ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់រថយន្តក្រឡុកស៊ីម៉ង់ត៍ ដែលបង្ហូរ ស៊ីម៉ង់ត៍លើផ្លូវសាធារណៈ ប៉ះពាល់បរិស្ថាន

ចែករំលែក៖

ខេត្តព្រះសីហនុ៖ សមត្ថកិច្ចនគរបាលក្រុងព្រះសីហនុ សហការជាមួយមន្ត្រីមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បានចាប់ឃាត់រថយន្តក្រឡុកស៊ីម៉ង់ត៍មួយគ្រឿង ពាក់ស្លាកលេខ ព្រះសីហនុ 5A-0548 ដែលបើកបរហូរធ្លាក់ស៊ីម៉ង់ត៍លើផ្លូវយ៉ាងអនាធិបតេយ្យ នៅតាមផ្លូវចំណោតជិតអង្គភាពសាខាកាំកុងត្រូលខេត្ត ក្នុងសង្កាត់លេខ៣ វេលាម៉ោងជាង៧យប់ ថ្ងៃចន្ទ ១រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ពស ២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩។

បើតាមមន្រ្តីនគរបាលក្រុងបញ្ជាក់ថា រថយន្តនេះ សមត្ថកិច្ចតាមចាប់បាននៅតាមផ្លូវម្តុំជិតព្រះរាជដំណាក់ ក្នុងសង្កាត់លេខ៣ រួចហើយបានបញ្ជូនភ្លាមៗ ទៅកាន់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ ដើម្បីចាត់ការបន្ត។

បើតាមមន្ត្រីនគរបាលដដែលអះអាងថា នេះជាការបញ្ជាយ៉ាងដាច់ណាត់ពីលោក យន្ត មីន អភិបាលខេត្តព្រះសីហនុត្រូវតែឃាត់រថយន្តនេះទុកព្រមាន និងពិន័យ ដើម្បីទប់ស្កាត់បាតុភាពអនាធិបតេយ្យនានាទាក់ទង ដល់សណ្តាប់ធ្នាប់បរិស្ថានក្នុងក្រុងព្រះសីហនុជាក្រុងទេសចរណ៍របស់ប្រទេសកម្ពុជា ៕ ឆ្លាម សមុទ្រ


ចែករំលែក៖