ព័ត៌មានទាន់ហេតុការណ៍៖

ស្រុកថាឡាបរីវ៉ាត់ បទល្មើសគ្រឿងចក្រឈូសឆាយ កាយដីព្រៃខុសច្បាប់ កំពុងតែកើតឡើងពេញបន្ទុក គ្មានអ្នកបង្ក្រាប

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ គ្រឿងចក្រជាច្រើនកំពុងសម្រុកចូលទឹកដី ស្រុកថាឡាបរិវ៉ាត់ ដើម្បីឈូសឆាយកាយដីព្រៃអត់ច្បាប់ យ៉ាងអនាធិបតេយ្យជាច្រើនកន្លែង ព្រោះមានអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញរដ្ឋបាលព្រៃឈើស្រុក ជាអ្នកបើកដៃ និងនៅពីក្រោយបទល្មើសទាំងនេះ ដែលស្ថិតនៅតាមភូមិ ផ្សេងៗគ្នា ជាច្រើនកន្លែង នៅក្នុងឃុំសំអាង ឃុំអន្លុងជ្រៃ ឃុំអន្លុងភេ និងឃុំចំការលើ បច្ចុប្បន្ននេះកំពុង តែកើតមានឡើងពេញបន្ទុក តាំងពីជំនាន់អតីតអភិបាលស្រុកចាស់ ផ្លាស់មកអភិបាលស្រុកថ្មី ក៏នៅតែលំហូរគ្រឿងចក្រចូលឥតឈប់ឈរ និងធ្វើសកម្មភាពជារៀងរាល់ថ្ងៃ ។

ប្រភពពីពលរដ្ឋបានលួចបង្ហើបប្រាប់ថាៈ បច្ចុប្បន្ននេះមានគ្រឿងចក្រគ្រប់ប្រភេទ មានអាអ៊ីច អាប៊ុល និងត្រាក់ទ័រ កំពុងតែធ្វើសកម្មភាពឈូសឆាយ រុញ និងកាយដីព្រៃរបស់រដ្ឋ ដីសហគមន៍ ជាកម្មសិទ្ធិ ដីខ្លះជាដីព្រៃសុទ្ធ ភូមិឃុំ ក៏អាច ចេញជាលិខិតកាន់កាប់ដី ឲ្យបុគ្គលអ្នកមានអំណាច មានលុយ ឲ្យទៅជាដីស្របច្បាប់ ដោយប្រើរូបភាព ជួលពលរដ្ឋកាប់ផ្តួលរលំ ដើមឈើធំ តូច អស់ រួចយកគ្រឿងចក្រមកឈូសឆាយ កាយគល់ជាក្រោយ រួចម្ចាស់គ្រឿងចក្រឆ្លើយថា ជាដីគេមានច្បាប់ អស់ហើយ ទើបគេហ៊ានយកគ្រឿងចក្រនោះ មកឈូសឆាយបាន ។

ប្រភពដដែលបានបន្តថាៈ ដែលគ្រឿងចក្រនេះ យកចូលមកបាន ហើយដែលហ៊ានធ្វើសកម្មភាព បានរាល់ថ្ងៃនេះ ក៏ដោយសារមាននាយផ្នែករដ្ឋបាលព្រៃឈើស្រុក និងនាយសង្កាត់រដ្ឋបាលព្រៃឈើឃុំ ជាពិសេសអាជ្ញាធរស្រុកតែម្តង ដែលជាអ្នកដើរតួយ៉ាងសំខាន់ នៅពីក្រោយខ្នង សហការគ្នាយ៉ាងល្អ ទើបបទល្មើសគ្រឿងចក្រទាំងនោះ ដំណើរការទៅបានយ៉ាងរលូន ចំណែកប្រជាពលរដ្ឋក្រីក្រ កាប់ព្រៃ និងកាំបិតពូថៅ ជាលក្ខណៈគ្រួសារ ដើម្បីយកដីប្រកប របរកសិកម្មចិញ្ចឹមគ្រួសារ បន្តិចបន្តួច ចោទពួកគាត់ថា កាប់ព្រៃខុសច្បាប់ ចាប់ចងគ្នាដាក់គុកដាក់ច្រវាក់ ខ្លះនៅជាប់ក្នុងពន្ធនាគារនៅឡើយ ក៏មាន ព្រោះតែចង់បានដីប្រកបរបរដាំដំណាំកសិកម្មចិញ្ចឹមគ្រួសារ ។

