ប្រតិបត្តិការខាងលើធ្វើឡើង នៅវេលាម៉ោង២ និង៣០នាទី រសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិគក សង្កាត់ផ្ទះព្រៃ ក្រុង.ខេត្តពោធិ៍សាត់។
នគរបាលនៃអធិការដ្ឋាក្រុងពោធិ៍សាត់បានឲ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យរូបនេះ គឺអនុវត្តឡើងតាមបណ្ដឹងរបស់ឈ្មោះ ឡេង ចន្នី ភេទស្រី អាយុ ៦២ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិគក សង្កាត់ផ្ទះព្រៃ ក្រុង.ខេត្តពោធិ៍សាត់ ជាមួយគ្នានឹងជនសង្ស័យដែរ ។ ដោយក្នុងបណ្ដឹងខាងលើចោទជនរូបនេះ បានលួចយកខ្សែដៃប្លាកទីនទម្ងន់ ៦,៨២ជី នៅគ្រាដែលដើមចោទរវល់ទៅផ្សារ ។
ក្នុងបណ្ដឹងខាងលើបន្តថា ជនសង្ស័យឈ្មោះ ស្រៀង វណ្ណៈ ហៅណុយ ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.សង្កាត់ជាមួយគ្នានឹងដើមចោទដែរនើ នៅវេលាម៉ោងប្រមាណជាង៨ព្រឹក ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ ជនសង្ស័យរូបនេះបានលបចូលក្រោមផ្ទះដើមចោទ (ឡេង ចន្នី) លួចយកខ្សែដៃប្លាកទីនដូចបានរៀបរាប់ ខណៈគាត់រវល់ទៅផ្សារដោយកូននៅចាំផ្ទះ ។
បណ្ដឹងដដែលបន្តទៀតថា លុះនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ ដដែល ភាគីចុងចោទជាជនសង្ស័យបានឆ្លើយសារភាព និងសងគិតជាលុយចំនួន ២៣,០០០០រៀល ដោយមានកិច្ចសន្យាទៅដើមចោទ(ឡេង ចន្នី) ប៉ុន្តែជនសង្ស័យរូបនេះបានព្យាយាមគេចវេសរហូត(មិនព្រមសង) ទើបសម្រេចដាក់ពាក្យបណ្ដឹងបែបនេះតែម្ដងទៅ។
ករណីជនសង្ស័យជាប់ចោទបាននាំយកមកបន្តនីតិវិធី នៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ រហូតដល់ម៉ោងស្ថិតក្នុងការសាកសួរ និងកំពុងចំណាត់ការនៅឡើយនោះដែរ ៕ ប៉ឹម ពិន