ភ្នំពេញ៖ អាជ្ញាធរខណ្ឌច្បារអំពៅ ដាក់ឱសានវាត២អាទិត្យ ចំពោះអ្នករំលោភចិញ្ចើមផ្លូវដោយខុសច្បាប់អមសងខាងបណ្តោយផ្លូវជាតិលេខ១ ។ ការកំណត់ពេលវេលាឲ្យអ្នករំលោភចិញ្ចើមផ្លូវធ្វើការុះរើចេញនេះធ្វើឡើង ខណៈ អភិបាលរងខណ្ឌច្បារអំពៅ លោក រស់ សុភ័ក្ត បានបន្ដចុះផ្សព្វផ្សាយ ទៅប្រជាពលរដ្ឋកាលពីថ្ងៃព្រហស្បតិ៏ ៤រោច ខែបុស្ស ឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ ត្រូវ និងថ្ងៃទី២៤ មករា ឆ្នាំ២០១៩ បានដឹកនាំកម្លាំងចំរុះ ចុះធ្វើរដ្ឋបាលដើម្បីផ្សព្វផ្សាយជូនដំណឹងដល់ប្រជាពលរដ្ឋមានទីលំនៅអមតាមបណ្តោយផ្លូវជាតិលេខមួយចាប់ពីចំណុចសង្កាត់ វាលស្បូវ ។
លោក រស់ សុភ័ក្ត បានបន្តឲ្យដឹងថា៖ ការចុះផ្សព្វផ្សាយជូនដំណឹងនៅព្រឹកនេះក៏មានការធ្វើកំណត់ហេតុដើម្បីឲ្យអ្នកដែលរំលោភយកចិញ្ចើមផ្លូវដោយខុសច្បាប់ធ្វើការផ្តិតមេដៃទទួលដឹងលឺដោយទុករយៈពេល២អាទិត្យដើម្បីធ្វើការរុះរើទីតាំងសាងសង់ និងតូបដាក់លក់រួមទាំងការតសំយ៉ាប់ និងផ្ទាំងស្លាកយ៉ីហោផ្សេងៗចេញផងដែរ ។
លោកបន្តថា៖ ក្នុងនាមគណៈបញ្ជាការឯកភាពខណ្ឌ និងមានវិធានការ រដ្ឋបាលចំពោះអ្នក រំលោភចិញ្ចើមផ្លូវដោយខុសច្បាប់នៅក្រោយឱសានវាតចូលមកដល់ ដោយគ្មានការលើកលែងឡើង ។ ជាមួយគ្នានោះផងដែរលោក រស់ សុភ័ក្ត ក៏បានសំណូមពរឲ្យប្រជាពលរដ្ឋ ដែលតែងតែរំលោភយកចិញ្ចើមផ្លូវសាធារណៈ ចូលរួមសហការជាមួយអាជ្ញាធរ ធ្វើការរុះរើ ដោយស្ម័គ្រចិត្ត ដើម្បីសោភណ្ឌភាពទីក្រុង និងចូលរួមក្នុងការកាត់បន្ថយការកកស្ទះចរាចរណ៍ និងឈានទៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផងដែរ ។ លោកអភិបាលរងខណ្ឌបានបន្ថែមឲ្យ ដឹងថាក្នុងនាមជាអាជ្ញាធរ និងបន្តអនុវត្តវិធានការនេះជារៀងរហូតដរាបណាអាចរំដោះ យកចិញ្ចើមផ្លូវអមបណ្តោយផ្លូវជាតិលេខ១មកវិញទាំងស្រុង ។
សូមបញ្ជាក់ថា៖ រដ្ឋបាលរាជធានីភ្នំពេញកាលពីថ្ងៃទី០៧ ធ្នូថ្មីៗនេះបានចេញសេចក្តីណែនាំស្តីពីការរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវ និងការប្រើប្រាស់ចិញ្ចើមផ្លូវសាធារណៈទាំងអស់ ក្នុងភូមិសាស្ត្ររាជធានីដោយទុករយៈពេលមួយខែដើម្បីឲ្យម្ចាស់ទីតាំង ម្ចាស់អាជីវកម្ម ម្ចាស់ការដ្ឋាន អ្នកគ្រប់គ្រងមន្ទីរពេទ្យ គ្រឺះស្ថានអប់រំ អគារសាធារណៈវិស័យឯកជន អ្នកប្រើប្រាស់ផ្លូវថ្នល់ទាំងអស់ ដើម្បីធ្វើការកែសំរួលទីតាំងរបស់ខ្លួនឲ្យបានត្រឹមត្រូវតាមខ្លឹមសារខាងលើ ក្នុងសេចក្តីណែនាំក៏បានឲ្យដឹងទៀតថាក្នុងករណីដែលម្ចាស់ទីតាំងមិនចូលរួមអនុវត្តតាមខ្លឹមសារនៃសេចក្តីណែនាំ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១២ ត្រូវចាត់វិធានការបិទអាជីវកម្មក្នុងករណីចាំបាច់ត្រូវចាត់វិធានការច្បាប់ជាធរមាន៕