ព័ត៌មានទាន់ហេតុការណ៍៖

ស្ពានជ្រោយចង្វាចាស់នឹងបើកដំណើរការឡើងវិញអំឡុងចូលឆ្នាំថ្មី

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងសាធារណការនឹងរកពេលសមស្របដើម្បីកំណត់ពេលវេលាបើកឱ្យដំណើរការស្ពានជ្រោយចង្វាចាស់ដែលជាជំនួយរបស់ JICA នៅអំឡុងពេល ចូលឆ្នាំថ្មី ។ ខណៈដែលការងារជួសជុល ឡើងវិញចាប់ដំណើរការអំឡុងខែតុលា ឆ្នាំ២០១៧ មកនោះរហូតមកដល់ពេលនេះបានលឿនជាងការកំណត់គឺជួសជុលបានជិត១០០ភាគរយហើយ ។
លោក ឈឹម ផល្លា ប្រធាននាយកដ្ឋានទំនាក់ទំនងអន្តរជាតិក្រសួងសាធារណការ និងដឹកជញ្ជូន និងជា អ្នកមើលការខុសត្រូវ នៃគម្រោងជួសជុលស្ពាននេះបានឱ្យដឹងថា រហូតមកដល់ពេលនេះការជួសជុលស្ពានជ្រោយចង្វាចាស់សម្រេចជិតបាន ១០០ភាគរយហើយដែលគម្រោងផែនការ នេះនឹងត្រូវបញ្ចប់មុនពេលកំណត់។ គម្រោង នេះនឹងបញ្ចប់នៅមុនបុណ្យចូលឆ្នាំខ្មែរ ហើយក្រសួងសាធារណការនឹងរកពេលវេលាសមស្របមួយ ដើម្បីកំណត់ពីពេលវេលាបើកឱ្យដំណើរការស្ពានជ្រោយ ចង្វាចាស់នេះឡើងវិញជាមួយនឹងម្ចាស់ ជំនួយគឺ JICA ។
លោកបានឱ្យដឹងទៀតថា ស្ពាននេះតាម ផែនការគម្រោងនឹងត្រូវបញ្ចប់នៅខែ៨ ឬខែ៩ ឆ្នាំ២០១៩ ប៉ុន្តែផ្ទុយទៅវិញត្រូវ បានជួសជុលលឿន ដូច្នេះហើយទើបបើកឱ្យដំណើរការមុនបែបនេះគឺក្នុងឱកាសពិធីបុណ្យចូលឆ្នាំ ស្ពានជ្រោយចង្វាចាស់និងថ្មី ត្រូវបើកឱ្យដំណើរការទាំងពីរ។ ស្ពានជ្រោយ ចង្វាចាស់ត្រូវបានកសាងឡើងនៅឆ្នាំ ១៩៦៣ និង១៩៦៤និងត្រូវបានកាត់ផ្តាច់ដោយការដាក់គ្រាប់បែកក្នុងអំឡុងសម័យសង្គ្រាមឆ្នាំ១៩៧២ហើយត្រូវតភ្ជាប់វិញនៅឆ្នាំ១៩៩៣និងត្រូវបានជួសជុលឡើង វិញក្នុងខែតុលាឆ្នាំ២០១៧ដែលមាន គម្រោង២២ខែតែគ្រោងបញ្ចប់មុនផែន  ការកំណត់ចំនួនជាង៤ខែដែលស្ពាននេះ កសាងឡើងដោយរដ្ឋាភិបាលជប៉ុននិង ត្រូវជួសជុលឡើងវិញ ដោយរដ្ឋាភិបាល ជប៉ុនតាមរយៈទីភ្នាក់ងារសហប្រតិបត្តិការជប៉ុនហៅកាត់ថា Jica និងក្រោមការគ្រប់ គ្រងរបស់រាជរដ្ឋាភិបាលកម្ពុជា ៕ ហេង នរិន្ទ្រ

ចែករំលែក៖