ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូលឿនមិនប្រយ័ត្នជ្រុលទៅបុករថយន្តបណ្តាលឲ្យស្លាប់ម្នាក់និង រងរបួសធ្ងន់ម្នាក់

ចែករំលែក៖

ភ្នំពេញ៖ យុវជនម្នាក់បានស្លាប់ភ្លាមនៅកន្លែងកើតហេតុនិងម្នាក់ទៀតបានរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗខណះជិះម៉ូតូលឿនដល់ចំណុចផ្លូវកោងមិនបន្ថយល្បឿនក៏ជ្រុលបុករថយន្តខ្ទៀតទៅបោកក្បាលនិងលូថែមទៀត។

ហេតុការណ៍​នេះបានកើតឡើង កាលពីវេលា ម៉ោង៦និង៤៥នាទីយប់ ថ្ងៃ ពុធ ៤កើត​ ខែបុស្ស​ ឆ្នាំច​ សំរឹទ្ធ​ស័ក​ ពស​២៥៦២​ ត្រូវនិងថ្ងៃទី៩ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅតាមផ្លូវបេតុង ក្នុងភូមិបឹងធំទី៣ សង្កាត់បឹងធំ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះ ឈ្មោះ សុខ ម៉េងសឺ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស មានទីលំនៅ ភូមិបឹងធំទី១ សង្កាត់ បឹងធំ ខណ្ឌពោធិសែនជ័យ រងរបួសធ្ងន់ ។ រួមដំណើរជាមួយជនរងគ្រោះ ឈ្មោះ ទិត្យ ប៊ុនលី ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស មានទីលំនៅភូមិបឹងធំទី១ សង្កាត់បឹងធំ ខណ្ឌពោធិសែនជ័យ ស្លាប់ភ្លាមៗនៅកន្លែង ។

តាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញជនរងគ្រោះ ជិះម៉ូតូ ម៉ាកស៊ុយហ្សុយគី និច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1CU-5073 ជិះគ្នា២នាក់ ឌុបគ្នា ល្បឿនលឿន តាមបណ្តោយផ្លូវបេតុង ពីលិចទៅកើត ដល់ចំណុចកើតហេតុខាងលើ ក្នុងស្ថានភាពផ្លូវកោងផងក៏ បានទៅបុកជាមួយរថយន្តម៉ាក នីសាន់ បែន ដឹកដីកង់៦ ពណ៌ខៀវ ពាក់ស្លាកលេខ ចង្កូតស្តាំ PP-0368 បើកពីកើតទៅលិច បញ្ច្រាស់ទិសគ្នា បណ្តាលឲ្យ អ្នកបើកបរម៉ូតូ បុកផ្ទប់កញ្ចក់រថយន្ត រងរបួសធ្ងន់ ត្រូវបានរថយន្តសង្រ្គោះដឹកទៅមន្ទីពេទ្យភ្លាមៗ រីឯអ្នករួមដំណើរ ជិះខាងក្រោយខ្ទាតផ្លោងទៅបុកផ្ទប់លូ ដាក់នៅចិញ្ចើមផ្លូវ បណ្តាលឲ្យ បាក់កស្លាប់ ភ្លាមៗនៅកន្លែង បាក់ បែកទាំងលូ ។ ម៉ូតូរងការខូចខាតផ្នែកខាងមុខស្ទើរតែទាំងស្រុង។ចំណែកឯរថយន្តរងការខូចខាតផ្នែកខាងមុខចំហៀងខាងស្តាំ។ ក្រោយពីបុក ហើយតៃកុងរថយន្តមើលសភាពមិនស្រួលបានបើកទ្វារចុះរត់បាត់ស្រមោល បន្សល់ទុកតែរថយន្តនៅកន្លែងកើតហេតុ។

ក្រោយមកក៏មានសមត្ថកិច្ចមូលដ្ឋានចុះមកដល់ហើយក៏ទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៏មកវាស់វែងយក ម៉ូតូនិងរថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៏ផ្លូវគោកនៃស្នងការនគរបាលរាជធានីភ្នំពេញរងចាំម្ចាស់រថយន្តចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់។ ចំណែកសាកសព សមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕ សុខាសែនជ័យ


ចែករំលែក៖