វិវាទនយោបាយនៅអាមេរិក កាន់តែរីកធំឡើងពីមួយថ្ងៃទៅមួយថ្ងៃ ហើយការបិទទ្វាររដ្ឋាភិបាល នឹងបន្តអូសបន្លាយ ក្រោយពេល កិច្ចពិភាក្សារវាង លោកត្រាំ នឹងគណបក្សប្រជាធិបតេយ្យមិនទទួលបានលទ្ធផល ដោយគណបក្ស ប្រជាធិបតេយ្យ មិនព្រមចំណាយសម្រាប់សាងសង់ជញ្ជាំងព្រំដែន ដែលលោកត្រាំស្នើឡើង ។
ប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ បានចាកចេញពីកិច្ចប្រជុំ ក្រោយពេល លោកស្រី Nancy Pelosi មេដឹកនាំគណបក្សប្រជាធិបតេយ្យនៅក្នុងសភា បានបញ្ជាក់ថា នឹងមិនអនុញ្ញាតផ្តល់ប្រាក់សម្រាប់ សាងសង់ជញ្ជំាងព្រំដែនឡើយ។ ស្ថានភាពខាងលើ នឹងធ្វើឲ្យការបិទទ្វាររដ្ឋាភិបាលអាមេរិក នៅតែអូសបន្លាយទៅមុខទៀត។
ប្រធានាធិបតីដូណាល់ ត្រាំ មានកំហឹងយ៉ាងខ្លាំង នៅពេលដែលភាគីខាងគណបក្សប្រជាធិបតេយ្យ បានបដិសេធន៍ច្រានចោលសំណើរបស់លោក ម្តងហើយៗទៀត ដែលទទូចចង់បានឲ្យមានការអនុម័តយល់ព្រមលើគម្រោងចំណាយទឹកប្រាក់៥.៧ពាន់លានដុល្លារដើម្បីសាងសង់ជញ្ជាំងព្រំដែន ជាប់ជាមួយប្រទេសម៉ិកស៊ីកូ ។
លោកដូណាល់ ត្រាំ បានដើរចេញទាំងកំហឹងក្នុងចិត្ត ហើយបានសរសេរបង្ហោះសារតាមបណ្តាញទំនាក់ទំនងសង្គមថា «ទើបតែបានចេញពីកិច្ចប្រជុំមួយ ជាមួយ Chuck និង Nancy, ជាសរុបគឺខ្ជះខ្ជាយពេលវេលា ។ ខ្ញុំបានសួរថា តើមានអ្វីបានកើតឡើងក្នុងរយៈពេល៣០ថ្ងៃ ប្រសិនជាខ្ញុំមិនបានបើកទ្វារឲ្យបានឆាប់រហ័សទេនោះ តើអ្នកឯងយល់ព្រមក្នុងបញ្ហាសន្តិសុខតាមព្រំដែន ដោយរួមបញ្ចូលទាំងជញ្ជាំង ឬរបាំងការពារដោយដែក ដែរឬទេ? Nancy ឆ្លើយថា ទេ ។ ខ្ញុំ និយាយវិញថា ចឹងមានតែ bye-bye, គ្មានអ្វីត្រូវធ្វើទៀតទេ»។
លោក Chuck Schumer ប្រធានព្រឹទ្ធសភាគណបក្សសាធារណរដ្ឋបាននិយាយថា បន្ទាប់ពីលោកដូណាល់ ត្រាំ សួរទៅលោកស្រីប្រធានរដ្ឋភានៃគណបក្សប្រជាធិបតេយ្យ Nancy Polosi ថា តើលោកស្រី «យល់ព្រមចំពោះការកសាងជញ្ជាំងព្រំដែនរបស់ខ្លុំ»ដែរឬទេ ហើយលោកស្រី បានឆ្លើយថា «ទេ» ពេលនោះ លោក ត្រាំ និយាយថា «យើងគ្មានអ្វីត្រូវពិភាក្សាគ្នាទេចឹង» ក្រោកឡើង ហើយដើរចេញតែម្តង ៕