ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ចេញទៅឆក់ត្រីតែមិនប្រយ័ត្នបណ្ដាលឲ្យឆក់ខ្លួនឯងស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

បុរសម្នាក់ចេញទៅឆក់ត្រីតែមិនប្រយ័ត្នបណ្ដាលឲ្យឆក់ខ្លួនឯងស្លាប់យ៉ាងអាណោចអាធ័ម

ខេត្តកណ្ដាល៖ បុរសម្នាក់ត្រឡប់មកធ្វើការសំណង់វិញ បានចេញទៅឆក់ត្រីនៅឯបឹងមួយកន្លែង តែមិនប្រយ័ត្ន បណ្ដាលឲ្យឆក់ខ្លួនឯងស្លាប់យ៉ាងអាណោចអាធ័ម បង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង១៨និង៣០នាទី ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ ត្រង់ចំណុចបឹងរោងទូក ស្ថិតក្នុងភូមិពោធិរ៉ាល់ ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល ។

មន្រ្ដីនគរបាលផ្នែកកោសល្យវិច័យស្រុកពញាឮបានឲ្យដឹងថា ជនរងគ្រោះស្លាប់មានឈ្មោះ ហុង ទី ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ មានទីលំនៅភូមិពោធិរ៉ាល់ ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល ។មានប្រពន្ធឈ្មោះ ប្រេះ ចន្នី អាយុ៣៨ឆ្នាំ មុខរបរកសិករ ។

ប្រភពដដែលបន្ដថា តាមការបំភ្លឺរបស់ស្រ្ដីឈ្មោះ ប្រេះ ចន្នី ត្រូវជាប្រពន្ធជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុ កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង១៧និង៣០នាទី ជនរងគ្រោះជាប្តីបានត្រលប់មកពីធ្វើការងារសំណង់វិញ ហើយបានយកឧបករណ៍ឆក់ត្រីចេះពីផ្ទះទៅឆក់ត្រីនៅចំណុចបឹងរោងទូក ក្នុងភូមិកើតហេតុ លុះមកដល់វេលាម៉ោង១៨ស្រាប់តែមានដាក់មងបានឃើញភ្លើងហ្វារពាក់នៅនឹងក្បាលជនរងគ្រោះមិនមានចលនាដោយភ្លឺជាប់រហូត មានការងឿងឆ្ងល់ ភ្លាមនោះក៍ដើរទៅមើល ក៏ស្រាប់តែឃើញជនរងគ្រោះស្លាប់នៅក្នុងទឹក រួចបានប្រាប់ដំណឹងក្រុមគ្រួសារយកសពជនរងគ្រោះមកផ្ទះ និងរាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំបាតដើម្បីធ្វើការពិនិត្យ ។

បន្ទាប់ពីនគរបាលប៉ុស្ដិ៍ភ្នំបាតទទួលបានព័ត៌មានខាងលើ ភ្លាមនោះបានបន្ដទៅនគរបាលជំនាញស្រុក ដោយសហការជាមួយអាជ្ញាធរមូលដ្ឋាន ,គ្រូពេទ្យឃុំ និងក្រុមគ្រួសារធ្វើការពិនិត្យសាកសពរួចបានបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារឆក់ត្រីបណ្ដាលឲ្យឆក់ខ្លួនឯងស្លាប់ប្រាកដមែន ពុំមានជាប់ពាក់ព័ន្ធទៅនឹងបទល្មើសអ្វីផ្សេងឡើយ ។

ក្រោយពីធ្វើការពិនិត្យចប់ នគរបាលជំនាញបានប្រគល់សាកសពទៅឲ្យក្រុមគ្រួសារជនរងគ្រោះយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ស្អាងជ័យ


ចែករំលែក៖