ព័ត៌មានទាន់ហេតុការណ៍៖

ZhongAn និង Grab វិនិយោគរួមគ្នាបង្កើតទីផ្សារធានារ៉ាប់រងបែបឌីជីថលនៅតំបន់អាស៊ីអាគ្នេយ៍

ចែករំលែក៖

ភ្នំពេញ ៖ ក្រុមហ៊ុន ZhongAn Online P&C Insurance (ZA Insurance) ដែលជាក្រុមហ៊ុនធានារ៉ាប់រងផ្ដល់សេវាតាមអ៊ិនធឹណិតដំបូងគេនៅក្នុងប្រទេសចិន បានប្រកាសនៅថ្ងៃនេះថា ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន គឺ ZhongAn Technologies International Group Limited (“ZA International”) និងក្រុមហ៊ុន Grab Holdings Inc (“Grab”) ដែលជាកម្មវិធីផ្ដល់សេវាកម្មតាមប្រព័ន្ធអនឡាញ ទៅសេវាកម្មដោយផ្ទាល់ (O2O) ឈានមុខគេនៅ អាស៊ីអាគ្នេយ៍ នឹងបង្កើតក្រុមហ៊ុនវិនិយោគរួមមួយ ដើម្បីធ្វើអាជីវកម្មចែកចាយផលិតផលធានារ៉ាប់ រងបែបឌីជីថលនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ។

ការវិនិយោគរួមនេះនឹងបង្កើតជាផ្សារធានារ៉ាប់រងបែបឌីជីថល ដែលមានលក់ផលិតផលធានា រ៉ាប់រងដោយផ្ទាល់ក្នុងប្រភេទផ្សេងៗជាច្រើន តាមរយៈកម្មវិធីចល័តរបស់ Grab ។ ក្រុមហ៊ុនវិនិយោគ រួមនេះ នឹងសហការជាមួយនឹងក្រុមហ៊ុនធានារ៉ាប់រងក្នុងពិភពលោក ដើម្បីអភិវឌ្ឍផលិតផល ដែល ត្រូវបានបង្កើតឡើងជាពិសេស ឲ្យស្របតាបតម្រូវការនៃការរស់នៅរបស់ប្រជាជនអាស៊ីអាគ្នេយ៍ ។

នៅក្នុងផ្នែកមួយនៃកិច្ចព្រមព្រៀង ក្រុមហ៊ុន ZA International ដែលជាក្រុមហ៊ុនបង្កើត ឡើងដោយ ZA Insurance សម្រាប់ការអភិវឌ្ឍន៍អាជីវកម្មក្រៅប្រទេស នឹងនាំយកធនធាន បច្ចេកទេសដើម្បីបង្កើតកម្មវិធីចែកចាយផលិតផលធានារ៉ាប់រង និងចំណេះដឹងផ្នែកប្រព័ន្ធ អ៊ិនធឹណិត យកមកដំណើរការក្រុមហ៊ុនវិនិយោគរួមនេះ ។

Grab នឹងដាក់ឲ្យដំណើរការកម្មវិធីធានា រ៉ាប់រងបែបឌីជីថលនេះ នៅក្នុងកម្មវិធីចល័តរបស់ខ្លួន ហើយនឹងប្រើប្រាស់មូលដ្ឋានអ្នកប្រើប្រាស់ ដ៏ច្រើនរបស់ខ្លួន ក៏ដូចជាការយល់ដឹងរបស់ខ្លួនផ្នែកអតិថិជន ដើម្បីផ្ដល់នូវផលិតផលធានារ៉ាប់រង តាមតម្រូវការសម្រាប់អ្នកប្រើប្រាស់រាប់លាននាក់ ។ កម្មវិធីឌីជីថលនេះនឹងដាក់ឲ្យដំណើរការក្នុងប្រទេសសិង្ហបុរីនៅឆមាសទីមួយនៃឆ្នាំ ២០១៩ មុនពេលត្រូវដាក់ឲ្យដំណើរការនៅតាមប្រទេសផ្សេងទៀត ។

កម្មវិធីនេះនឹងផ្ដល់លទ្ធភាពដល់ ប្រជាជនដែលមិនប្រើសេវាធានារ៉ាប់រង ឬប្រជាជនដែលទទួលបានសេវាធានារ៉ាប់រងមិនគ្រប់គ្រាន់ ដើម្បីឲ្យពួកគាត់អាចទទួលបាននូវផលិតផលធានារ៉ាប់រង ដោយប្រើប្រាស់ទូរស័ព្ទចល័តរបស់ខ្លួន ដែលធ្វើដូច្នេះ អនុញ្ញាតឲ្យពួកគាតអាចស្វែងរក និងទូទាត់ដោយផ្ទាល់លើផលិតផលធានារ៉ាប់រង ក្នុងតម្លៃសមរម្យតាមរយៈកម្មវិធី Grab ដោយពុំចាំបាច់ត្រូវឆ្លងកាត់ភ្នាក់ងារ ឬឈ្មួញកណ្ដាលឡើយ ។

