ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិកក៏មានចំណុច ជាច្រើនដែលចាញ់ប្រៀបចិនលើបច្ចេកវិទ្យាមួយចំនួន

ចែករំលែក៖

បច្ចេកវិទ្យារបស់ចិន កាន់តែរីកចំរើនពីមួយថ្ងៃទៅមួយ​ថ្ងៃ ទាំងនៅលើទីអវកាស ក៏ដូចជានៅលើផែនដី ពិសេសគឺការផលិតអាវុធសម្រាប់ការពារជាតិ ។ នៅពេលនេះដែរ មន្ទីបញ្ចកោណអាមេរិកបានទទួលស្គាល់ថា​ ចិនពិតជានាំមុខលើអាមេរិក សម្រាប់បច្ចេកវិទ្យាមួយចំនួនផងដែរ ។

ចិនកំពុងតែអភិវឌ្ឍន៍​អាវុធទំនើបៗបំផុតនៅលើពិភពលោក ហើយអាវុធទាំងនោះ មានប្រៀបជាងគូប្រជែងរបស់ខ្លួន ។ នេះជាលើកទីមួយហើយ ដែលមន្ទីរបញ្ចកោណ​បានទទួលស្គាល់ថា​ ចិន រីកចំរើនយ៉ាងខ្លាំង ក្នុងវិស័យសព្វាវុធសម្រាប់យោធា ។

តាមរបាយការណ៍របស់ ទីភ្នាក់ងារចារកម្មរបស់ក្រសួងការពារជាតិ​អាមេរិក​បានលើកឡើងថា​ ទីក្រុងប៉េកាំង រីកចម្រើនយ៉ាងខ្លាំង នៅក្នុងវិស័យសព្វាវុធការពារជាតិ ប៉ុន្មានឆ្នាំចុងក្រោយនេះ ។ សារព័ត៌មាន​ Channel News Asia ​បានផ្សាយថា កត្តាដែលជំរុញឲ្យចិនអភិវឌ្ឍន៍សព្វាវុធកាន់តែរីកចំរើននោះ ដោយសារតែប្រទេសមួយចំនួន​បានដោះដូរ​បច្ចេកវិទ្យា និងការចូលទៅកាន់ទីផ្សា​របស់ចិន ។

ជាលទ្ធផល​ ចិនទទួលបានបច្ចេកវិទ្យា ដែលមានស្រាប់ ព្រមទាំងការអភិវឌ្ឍន៍ស្រាវជ្រាវបង្កើតថ្មី​បានធ្វើឲ្យចិននាំមុខ លើបច្ចេកវិទ្យាមួយចំនួន ក្នុងនោះមានទាំង បច្ចេកវិទ្យាសម្រាប់ ទាហានជើងទឹក កាំជ្រួចមីស៊ីលរយៈចម្ងាយមធ្យម និងមីស៊ីលល្បឿនលឿនជាងសំឡេង ក៏ដូចជាប្រព័ន្ធការពារមីស៊ីលដ៏ទំនើប ផងដែរ។

ជាក់ស្តែង បច្ចេកវិទ្យា ផលិតនាវាផ្ទុកយន្តហោះ កាលពីមុនចិន មិនមានឡើង​ប៉ុន្តែក្រោយពេលដែលទិញនាវាផ្ទុកយន្តហោះពីអ៊ុយក្រែន មកជួសជុល ធ្វើឡើងថ្មីវិញ ចិនទទួលបានបច្ចេកវិទ្យា ផលិតនាវាផ្ទុកយន្តហោះសម្រាប់ផ្ទាល់ខ្លួន​ ដោយពេលនេះចិន​បានផលិតនាវាផ្ទុកយន្តហោះដោយបច្ចេកវិទ្យាខ្លួនឯង​​។

តាមរបាយការណ៍ចារកម្មពីក្រសួងការពារជាតិ អាមេរិក​បានឲ្យដឹងថា ចិន​កំពុងតែអភិវឌ្ឍន៍ផលិតយន្តហោះទម្លាក់គ្រាប់ បំបាំងកាយ រយៈចម្ងាយឆ្ងាយ អាចវាយប្រហារនៅលើគោលដៅនានាទូទាំងពិភពលោក ។ យន្តហោះបំបាំងកាយនោះនឹងដាក់ឲ្យប្រើប្រាស់នៅឆ្នាំ​២០២៥។

ក្រៅពីនេះ ចិនក៏បានបង្កើតទីតាំងយោធានៅក្រោមដី បញ្ចៀសការ តាមបានពីប្រព័ន្ធរ៉ាដា​ របស់សត្រូវ ៕


ចែករំលែក៖