ខេត្តកំពង់ធំ៖ ប្រជាកសិកររស់នៅក្នុងស្រុកបារាយណ៍ និងក្រុងស្ទឹងសែន ខេត្តកំពង់ធំ កំពុងជួបបញ្ហាសត្វល្អិត មមាចត្នោតចង្រៃ បានស៊ីបំផ្លាញដំណាំស្រូវ របស់គាត់អស់ជាង១៣៥០ហិកតា នៅក្នុងភូមិសាស្ត្រ ឃុំបារាយណ៍ ឃុំទ្រៀល និងសង្កាត់អូរគន្ធរ ក្រុងស្ទឹងសែន ពួកគាត់បានស្នើមន្ត្រីជំនាញនៃមន្ទីរកសិកម្ម ជួយរកវិធីទប់ស្កាត់។
ប្រជាកសិករបានឲ្យដឹងថា បញ្ហាខាងលើនេះ ពួកគាត់បានអំពាវនាវឲ្យមន្ត្រីកសិកម្ម ជួយរកវិធីទប់ស្កាត់កំចាត់សត្វមមាចង្រៃឲ្យអស់ពីស្រែ ជាពិសេសធ្វើការផ្សព្វផ្សាយ ដល់កសិករនៅតាមមូលដ្ឋានឲ្យបានទាន់ពេលវេលា បើពុំដូច្នោះទេនោះ ពួកគាត់ត្រូវបាត់ផលស្រូវអស់ពី៤០ទៅ៦០% និងមានខ្លះទៀត បាត់អស់ស្ទើរទាំងស្រុង។ចំពោះបញ្ហាសត្វល្អិត សត្វមមាចត្នោត តែងតែកើតជាញឹកញាប់នៅក្នុងតំបន់ស្រុកបារាយណ៍ ជាពិសេសនៅក្នុងភូមិសាស្ត្រ ឃុំទ្រៀល និងឃុំបារាយណ៍ និងសង្កាត់អូរគន្ធរ ក្រុងស្ទឹងសែន មានប្រមាណជិត៣០% ដែលបានរងការខូចខាត ពីសត្វមមាចត្នោត កំពុងបំផ្លាញ កក្តានេះហើយ ធ្វើពួកគាត់ម្នាក់ៗ បាក់ទឹកចិត្តមានការខាតបង់ប្រាក់ចំណូលមួយចំនួនទៅតាមផ្ទៃដីដែលពួកគាត់ធ្វើ ហើយប្រមូលផលស្រូវនារដូវប្រាំងនេះ។
ពួកគាត់បានបន្តថា ដោយមើលឃើញពីបញ្ហា សត្វមមាចត្នោត បានយីយា យ៉ាងខ្លាំងមកលើដំណាំស្រូវរបស់ពួកគាត់នៅឆ្នាំនេះ ទើបធ្វើឲ្យពួកគាត់បង្ខំចិត្តច្រូត ទាំងខ្ចី ក្រែងបានខ្លះៗតែការចុះច្រូតទាំងបង្ខំនេះធ្វើស្រូវមិនគ្រប់ស្តង់ដា ឈ្មួញឲ្យតម្លៃទាប។
ទន្ទឹមគ្នានេះ លោក តែគឹមថេង ជាកសិករគំរូ រស់នៅឃុំទ្រៀល ស្រុកបារាយ បានអះអាងថា រដូវប្រាំងឆ្នាំនេះ លោកបានបង្កបង្កើនតផល ស្រូវប្រាំងចំនួន៣៥ហិកតា តែស្រូវរបស់លោកពុំមានសត្វល្អិត ឬមមាចត្នោតស៊ីបំផ្លាញមួយហិកតាណាឡើយ ពីព្រោះលោកបាន យល់ពីការការពារ និងការប្រើថ្នាំសម្លាប់សត្វល្អិតបានទាន់ពេល ។ លោកបន្តថា បញ្ហាសត្វមមាចត្នោតនេះ គឺកើតឡើងស្ទើរតែរាល់ឆ្នាំគ្រាន់តែតិច ឬច្រើនប៉ុណ្ណោះ តែចំពោះលោកវិញ គឺលោកបានតាមដាន គ្រប់សកភាពសត្វល្អិត ចាប់ពីតាំងស្រូវមានរយៈពេលជិត៣០ថ្ងៃ គឺរូបលោក និងមិត្តភក្តិរបស់លោកបានអនុវត្តន៍ទៅបច្ចកទេស និងការណែនាំពីក្រុមហ៊ុនថ្នាំកសិកម្ម ប្រើសម្រាប់កម្ចាត់សត្វល្អិតយ៉ាងមានប្រសិទ្ធភាព ខណៈដែលសត្វមមាចមិនទាន់មានការវិវត្តន៍ពងកូនច្រើន រួមផ្សំនឹងការប្រុងប្រយ័ត្ន រីឯកសិករខ្វះការប្រុងប្រយ័ត្ន។
យោងតាមរបាយការពីមន្ទីរកសិកម្មខេត្តកំពង់ធំ បានឲ្យដឹងថា ផ្ទៃដីដែលប៉ះពាល់ដោយ សត្វ មមាចត្នោតចំនួន ១៣៥៥ហិកតា ក្នុងនោះ នៅសង្កាត់អូរគន្ធរ ក្រុងស្ទឹងសែនចំនួន៨៥០ហិកតា និងឃុំ២ក្នុងស្រុកបារាយណ៍៥០៥ហិកតា។
វិធានទប់ស្កាត់ បង្ហូទឹកចេញពីស្រែ ប្រើអន្ទាក់ភ្លើងទៅតាមដំណាក់ការលូតលាស់នៃដំណាំស្រូវ បានណែនាំពីប្រភេទថ្នាំ និងសុវត្ថិភាពប្រើប្រាស់ថ្នាំពុលកសិកម្ម និងឲ្យមន្ត្រីចុះផ្សព្វផ្សាយពីការបំផ្លាញ របស់សត្វមមាចត្នោត តាមមូលដ្ឋាន ៕ ប៊ុនរិទ្ធី