាំងអភិវឌ្ឍន៍ខាងលើផងដែរ៕ វឌ្ឍនា