ភ្នំពេញ៖ តារាប្រុសស្រីវ័យក្មេងជាច្រើនរូប បានបង្ហាញវត្តមានអបអរសាទរក្នុងឱកាស សម្ពោធហាង ស្នាដៃប្តីខ្ញុំ សាខាទី២នៅជិតអាគារប៊ូឌិញនាសង្កាត់ទន្លេបាសាក់។
ម្ចាស់ហាងនេះ ត្រូវបានគេស្គាល់ថាជាអតីតចាងហ្វាងផលិតកម្មមួយ ដែលងាកមកបើកមុខជំនួញថ្មីលើការលក់អាហារសម្រន់ និងទទួលបានការគាំទ្រច្រើនពីអតិថិជន រួមទាំងសិល្បករជាច្រើន។
សិល្បករដែលបានបង្ហាញវត្តមានក្នុងកម្មវិធីនារាត្រីថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩នោះ មានដូចជាម្ចាស់ពាន The Voice Kid Cambodia រដូវកាលទី២ ទេព ពិសិដ្ឋ តារាសម្តែងស្រីវ័យក្មេង អាង សុជាតា តារាប្រុសវ័យក្មេង ផល កក្កដា លោក ហេង ចាន់វិសាល និងសិល្បករជាច្រើននាក់ចូលរួមផងដែរ។
អ្នកស្រីចាន់ណា សុខឃីម ដែលជាម្ចាស់ហើយ និងជាអតីតផលិតករភាពយន្តនោះបានបញ្ជាក់ថា អ្នកស្រីបានសម្រាកពីការងារសិល្បៈដោយងាកមកចាប់មុខរបរបើកហើយលក់អាហារសម្រន់ពេញនិយមួយចំនួនដូចជា បុកល្ហុង បុកពោត សង្វាក់អាំង និងអាហារមួយចំនួនទៀត។
អ្នកស្រីបញ្ជាក់ថាការបើកដំណើរការហាង ស្នាដៃប្តីខ្ញុំ សាខាប៊ូឌិញនេះគឺក្រោយពេលដែលខាទី១របស់អ្នកស្រីនៅជិតផ្សារផេនសល មាត់ទន្លេ ទទួលបានការគាំទ្រច្រើន ពីអតិថិជនរហូតពេលខ្លះរកទីតាំងអង្គុយគ្មានទើបសម្រេចចិត្តបើកដំណើរការហាងទី២ដែលនៅមិនឆ្ងាយប៉ុន្មានពីគ្នានេះ ។
អ្នកស្រីបញ្ជាក់ដែរថាវត្តមានសិល្បករ ដែលបានចូលរួមក្នុងកម្មវិធីប្រកាសបើកដំណើរការជាផ្លូវការនេះគឺជាអ្នករាប់អានជិតស្និទ្ធកន្លងមក ហើយអ្នកស្រីក៏មិនបានអញ្ជើញភ្ញៀវជាសិល្បករច្រើនទេព្រោះជាកម្មវិធីជួបជុំសាមញ្ញៗ និងមិនចងរំខានពេលវេលាពួកគាត់ច្រើន ដែលជារដូវមមាញឹកនឹងការងារសិល្បៈ។
អ្នកស្រីបន្តថាក្រៅពីជាអ្នករាប់អាន ក៏មានសិល្បករមួយចំនួនជាម៉ូយប្រចាំហាងអ្នកស្រីនៅសាខាទី១ ជិតផ្សារផេនសលមាត់ទន្លេនោះផងដែរ ។ អ្នកស្រីបញ្ជាក់ថា ក្រោយបើកដំណើរការហាងថ្មីរយៈពេល២ទៅ៣ថ្ងៃកន្លងមកនេះក៏ទទួលបានការគាំទ្រច្រើនពីអតិថិជនរួមទាំងសិល្បករ ហើយអ្នកស្រីក៏មានកម្មវិធីបញ្ចុះតម្លៃពិសេសសម្រាប់ការបើកដំណើរការហាងថ្មីនេះដែរ។
អ្នកស្រីរំពឹងដែរថា ហាងថ្មីដែលអ្នកស្រីបើកដំណើរការក្នុងពេលនេះនឹងទទួលបានការគាំទ្រកាន់តែច្រើនពីអតិថិជនជាក់ជាមិនខានព្រោះតែជាទីតាំងដែលប្រមូលផ្តុំដោយមនុស្សម្នា ពិសេសអ្នកស្រីជឿជាក់លើស្នាដៃធ្វើម្ហូបរបស់អ្នកស្រីដោយផ្ទាល់ដៃ ប្រកបដោយរសជាតិឆ្ងាញ់ មានអនាម័យខ្ពស់ និងមានមុខម្ហូបប្លែកៗសម្រាប់អតិថិជន៕ វឌ្ឍនា