សម្រាប់អ្នកមានលុយ មានអំណាច គេពុំដែលឃើញច្បាប់ចាប់ ឬបង្ក្រាប កសាងសំណុំរឿងទៅតុលាការណាម្តងទេ ខ្លាំងណាស់ គ្រាន់តែទៅជួបមេឈ្មួញ ធ្វើអាជីវកម្មទាំងនេះ ឬហៅមកសួរ តិចតួច ឬក៏នាំពាក់ព័ន្ធបញ្ហាលុយកាក់ រួចឲ្យទៅវិញ ហើយឲ្យធ្វើអាជីវកម្មធម្មតា ធ្វើហាក់ដូចជាគ្មានរឿងអ្វីកើតឡើងសោះ ក្នុងទឹកដីដែលខ្លួនកំពុងគ្រប់គ្រង ។

ជុំវិញរឿងនេះ ភ្នាក់ងារ កាសែតនគវត្ត មិនអាចសុំការបំភ្លឺពីលោក សន សារឿន អភិបាលនៃគណៈអភិបាលស្រុក ថាឡាបរិវ៉ាត់បានទេ បញ្ហានេះ ទូរស័ព្ទខលចូលលោកឆ្លើយថា ជាប់រវល់ប្រជុំ ។

ចំណែកលោកវា សុខា នាយផ្នែករដ្ឋបាលព្រៃឈើស្រុក ថាឡាបរិវ៉ាត់ ក៏មិនអាចសុំការបំភ្លឺបានដែរ នៅពេលនេះ ព្រោះទូរស័ព្ទខលចូលពីរដង តែគ្មានអ្នកទទួល ។

គួររំលឹកថា ខណៈគ្រឿងចក្រកំពុងធ្វើសកម្មភាព ឈូសឆាយរុញដីព្រៃខុសច្បាប់ ស្ថិតនៅក្នុងឃុំថាឡា ស្រុកថាឡាបរិវ៉ាត់ ដែលមានម្ចាស់ ឈ្មោះ ធី និយាយថាៈ ដែលគេហ៊ានមកធ្វើនេះ ព្រោះដីនេះ គេមានប័ណ្ណកាន់កាប់ ភូមិ ឃុំ អស់ហើយ ហើយម្យ៉ាងទៀត គេក៏បានប្រាប់ ស្រុក និងមេព្រៃអស់ហើយដែរ ទើបគេហ៊ានធ្វើ ។

តែក្រោយពេលគេនិយាយចប់ហើយ ស្រាប់តែមានទូរស័ព្ទរោទិ៍ ហើយគេក៏បញ្ជាឲ្យតៃកុងបើកគ្រឿងចក្រនោះ ចេញគេចទៅបាត់ដោយសុវត្ថិភាព នេះហើយជាទម្លាប់ឈ្មួញអាងខ្នងជំនាញ និងអាជ្ញាធរ ថ្នូរនៃការមិនបង្ក្រាប គ្រាន់តែប្រាប់ ឲ្យម្ចាស់គ្រឿងចក្រ ឬក៏ឈ្មួញឲ្យដកថយ ឬគេចខ្លួនសិនទៅ ពេលមានអ្នកសារព័ត៌មានទៅជួប ចៀងវៀង ជំនាញចុះមកបង្ក្រាប ក្រែងមើលមុខគ្នាមិនត្រង់ ព្រោះធ្លាប់សែនឲ្យហើយ បើកាច់យកទៀត ដូចមិនសំ ៕ មាស សុផាត


ចែករំលែក៖