ព័ត៌មានទាន់ហេតុការណ៍៖

ក្រោយប្រឈមមុខកាន់តែតានតឹង មហាសេដ្ឋី​ បង្កើតក្រុមហ៊ុន ​Huaweiចេញមុខការពារ

ចែករំលែក៖

សារព័ត៌មាន​ Bloomberg ​បានដកស្រង់សម្តីលោក​ ​ Ren Zhengfei អាយុ​៧៤ឆ្នាំ​ បានបញ្ជាក់នៅក្នុង វេទិកាតុមូលជាមួយបណ្តាអ្នកសារព័ត៌មានសំខាន់ៗជុំវិញពិភពលោកថា​ «ខ្ញុំស្រឡាញ់ទឹកដីរបស់ខ្លួន ខ្ញុំគាំទ្រ បក្សកុម្មុយនិស្តចិន ប៉ុន្តែខ្ញុំមិនធ្វើអ្វីបង្កការខូចខាតដល់ពិភពលោកនោះឡើយ​» ។

លោក ​Ren Zhengfei មហាសេដ្ឋី​ បង្កើតក្រុមហ៊ុន​Huawei បានបំបែកភាពស្ងប់ស្ងាត់​ជាច្រើនឆ្នាំកន្លងមក ក្រោយពេល ក្រុមហ៊ុនបច្ចេកវិទ្យារបស់លោក​ ប្រឈមនឹងវិបត្តិ ទ្រង់ទ្រាយធំបំផុត មិនធ្លាប់មាន ក្នុងរយៈពេល​៣ទសវត្សរ៍ កន្លងមក ។

មហាសេដ្ឋីក្រុមហ៊ុនទូរគមនាគមន៍​ចិន លោក​ Ren Zhengfei បានហៅលោកត្រាំ​ថា «ប្រធានាធិបតីដ៏អស្ចារ្យ​» ។ លោកបន្តទៀតថា លោករង់ចាំមើលថា តើ​មេដឹកនាំអាមេរិក លូកដៃទៅក្នុងករណី​កូនស្រីរបស់លោក​ អគ្គនាយកហិរញ្ញវត្ថុ Meng Wanzhou ​ដែលកាណាដា​បានចាប់ខ្លួន ហើយកំពុងប្រឈមនឹងការបញ្ជូនទៅកាន់អាមេរិកដែរ ឬទេ។

ការបង្ហាញវត្តមានរបស់មហាសេដ្ឋី ​Huawei ​លើកចុងក្រោយបំផុត គឺនៅឆ្នាំ​២០១៥​ តាំងពីពេលនោះមក លោកមិនដែលបង្ហាញខ្លួន តាមប្រព័ន្ធផ្សព្វផ្សាយនានានោះឡើយ​​។ នៅពេលនេះ លោកបានបញ្ចេញប្រតិកម្ម មានន័យថា ស្ថានភាពកាន់តែតានតឹង ដោយការវាយប្រហារ មកលើក្រុមហ៊ុន Huawei ជានិមិត្តរូប ធំបំផុតនៃបច្ចេកវិទ្យារបស់ចិន​។

លោកបន្តទៀតថា​ «ប្រសិនបើពួកគេ មិនចង់ឲ្យយើងនៅក្នុងទីផ្សារ របស់ពួកគេ យើងនឹងកាត់បន្ថយ ឬដកចេញ​ទៅកាន់ទីផ្សារផ្សេង ឲ្យតែយើងអាចស្ថិតស្ថេរ ដើម្បីចិញ្ជឹមបុគ្គលឹករបស់ខ្លួន​មានប្រាក់ចំណូល គឺគ្រប់គ្រាន់ហើយ អនាគតដ៏ល្អនឹងមករកយើង»៕


ចែករំលែក៖