លោក Ming Maa ប្រធានក្រុមហ៊ុន Grab មានប្រសាសន៍ថា៖ “ការដាក់ឲ្យដំណើរការនូវកម្មវិធីផ្ដល់សេវាធានារ៉ាប់រង គឺជាផ្នែកមួយនៃការប្ដេជ្ញាចិត្តរបស់យើងក្នុងការក្លាយជាកំពូលកម្មវិធីឈានមុខគេសម្រាប់បម្រើដល់ការរស់នៅប្រចាំថ្ងៃនៅក្នុងតំបន់ ។ ជាមួយនឹងការទាញយកទៅប្រើប្រាស់ជាង ១៣០លានដង នៅ ក្នុងតំបន់អាស៊ីអាគ្នេយ៍ និងមានវត្តមាននៅក្នុងទីក្រុងចំនួន ៣៣៦ ទីក្រុង ដូច្នេះការយល់ដឹង ដ៏ស៊ីជម្រៅរបស់យើងទាក់ទិននឹងឥរិយាបថរបស់អ្នកប្រើប្រាស់ និងតម្រូវការរបស់ពួកគេផ្ដល់ លទ្ធភាពឲ្យយើងអាចផ្ដល់នូវផលិតផលធានារ៉ាប់រង ដែលជួយបង្កើតគុណតម្លៃសម្រាប់អតិថិជន របស់យើង” ។

លោក Wayne Xu អនុប្រធានក្រុមហ៊ុន ZhongAn ទទួលបន្ទុកអាជីវកម្មអន្តរជាតិ បានថ្លែងថា៖ “យើងមានសេចក្តីរីករាយក្នុងការប្រកាសពីភាពជាដៃគូស៊ីជម្រៅនេះជាមួយក្រុមហ៊ុន Grab ដែលជា ក្រុមហ៊ុនយក្សផ្នែកអ៊ិនធឹណិត នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ។

ក្នុងរយៈកាលប្រាំឆ្នាំមកនេះ ក្រុមហ៊ុន ZA Insurance បានទទួលបទពិសោធន៍យ៉ាងច្រើនក្នុងការផ្ដល់សេវាការពារហានិភ័យក្នុងជីវិតប្រចាំថ្ងៃដល់អតិថិជនជាមនុស្សជំនាន់ថ្មី ។ យើងបានចាប់ដៃជាមួយនឹងដៃគូផ្នែកអ៊ិនធឹណិតបែបនេះជាង ៣០០ ក្រុមហ៊ុន ហើយបាននាំចេញនូវសេវាកម្មបច្ចេកវិទ្យារបស់យើង ជាមួយនឹងគោលបំណងរួមមាន គឺដើម្បីកសាងប្រព័ន្ធសេវាធានារ៉ាប់រង ដែលមានក្រុមហ៊ុន ZhongAn ជាស្នូល ។ យើងមានជំនឿ ចិត្តថា យើងអាចបំពេញតម្រូវការផ្នែកធានារ៉ាប់រងដល់អតិថិជនក្នុងតំបន់អាស៊ីអាគ្នេយ៍ ឲ្យកាន់តែ ប្រសើរជាងមុន តាមរយៈក្រុមហ៊ុន Grab នឹងក្រុមហ៊ុនធានារ៉ាប់រងឈានមុខគេផ្សេងទៀត” ។

លោក Reuben Lai នាយកផ្នែកហិរញ្ញវត្ថុរបស់ Grab Financial បានថ្លែងថា៖ “បេសកកម្មរបស់យើង គឺនាំយកនូវសេវាកម្មហិរញ្ញវត្ថុ ដែលសំខាន់ និងមានតម្លៃសមរម្យមកទីផ្សារ អាស៊ីអាគ្នេយ៍ ។ តាមរយៈ ភាពជាដៃគូនេះ យើងសង្ឃឹមថានឹងផ្ដល់ដល់អ្នកប្រើប្រាស់ដៃគូអ្នកបើកបរ និងពាណិជ្ជកររបស់យើងនូវសេវាធានារ៉ាប់រង ដែលមានតម្លៃសមរម្យសម្រាប់ការពារពួកគេពីភាព មិនប្រាកដប្រជាក្នុងជីវិតរស់នៅ ។

ក្នុងនាមជាក្រុមហ៊ុនផ្ដល់សេវាទូទាត់ឌីជីថលតែមួយគត់ដែល មានអាជ្ញាប័ណ្ណធ្វើប្រតិបត្តិការនៅក្នុងបណ្ដាប្រទេសធំៗទាំងប្រាំមួយក្នុងតំបន់អាស៊ីអាគ្នេយ៍ យើង នឹងប្រើប្រាស់វិសាលភាពគ្របដណ្ដប់ថ្នាក់តំបន់របស់យើងនិងធ្វើការជាមួយនឹងក្រុមហ៊ុនដៃគូផ្នែកសេវាធានារ៉ាប់រងលំដាប់ពិភពលោក ដើម្បីពង្រីកវិសាលភាពរបស់យើងនៅក្នុងទីផ្សារឲ្យបាន លឿន”៕ វឌ្ឍនា


ចែករំលែក៖