ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចវាយខ្នោះអធិការរង ខៃ វណ្ណៈ ពាក់ព័ន្ធបទល្មើសជំនួញឈើ តែរបូតវិញត្រឹមទឹកប្រាក់៣៥.០០០ដុល្លារប៉ុណ្ណោះ

ចែករំលែក៖

ខេត្តមណ្ឌលគិរី ៖ ជនសង្ស័យម្នាក់មាន តួនាទីជាអធិការរងនគរបាលស្រុកអូររាំង និងជាមេឈ្មួញឈើដ៏សកម្មជាយូរឆ្នាំមកនោះត្រូវបានសមត្ថកិច្ចនគរបាលខេត្ត មណ្ឌលគិរី ចាប់វាយខ្នោះក្នុងបទល្មើសដឹកជញ្ជូនឈើជាក់ស្តែងកាលពីព្រលប់ ថ្ងៃអង្គារ ៣កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែមករា ឆ្នាំ ២០១៩ នៅចំណុចវាលអាមេរិកាំងស្រុក អូររាំងតាមបញ្ជាថ្នាក់លើបញ្ជូនខ្លួនមកអធិការដ្ឋាន នគរបាលស្រុកអូររាំងទាំងយប់ ជាមួយការចាប់យកវត្ថុតាងរថយន្ត និង ឈើ ។ ប៉ុន្តែមិនដឹងជាសម្របសម្រួលដោយ វិធីណាបែរជាជនសង្ស័យគឺលោក ខៃ វណ្ណៈ អធិការរងនគរបាលស្រុកអូររាំងទទួលផែនព្រហ្មទណ្ឌបានរបូតខ្នោះពីដៃនៅយប់ថ្ងៃ ដដែល គេចខ្លួនបណ្តោះអាសន្នជាមួយនិង ពាក្យអាចាមអារា៉មរហៀងៗថាអស់លុយ ចំនួន៣៥.០០០ដុល្លារ ។
ពាក់ព័ន្ធរឿងអធិការរង រូបនេះត្រូវ បានប្រជាជន សមត្ថកិច្ចអាជ្ញាធរមូលដ្ឋាន ទទួលស្គាល់គាត់ គឺជាមេឈ្មួញរកសុីដឹក ជញ្ជូនឈើជាយូរឆ្នាំមកហើយតាមរយៈ បង់លុយឲ្យសមត្ថកិច្ចជំនាញអាជ្ញាធរផង លោតឆត្រផង យកតួនាទីជាអធិការរង ផងបានសុខរហូត ទើបនៅព្រលប់វេលាម៉ោង៧និង២នាទីយប់ថ្ងៃទី៨ ខែមករា ឆ្នាំ ២០១៩ លេចឮថាសមត្ថកិច្ចចាប់វាយខ្នោះ ក្នុងបទល្មើសដឹកជញ្ជូនឈើតាមបញ្ជា           ថ្នាក់លើផ្អើលអស់អ្នកស្រុកអូររាំង និងទទួល បានការគាំទ្រពីប្រជាជនចំពោះចំណាត់ ការនេះ។ ចុងក្រោយរបូតខ្នោះវិញមាន ន័យថា លោក ខៃ វណ្ណៈ អធិការរងនគរ  បាលស្រុកអូររាំងទទួលផែនព្រហ្មទណ្ឌខ្លាំងនៅតែខ្លាំងដដែលរកសុីមិនចេះជាប់គុក សង្ស័យមានការអន្តរាគមន៍មានការចំណាយថវិកា ដោយប្រការណាមួយ?
ជនសង្ស័យ ខៃ វណ្ណៈ អធិការរងនគរបាលស្រុកអូររាំងទទួលផែនព្រហ្មទណ្ឌបានរបូតខ្នោះពីដៃអង្គភាពកាសែត «នគរវត្ត» មិនអាចទាក់ទងសុំការបំភ្លឺបាន ទេ ពាក់ព័ន្ធនឹងថាគាត់ចំណាយលុយ ៣៥.០០០ដុល្លារជាថ្នូរបានរបូតខ្នោះគេច ខ្លួនដោយសុវត្ថិភាព នៅព្រឹកថ្ងៃពុធ ៤កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹង ថ្ងៃទី៩ ខែមករា ឆ្នាំ២០១៩ ដោយ គ្មានលេខទូរស័ព្ទ ។
ដោយឡែកលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរីបានឲ្យដឹងថា មិនមានករណីវ៉ៃខ្នោះ អធិការរងនោះទេ គ្រាន់តែជាការភ័ន្តច្រឡំបន្តិចបន្តួចដែលគាត់បានដឹកឈើយកមកធ្វើផ្ទះ ក្នុងនោះមានឈើក្រឡឹង៣ដុំ ប៉ុណ្ណោះ។ លោកស្នងការបន្តថាបច្ចុប្បន្នសម្របសម្រួលចប់ហើយ ហើយក៏មិន ធ្ងន់ធ្ងរដែរ ។
លោក សូ សុវណ្ណ ស្នងការរងទទួល ផែនព្រហ្មទណ្ឌបានឲ្យដឹងថា ខ្ញុំទទួល ដំណឹងដែរចំពោះករណីខាងនោះ ប៉ុន្តែ លោក ខៃ វណ្ណៈ អធិការរងគាត់ដឹកតែ ចំនៀរឈើតិចតួចទេ គ្រាន់លក់រួចថ្លៃបាយ ថ្លៃសាំង ហើយគាត់ក៏មិនត្រូវឃាត់ខ្លួន ព្រោះជារឿងកំបុិកកំប៉ុកចេះតែមានការយោគយល់គ្នាទៅ ។
លោក អ៊ុំ វណ្ណសុភ័ ក៏នាយខណ្ឌរដ្ឋ បាលព្រៃឈើ ខេត្តមណ្ឌលគិរីទទួលស្គាល់ ផងដែរ ថារឿងនេះលោកទើបនឹងដឹងនៅព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០១៩ ប៉ុន្តែលោក មានភារកិច្ចមកប្រជុំនៅភ្នំពេញ។ តាម            ទូរស័ព្ទជាមួយអង្គភាពកាសែត«នគរវត្ត» លោកបញ្ជាក់ថា រឿងនេះខាងសមត្ថកិច្ចមិន ទាន់ប្រគល់ឈើនោះមកឲ្យខាងជំនាញ តាមនីតិវិធីនៅឡើយទេ។ចំពោះករណី ដែលថា អធិការរង ខៃ វណ្ណៈ របូតខ្នោះគេច ខ្លួនជាមួយនឹងការចំណាយថវិកា៣៥.០០០ ដុល្លារ លោក អ៊ុំ វណ្ណសុភ័ក៌ មិនធ្វើការអត្ថា ធិប្បាយគ្រាន់តែសើចរបៀបរាក់ទាក់ ប៉ុណ្ណោះ ។
សូមបញ្ជាក់ថា ខេត្តមណ្ឌលគិរីរឿងរ៉ាវបទល្មើសព្រៃឈើបន្តកើតហូរហែភាគ ច្រើនសមត្ថកិច្ច និងមន្ត្រីរាជការខ្លះជាអ្នក រកសុីផ្ទាល់ រហូតដល់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃស្តីបន្ទោសឲ្យ លោក ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តមណ្ឌល គិរីបន្តឲ្យមានបទល្មើសព្រៃឈើក្នុងដែរ សមត្ថកិច្ចខ្លួនគ្រប់គ្រងថែមទៀត ៕ សុខ ខេមរា

ចែករំលែក៖