ចិន៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាវិលមកកាន់មាតុប្រទេសវិញ បន្ទាប់ពីបានបញ្ចប់ទស្សនកិច្ចផ្លូវការ៣ថ្ងៃនៅប្រទេសចិន ។
សម្តេចតេជោថ្លែងនៅលើបណ្តាញសង្គមថា៖ «នៅព្រឹកថ្ងៃទី ២៣ មករា នេះ ខ្ញុំនឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាវិលមកកាន់មាតុប្រទេសវិញ បន្ទាប់ពីបានបញ្ចប់ទស្សនកិច្ចផ្លូវការ៣ថ្ងៃនៅប្រទេសចិន។ នៅក្នុងដំណើទស្សនកិច្ចនេះ ខ្ញុំបានជួបពិភាក្សាការងារជាមួយ លោកប្រធានាធិបតីចិន ស៊ី ជិនពីង, លោកនាយករដ្ឋមន្រ្តី លី ឃឺឈាង និង លោកប្រធានរដ្ឋសភា វ៉ាង យ៉ាង ដែលបានរិតចំណងមិត្តភាពប្រទេសយើងទាំងពីរអោយកាន់តែល្អរឹងមាំថែមទៀត ជាពិសេសគឺបានពង្រឹងនិងពង្រីកនូវកិច្ចសហប្រតិបត្តិលើវិស័យសំខាន់ៗដូចជា កសិកម្ម, ពាណិជ្ជកម្ម ,វិនិយោគ, ទេសចរណ៍ និងហេដ្ឋារចនាសម្ព័ន្ឋជាដើម ។ កម្ពុជាបានត្រៀមខ្លួនជាស្រេចរួចហើយ ដើម្បីជំរុញគម្រោងផ្លូវ១ខ្សែក្រវាត់១ជាមួយប្រទេសចិនអោយបានជោគជ័យ។ ទន្ទឹមនឹងនេះដែរ ប្រទេសយើងទាំងពីនឹងខិតខំជំរុញទំហំពាណិជ្ជកម្មអោយឡើងដល់១០ពាន់លានដុល្លារនៅឆ្នាំ ២០២៣។
នៅក្នុងទស្សនកិច្ចលើកនេះ រដ្ឋាភិបាលប្រទេសចិនជាបងប្អូន បានផ្តល់នូវជំនួយជិត៦០០លានដុល្លារ ហើយបានតំឡើងកូតាអង្ករចេញមកចិនរហូតដល់៤សែនតោនដល់កម្ពុជាទៀតផង។ កម្ពុជានិងចិន គឺគោរពស្រឡាញ់គ្នាដូចជាបងប្អូន។ ការរីកចម្រើនរបស់កម្ពុជាមកទល់សព្វថ្ងៃ គឺមិនអាចកាត់ផ្តាច់ចេញពីទំនាក់ទំនងដ៏ល្អ និងការចូលរួមរបស់មិត្តចិនបានឡើយ។
ក្នុងនាមប្រជាពលរដ្ឋ និងប្រទេសកម្ពុជា និងក្នុងនាមខ្ញុំផ្ទាល់ សូមអរគុណរដ្ឋាភិបាលចិន និងប្រជាជនចិន ដែលជានិច្ចជាកាលគឺតែងតែយកចិត្តទុកដាក់ជួយដល់កម្ពុជាអោយបានរីកចម្រើនមកទល់សព្វថ្ងៃ។
សូមជូនពរបងប្អូនជនរួមជាតិ ជួបតែសំណាងល្អគ្រប់ៗគ្នា»៕