ព័ត៌មានទាន់ហេតុការណ៍៖

ប្លន់ ប៉ះចំនារីក្លាហាន វាយដេក ចាប់បានម្នាក់រត់រួចម្នាក់

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យ២នាក់ ប៉ះចំថ្ងៃស៊យ បានធ្វើសកម្មភាពប្លន់ចំនារីក្លាហានមិនបានសម្រេច តដៃវិញ ស្រែកឆោឡោ ខណៈដែលនាងជិះធ្វើដំណើរត្រឡប់ទៅផ្ទះ ពលរដ្ឋចេញមកជួយ ចាប់បានម្នាក់ រត់គេចបាត់ម្នាក់ កាលពីវេលាម៉ោង៤និង១០នាទីព្រឹក ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅក្នុងភូមិព្រៃទា១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។

ជនសង្ស័យ ឈ្មោះ សេដ្ឋ ដារ៉េត ហៅទិត្យ អាយុ១៩ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិទួលសំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ ។ ចំណែកម្នាក់ទៀត ឈ្មោះ វីត អាយុជាង២០ឆ្នាំ ជាមុខសញ្ញាចាស់ រត់គេចខ្លួនបាត់ ។

ជនរងគ្រោះឈ្មោះ ស៊ន រដ្ឋ ភេទស្រី អាយុ២៧ឆ្នាំ មុខរបរកម្មការនីរោងចក្រ ស្នាក់នៅផ្ទះជួលភូមិព្រៃទា១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ មានស្រុកកំណើត ភូមិ សេរីសាមគ្គីកណ្តាល ឃុំស្រឡៅ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។ចំណែកម៉ូតូដែលជនសង្ស័យប្លន់មិនបានសម្រេច ម៉ាកហុងដា សេ១២៥ សេរី២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FA-7402 ។

តាមសម្តីនារីរងគ្រោះបានឲ្យដឹងថា មុនកើតហេតុ នាងនិងមិត្តភ័ក្រជិះម៉ូតូចេញពីធ្វើការវេនយប់ ត្រឡប់មកផ្ទះជួល ជិះមកដល់ចំណុចខាងលើ ជិតដល់បន្ទប់ទៅហើយ ស្រាប់តែលេចមុខជនសង្ស័យ២នាក់មកវាយដណ្តើម យកម៉ូតូ ទើបតដៃវិញ ប្រតាយប្រតប់ ស្រែលឆោឡោ វាយដេកម្នាក់ រត់គេចខ្លួនបាត់ម្នាក់ ។

តាមសម្តីជនសង្ស័យ សេដ្ឋ ដារ៉េត បានឲ្យដឹងថា ខ្លួនទើបរៀនសាកល្បងលើកទី១ ក្រោយពីស្គាល់ ឈ្មោះវីត មួយគ្រាហើយបបួលមកធ្វើបែបនេះ ។

ជនសង្ស័យម្នាក់ក្រោយចាប់ខ្លួនបាន នាំទៅសាកសួរនិងកសាងសំណុំរឿងនៅប៉ុស្តិ៍ចោមចៅ៣ ដើម្បីបញ្ជូនទៅផ្នែកជំនាញអធិការដ្ឋានបន្តនីតិវិធី ៕សុខាសែនជ័យ


ចែករំលែក៖