ភ្នំពេញ៖ តារាចម្រៀង និងជា ម្ចាស់ពានទី ១ Cambodian Idol លោក នី រតនា បានសម្រេចចូលរោងការជាមួយកូនស្រីអ្នកជំនួញទ្រព្យស្តុកស្រស់សោភា នៅថ្ងៃទី១៨ខែមករាឆ្នាំ២០១៩ នេះហើយបន្ទាប់ពីភ្ជាប់ពាក្យបានជិតមួយឆ្នាំ។ ពិធីមង្គលការនេះត្រូវបានរៀបចំយ៉ាងធំដុំមួយដែលមានភ្ញៀវចូលរួមមិនក្រោម១ពាន់នាក់នោះទេ។
នី រតនា ចូលរោងជ័យជាមួយ ភិរិយាឈ្មោះ ហេង សុវណ្ណតក្តិណា ដែលជាកូនស្រីអ្នកជំនួញធំជាផ្លូវការហើយបន្ទាប់ពីភ្ជាប់ពាក្យចាប់តាំងពីខែមេសាឆ្នាំ ២០១៨ កន្លងមក។ ថ្ងៃទី១៧គឺគេឃើញមានរៀបចំពិធីតាមប្រពៃណីទំនៀមទម្លាប់ខ្មែរ និងចិនមួយចំនួនដូចជា មានការសែនព្រេនកាត់គ្រោះជាកម្មវីធីទី១ គឺការសែនកុងម៉ាខណៈដែលរសៀលនេះ មានកម្មវិធីក្រុងពាលី សូត្រមន្តចូលរោងជ័យ។
កម្មវីធីសេរីមង្គលរបស់តារាកំលោះអ្នកកំពង់ចាមរូបនេះត្រូវបានធ្វើឡើងនៅនៅឯអាគារ ដឺព្រេមៀ សេនធ័រ សែនសុខ (អាគារ D,E) ក្រោមវត្តមានអ្នកចូលរួមអបអរជាច្រើនក្នុងនោះគេសង្កេតឃើញវត្តមានអ្នកសិល្បៈជាច្រើនចូលរួមផងដែរ។ ព្រឹកថ្ងៃទី១៨ខែមករានេះគេក៏ឃើញមានការរៀបចំពិធីតាមទំនៀមទម្លាប់ខ្មែរមួយចំនួនជាហូរហែរ ហើយបន្តទៅរៀបចំពិធីទទួលភ្ញៀវប្រមាណ១០០តុនៅទីតាំងខាងលើផងដែរ។
គួរបញ្ជាក់ផងដែរថា ចំណងស្នេហ៍វ័យជាង៣ឆ្នាំរបស់តារាចម្រៀង នី រតនា និងកញ្ញា ហេង សុវណ្ណភក្តិណា បានឈានដល់ការភ្ជាប់ពាក្យទទួលស្គាល់ពីឪពុកម្តាយទាំងសងខាងកាលពីថ្ងៃទី២៧ខែមេសាឆ្នាំ២០១៨ នៅគេហដ្ឋានខាងស្រីនាបុរី ប៉េង ហួត ស្ទឹងមានជ័យ។ ក្រោយភ្ជាប់ពាក្យពួកគេបានសាងភាពផ្អែមល្ហែម និងពង្រីកផ្សព្វផ្សាយលើមុខជំនួញរួមគ្នាផ្នែកលក់គ្រឿងសម្អាង។ នី រតនា ដែលមានឈ្មោះដើម នី ម៉ាប់ ធ្លាប់បញ្ជាក់ថាលោកនឹងនៅតែបន្តការងារសិល្បៈដដែលបើទោះបីជារៀបការរួចនិងមានមុខជំនួញរួមជាមួយអនាគតភរិយាក្តី៕
ដោយ វឌ្ឍនា